លោកវ៉ាត់ ចំរើន៖ ២០១៧ គឺជាឆ្នាំដែលយើងត្រូវអភិវឌ្ឍបច្ចេកទេសត្រៀមស៊ីហ្គេម ២០២៣!

នូ មករា February 16, 2017


ភ្នំពេញ៖ ថ្លែងក្នុងសន្និបាតមួយកាលពីពេលថ្មីៗនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ទៅកាន់មន្ត្រីសហព័ន្ធនានាថា នៅសល់តែ៦ឆ្នាំទៀតប៉ុណ្ណោះកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមលើកទី៣២ ឆ្នាំ២០២៣ហើយ ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១៧នេះ គ្រប់បណ្ដាអត្តពលិកទាំងអស់ក៏កំពុងធ្វើការហ្វឹកហាត់ និងអភិវឌ្ឍន៍ នូវបច្ចេកទេសរបស់ខ្លួនយ៉ាងខ្លាំងដែរក្នុងការត្រៀមចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីផងដែរ។

លោកបានថ្លែងបន្តថា៖ «រាល់វិបត្តិនានាដែលជាបញ្ហាផ្ទៃក្នុងរបស់សហព័ន្ធជាតិ ត្រូវតែខិតខំបញ្ចប់ឲ្យបាននៅដំណាច់ឆ្នាំ២០១៦ ដើម្បីឆ្នាំ២០១៧ ទាំងអស់គ្នាសម្លឹងឆ្ពោះទៅអភិវឌ្ឍបច្ចេកទេសសម្រាប់ត្រៀមគោលដៅធំរបស់កម្ពុជាគឺស៊ីហ្គេមឆ្នាំ២០២៣ ហើយទស្សនវិស័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានយកព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ឆ្នាំ២០១៧ នេះធ្វើជាខ្នាត សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិកកម្ពុជាដើម្បីត្រៀមសម្រាប់ឆ្នាំ២០២៣។»

អគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា៖ «មកដល់ពេលនេះសហព័ន្ធជាតិខ្លះ នៅមិនបានខិតខំអភិវឌ្ឍសហព័ន្ធរបស់ខ្លួនទេ លុះពេលមានព្រឹត្តិការណ៍ប្រកួត នៅក្រៅប្រទេសគ្មានឈ្មោះសហព័ន្ធខ្លួនចេញទៅប្រកួតនោះ ក៏ក្លាយជាមានកំហឹងហើយចាប់ផ្ដើមឆ្វេចឆ្វាចបញ្ចេញកំហឹងតាមបណ្ដាញសង្គមហ្វេសប៊ុក ។ នេះជាទម្លាប់មិនល្អមួយ ឬអាចនិយាយបានថា អ្នកកីឡាដែលគ្មានចិត្តជាកីឡា ហើយឥរិយាបទបែបនេះគួរតែត្រូវផ្លាស់ប្ដូរហើយព្រោះនេះជាឆ្នាំ២០១៧ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខ្វល់ខ្វាយលើការអភិវឌ្ឍន៍បច្ចេកទេសជាសំខាន់ដោយពីមួយឆ្នាំទៅមួយឆ្នាំបើធ្វើតែការងារដដែលៗនឹងគ្មានការរីកចម្រើនមិនឃើញឡើយ ។»

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រសួងអប់រំយុវជន និងកីឡា បានធ្វើការប្រមូលផ្ដុំកីឡាចំនួន២៧ប្រភេទដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA Games ដែលក្នុងនោះមានកីឡាករចំនួន ២២៦នាក់ កីឡាការិនី ៦២នាក់គ្រូបង្វឹក និងគ្រូជំនួយ ៦៥នាក់ក្រោមការត្រួតពិនិត្យរបស់អនុរក្សចំនួន២១នាក់ ការប្រមូលផ្ដុំដែលមានរយៈពេល៦ខែដែលបានចាប់ផ្ដើមនាថ្ងៃទី១៦កុម្ភៈនេះដល់ថ្ងៃទី១៥សីហាឆ្នាំ២០១៧ ។ ក្រៅពីការប្រមូលផ្ដុំសម្រាប់ត្រៀមចូលរួម SEA Games លើកទី២៩នៅម៉ាឡេស៊ីនោះ កម្ពុជាក៏បានអភិវឌ្ឍបច្ចេកទេសត្រៀមចូលរួមប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងនៅទីក្រុងអាប៊ីជេននៃប្រទេសកូតឌីវ័រ  ចូលរួមប្រកួតកីឡាយុវជនអាស៊ីអាគ្នេយ៍លើកទី៣នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី និងការប្រកួតសិល្បៈយុទ្ធគុន Asian Games ក្នុងសាលលើកទី ៤នៅទីក្រុងអាសស្ដាល់បាតប្រទេសគួកមេនីស្ថានផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត