ពានរង្វាន់ CAMBODIA Sports Award ឆ្នាំនេះ នឹងមានលក្ខណៈខុសគ្នាឆ្ងាយពីឆ្នាំមុន!

នូ មករា February 15, 2017


ភ្នំពេញ៖ នេះជាឆ្នាំទី២ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយនឹងសណ្ឋាគារណាហ្គាវើលរៀបចំកម្មវិធីរាត្រីស្រមោលស ឬហៅថា ពិធីប្រគល់ពានរង្វាន់អត្តពលិកឆ្នើម គ្រូបង្វឹកឆ្នើម និង អ្នកថតរូបកីឡាឆ្នើមៗ ក្នុងអំឡុងឆ្នាំ២០១៦ ( CAMBODIA Sports Award ) ខណៈអ្នកដែលឈ្នះពានកាលពីឆ្នាំមុន នោះប្រហែលជាមិនបានឈ្នះពាននេះម្ដងទៀតនោះទេដោយសារតែលើកនេះមានការរៀបចំខុសប្លែកពីឆ្នាំមុន។ អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាលោកវ៉ាត់ ចំរើន បានឱ្យដឹងថា ឆ្នាំនេះមានលក្ខណៈខុសគ្នាឆ្ងាយទៅនឹងការរៀបចំការពីឆ្នាំមុនដោយសារឆ្នាំមុន យើងមានរៀបចំជាការបោះឆ្នោតតាមប្រព័ន្ធ Facebook ដើម្បីយកឈ្នះជាពានប្រជាប្រិយភាពរបស់អត្តពលិក គ្រូបង្វឹក និង អ្នកថតរូប  ប៉ុន្តែនៅឆ្នាំនេះយើងបានរៀបចំជាលក្ខណៈ កីឡាករ កីឡាការិនីឆ្នើមដែលបានខិតខំប្រឹងប្រែងប្រជែងយកមេដាយពីឆាកអន្តរជាតិមកជូនជាតិមាតុភូមិក្នុងអំឡុងឆ្នាំ ២០១៦កន្លងទៅ និងមានការស្ទុង់មតិតាមបណ្ដាសហព័ន្ធកីឡាជាតិ រួមទាំងមហាជនផងដែរ។
លោកបន្តថា៖ «សម្រាប់ម្ចាស់​ជ័យលាភី​ពានរង្វាន់ CAMBODIA Sports Award លើកទី២នេះនឹងធ្វើការប្រកួតជាផ្លូវការនាខែក្រោយនេះនៅសណ្ឋាគារ​ណាហ្គា​វើ​ល ដោយមាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, ឯកឧត្តម​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​,រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ហើយការ​បង្កើត​ពាន CAMBODIA Sports Award នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​គ្រប់​ជំនាន់​ឲ្យ​ខិតខំ​ប្រឹងប្រែង ដើម្បី​មាន​ឱកាស​ដណ្ដើម​ស្នាដៃ​ជូន​ជាតិ​បន្ត​ទៀត ជាពិសេស​ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់លើ​វិស័យ​កីឡា​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ហើយលោក​ជឿ​ជាក់​ថាការធ្វើបែបនេះនៅឆ្នាំៗក្រោយនោះអត្ត​ព​លិ​ក​គ្រប់​ប្រភេទ​កីឡានឹង​ត្រៀមខ្លួន​បាន​កាន់តែ​ល្អបន្ថែម​ទៀតដើម្បី​ប្រកួត​ដណ្ដើមយក​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ប្រទេស​កម្ពុជា» ។គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៦ អ្នកដែលបានឈ្នះពាន CAMBODIA Sports Award 2015 នោះ មានកីឡាករ សែន រ៉ា​ឌី ដែល​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក ខណៈ​កីឡាការិនី​ឆ្នើម​បាន​ទៅ​លោកស្រី កែ ឡេងដែល​ជា​អតីត​ម្ចាស់​មេដាយមាស​ពិភពលោក​ផ្នែក​កីឡា​ប៉េតង់ ទទួល​បាន​ប្រាក់​រង្វាន់ ៣​ពាន់​ដុល្លារ​ដូចគ្នា​។ រីឯ​ពានរង្វាន់​កីឡាករ​ជន​ពិការ​ឆ្នើម​បាន​ទៅ​កីឡាករ បុ​ង ហុង ខណៈ​កីឡាការិនី​ជន​ពិការ​ឆ្នើម​បាន​ទៅ​កីឡាការិនី ធី​នសេង​ហុន គឺ​ទទួល​បាន​ប្រាក់​រង្វាន់ ១.៥០០​ដុល្លារ​ដូចគ្នា។​ ដោយឡែក​ម្ចាស់​ពានរង្វាន់​អត្ត​ព​លិ​ក​មាន​ប្រជាប្រិយភាព​បំផុត​គឺ​បាន​ទៅ​កីឡាការិនី ស៊ន សៀវ​ម៉ីម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី រីឯ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​បាន​ទៅ​លោក សុខ ម៉ុង ដែល​ជា​គ្រូបង្វឹក​ផ្នែក​ប៉េតង់​ទទួល​បាន​ប្រាក់​រង្វាន់ ២.០០០​ដុល្លារ​ដូចគ្នា​។ គួរបញ្ជាក់ថា ប្រាក់រង្វាន់ជាង២ម៉ឺនដុល្លារដែលនឹងត្រូវផ្ដល់ក្នុងឆ្នាំ២០១៧ នាខែក្រោយនេះគឺទទួលបានការឧបត្ថម្ភទាំងស្រុងពីសណ្ឋាគារណាហ្គាវើល៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត