លទ្ធផលបើកលីគរដូវកាលថ្មី ខណៈប៉ូលិស ឈរកំពូលតារាងពិន្ទុសប្ដាហ៍ទី១

នូ មករា February 20, 2017


ភ្នំពេញ៖ បើកឆាករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) កំពុងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្នប្រចាំសប្ដាហ៍ទី១ ជើងទី១ ក្នុងនាមក្រុមរកបានគ្រាប់បាល់ជ័យជម្នះច្រើនជាងគេ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ដោយលទ្ធផល ៤-០ ខណៈក្រុមភ្នំពេញក្រោនឈរលេខ២ ក្រោយលត់ក្រុមអាស៊ីអឺរ៉ុបក្រៅទឹកដីដោយលទ្ធផល ៣-០ កាលពីម្សិលមិញ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមប៉ូលិស គឺធ្វើសម្រេចដោយកីឡាករ នួន បូរី, ស៊ុន វណ្ណដេត, Baldwin Afanwi និងកីឡាករ Sangmin ម្នាក់ ១គ្រាប់ៗ ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺការប្រកួតបើកឆាកនេះ ក្រុមម្ចាស់ផ្ទះវេស្ទើន ក៏បានបង្ហាញទម្រង់លេងដ៏ល្អមួយខុសប្លែកពីឆ្នាំមុនៗ និងមានឱកាសស៊ុតជាច្រើនលើកផងដែរ ប៉ុន្ដែមិនអាចទម្លាយរបាំងការពារចុងក្រោយរបស់ក្រុមប៉ូលិសបានឡើយ ។

ស្រដៀងគ្នានេះដែរ ជ័យជម្នះរបស់អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន លើក្រុមអាស៊ីអឺរ៉ុប ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ ។ ពិសេសក្រុមអាស៊ីអឺរ៉ុប ដែលទើបនាំចូលកីឡាករមានសក្ដានុពលជាច្រើន តែការបង្ហាញទម្រង់ហាក់មិនទាន់ស៊ីចង្វាក់គ្នានៅឡើយ ។ យ៉ាងណាមិញក្រុមភ្នំពេញក្រោន ដែលសម្បូរទៅដោយធនធានកីឡាករក្មេង បានព្យាយាមវាយសម្រុករហូតបាន ៣គ្រាប់ដោយកីឡាករ Boysen Shane ២គ្រាប់ និងកីឡាករ អ៊ិន សូដាវីត ១គ្រាប់ ដើម្បីទទួលបាន ៣ពិន្ទុពេញតែម្ដង ។

សម្រាប់លទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុម Cambodian Tiger ប្រកួតស្មើក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដោយលទ្ធផល ១-១ នៅកីឡដ្ឋានខេត្តសៀមរាប ។ ក្រុមណាហ្គាវើល យកឈ្នះក្រុមចំណូលថ្មីអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តស្វាយរៀង និងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះក្រុមឡើងមកពីលីគលំដាប់ទី២ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-១ ដើម្បីទទួលបាន ៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មីរៀងៗខ្លួន លើកលែងតែក្រុម Cambodian Tiger និងក្រុមស៊ីម៉ាក់ប៉ុណ្ណោះ ដែលចែកគ្នាម្នាក់ ១ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត