Philipp Lahm: ប្រធានក្រុម Bayern Munich នឹងចូលរនិវត្តន៍នាចុងរដូវកាលនេះ

នូ មករា February 8, 2017


ប្រធានក្រុម ក្លឹប Bayern Munich កីឡាករ Philipp Lahm នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ។

កីឡាករវ័យ ៣៣ ឆ្នាំ ដែលជាប្រធានក្រុមជម្រើសជាតិ អាល្លឺម៉ង់ ព្រមទាំងឈ្នះជើងឯក World Cup ២០១៤ បានប្រកាសក្រោយក្លឹប Bayern​ បានឈានវគ្គ ១៦ ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ German Cup បន្ទាប់ពីយកឈ្នះលើក្រុម Wolfsburg ថាខ្លួននឹងចូលនិវត្តន៍នាចុងរដូវកាលនេះ។ ការប្រកួតនេះផងដែរជាការប្រកួតទី ៥០១ របស់កីឡាកររូបនេះ។

“ខ្ញុំអាចបន្តភាពជាអ្នកដឹកនាំរបស់ខ្ញុំ ដោយព្យាយាមជារៀងរាល់ថ្ងៃ ក្នុងពេលហ្វឹកហាត់រហូតដល់ចប់រដូវកាល។ ខ្ញុំអាចបន្តធ្វើវាបាននៅរដូវកាលនេះប៉ុន្តែមិនអាចលើសនេះបាននោះទេ។” នេះជាអ្វីដែលកីឡាករ Philipp Lahm បាននិយាយ។ នេះមានន័យថាកីឡាកររូបនេះនឹងចាកចេញពីជើងឯកអាល្លឺម៉ង់មួយឆ្នាំមុននឹងកុងត្រារបស់ខ្លួនផុត។

កីឡាកររូបនេះបានបន្តថា៖ “ខ្ញុំបានពិចារណារឿងនេះជាយូមកហើយ។” “អ្នកត្រូវតែបន្តសាកល្បងខ្លួនឯងជានិច្ច ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅលើទីលានហ្វឹកហាត់ តើអ្នកមានអារម្មណ៍យ៉ាងណា។”

កីឡាករដែលមានដើមកំណើតចេញពីក្រុមយុវជនរបស់ក្លឹប Bayern រូបនេះបានបង្ហាញខ្លួនឲ្យក្រុមឈុតធំនៅឆ្នាំ ២០០២ ព្រមទាំង ឈ្នះជើងឯក Bundesliga ៧ ដង និងឈ្នះជើងឯក Champions League ផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះជើងឯកនៅប្រទេស ប្រេស៊ីល កាលពីឆ្នាំ ២០១៤៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់