ឃីម បូរ៉ា និង វេង សុភ័ក្ត្រ នរណាធ្លាក់ចេញនៅជុំទី ៣ នេះ

នូ មករា February 17, 2017


ភ្នំពេញ: ថ្ងៃទី ១៨ កុម្ភៈ នេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie នឹងឈានដល់ការប្រកួតបញ្ចប់ជុំទី ៣ ហើយ ។ សម្រាប់គូប្រកួតដែលគេគិតថាបើនរណាហាលអាវគួរឲ្យស្ដាយនោះគឺការជួបគ្នារវាងវេង សុភ័ក្ត្រ ក្លិបទ័ព ឆ័ត្រយោង ៩១១ ជាមួយអ្នកប្រដាល់ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ពួកគេជាអ្នកខ្លាំងដូចគ្នាហើយ គូនេះគេជឿថានឹងប្រកួតគ្នា ៥ ទឹកមិនតែប៉ុណ្ណោះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាឈឺសាច់ទ្រមខ្លួនដូចគ្នាមិន ខានឡើយ ។

សម្រាប់ សុភ័ក្ ត្រកាលប្រកួតជម្រុះនៅជុំទី ១ ដែលមានអ្នកប្រដាល់ចំនួន ៣២ នាក់នោះគេផ្ដួលអ្នកប្រដាល់ សុខ ទូ ក្លិបឃ្លាំងមឿងកីឡា ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ នៅជុំទី២ដែលនៅសល់អ្នកប្រដាល់ចំនួន១៦នាក់នោះសុភ័ក្ត្រ ផ្ដួលអ្នកប្រដាល់សំណាង សម្បត្តិក្លិបដួងសែនសុខគុនខ្មែរឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ដែរ ។ ចំពោះឃីម បូរ៉ាវិញនៅជុំទី ១គេបានផ្ដួលអ្នកប្រដាល់ជើងខ្លាំងព្រីម ព្រេមក្លិបបាគងមានរិទ្ធខេត្តសៀមរាបឲ្យ លើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ជប់ទឹកទី ២ ។ ហើយនៅជុំទី ២ គេបានយកឈ្នះអ្នកប្រដាល់ផាន់ សារុន ក្លិបគុជសារកីឡាដោយពិន្ទុ ។ ជាអ្នកប្រដាល់ដែលពូកែជង្គង់ និង កែងព្រមទាំងកណ្ដាប់ដៃដូចគ្នាបែបនេះការប្រកួតពិតជាតឹងតែងហើយ។ នរណាមានភាពវាងវៃ និង ត្រៀមខ្លួនបានល្អអ្នកនោះនឹងឈ្នះនៅជុំទី ៣ជាមិនខានឡើយ ។

វេង សុភ័ក្ត្រ ឬ ឃីម បូរ៉ាជាអ្នកដើរចេញ ? ប្រកួតជម្រុះក្នុងជុំទី ៣ នេះដែរអ្នកប្រដាលជើងខ្លាំងជំនាន់ថ្មីបឺត សង្ឃឹមត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធ ។ សង្ឃឹមបានបង្កើតភាពស្រឡាំងកាំងមួយនៅក្នុងការប្រកួតជម្រុះនៅជុំទី ២ដោយសារតែគេបានយកឈ្នះអ្នក ប្រដាល់ជើងខ្លាំងវៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការបារជាតិដោយពិន្ទុនោះ ។ គួរបញ្ជាក់ថាកាលពីជុំទី ១ក៏ អ្នកប្រដាល់រូបនេះបានយកឈ្នះអ្នកប្រដាល់ជើងចាស់ឆាយ មាសក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុដែរ ។

ចំពោះជ័យ ប៊ុនសង់វិញទោះបីពេលខ្លះគេល្អហើយពេលខ្លះគេហាក់ដូចជាអន់ក៏ពិតមែនតែអ្នកប្រដាល់រូបនេះ ហាក់ដូចជាវ៉ៃបានល្អនៅក្នុងព្រឹត្តិការណ៍នេះ ។ កាលពីជុំទី ១ ប៊ុនសង់បានយកឈ្នះអ្នកប្រដាល់ម៉ឺន ដាក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ហើយនៅជុំទី ២ គេបាន យកឈ្នះអ្នកប្រដាល់តាំង សីហាក្លិបកងពលតូចលេខ ៧០ដោយពិន្ទុដែរ ។ នៅជុំទី ៣នេះរវាងជ័យ ប៊ុនសង់ ជាមួយ បឺត សង្ឃឹមនរណាមានសមត្ថភាពឆ្លងរួច ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់