កីឡាករកម្ពុជា ៥ រូប នឹងត្រូវតទល់ជាមួយអ្នកប្រដាល់ថៃលើសង្វៀនទាំង ២ របស់ CNC នៅចុងសប្តាហ៍នេះ

នូ មករា February 17, 2017


ភ្នំពេញ៖ លើសង្វៀនទាំង២របស់ CNC ចុងសប្ដាហ៍នេះមានការប្រកួតជាមិត្តភាពជាមួយថៃចំនួន៥គូគឺថ្ងៃទី១៨ មាន៣គូ និង ១៩ ខែកុម្ភៈមាន ២គូ ។ សម្រាប់ថ្ងៃទី១៨កុម្ភៈដែលមាន៣គូនោះអ្នកប្រដាល់ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់ថៃ Khundan Por Singdam ដោយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ សារ៉ាជាអ្នកប្រដាល់ចូលចិត្តលេងកែងតែកែងរបស់គេវ៉ៃរបៀបផ្សងព្រេងប៉ុណ្ណោះ ហើយអ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៣៧ដងឈ្នះ៣០ដង ចាញ់៥ដង និង ស្មើពិន្ទុ ២ ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន១៨ដង ។ ចំពោះអ្នកប្រដាល់ថៃ Khundan Por Singdam គេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែគេជាអ្នកប្រដាល់មួយរូបមិនអន់ឡើយ និងមានប្រវត្តិប្រកួតចំនួន ៨៥ដង ឈ្នះ៦៥ដង ចាញ់១៨ដង និង ស្មើពិន្ទុ ២ ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន៨ដង ។ បើសុទ្ធតែខ្លាំងដូចគ្នាបែបនេះនរណាជាអ្នកឈ្នះ ?

ចំណែក សារឿន ចាន់ មកពីក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃ Phirpayak  Phitsurat ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ សារឿន ចាន់ មួយរយៈនេះការប្រកួតរបស់គេជួបបរាជ័យច្រើនជាងឈ្នះ និងមានប្រវត្តិប្រកួតចំនួន៩៤ដងឈ្នះ៧០ដង ចាញ់២០ដង និងស្មើពិន្ទុ៤ដងក្រៅពីនោះធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន១៧ដង ។ ចំពោះអ្នកប្រដាល់ថៃ Phirpayak  Phitsurat វិញមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧០ដង ចាញ់២០ដង ស្មើពិន្ទុ៥ដងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ 

រីឯឡុង សុភី របស់ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ Keukkong R.Yasothon ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សុភីមានប្រវត្តិប្រកួតចំនួន១២១ដង ឈ្នះ៩២ដង ចាញ់២៦ដង ស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៤៤ដង ។ ចំពោះអ្នកប្រដាល់ថៃ Keukkong R.Yasothon វិញមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦០ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ តើសុភីអាចសាងជ័យជម្នះបានឬទេ ?

ដោយឡែកនៅលើសង្វៀន CNC នាថ្ងៃទី១៩កុម្ភៈវិញនោះកីឡាករ ថា សារុន មកពីក្លិបពន្លឺណេអុងនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Jemsekhan Sor Sochhat ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈដែល ផៃ គឹមហឿត របស់ក្លិបគីសែមានរិទ្ធត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃKaomaong Kon ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់