គ្រូភ្នំពេញក្រោនថា ស្មារតី គឺជាគន្លឹះស្វែងរកជ័យជម្នះប៉ះម្ចាស់ផ្ទះ Home United ល្ងាចនេះ!

នូ មករា February 7, 2017


ភ្នំពេញ៖ លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោនរបស់កម្ពុជា បានលើកឡើងថា ការប្រកួតក្រៅដីជាមួយក្រុម Home United មិនមែនជាការងាយស្រួលនោះទេ ប៉ុន្ដែប្រសិនបើកូនក្រុមខ្លួនបន្ថែមនូវស្មារតីប្រយុទ្ធបានខ្ពស់នោះ គឺលទ្ធផលអាចនឹងទទួលបានកាន់តែល្អប្រសើរ ។ ការថ្លែងបែបនេះ បានធ្វើក្នុងសន្និសីទសារព័ត៌មាន មុនភ្នំពេញក្រោន ជួបក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី នៃវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 ជើងទី២ នៅកីឡដ្ឋាន Jalan Besar នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ។

គ្រូបង្វឹកសញ្ជាតិខ្មែររូបនេះ បាននិយាយថា »ខ្ញុំគិតថា Home United នឹងខ្លាំងជាងធម្មតា តែយើងជឿជាក់ថាយើងអាចមានឱកាសនៅក្នុងការប្រកួតនេះ ។ ប្រសិនបើយើងលេងបានល្អដូច ២០ ទៅ ២៥នាទីក្នុងតង់ទី១ កាលពីជើងទី១ យើងនឹងអាចធ្វើបានល្អសម្រាប់ប្រកួតនេះ ។ យើងគោរពគូប្រកួតរបស់យើង ប៉ុន្តែប្រសិនបើយើងមានស្មារតីល្អ និងជំនឿចិត្តខ្ពស់នោះ យើងនឹងអាចឲ្យពួកគេភ្ញាក់ផ្អើល ។ ចំពោះកម្លាំង និងល្បឿនរបស់យើង គឺល្អហើយកាលពីជើងទី១ ដូច្នេះយើងគ្រាន់តែបន្ថែមស្មារតីប៉ុណ្ណោះ សម្រាប់ជើងទី២នេះ» ។

ទន្ទឹមការលើកឡើងរបស់គ្រូបង្វឹកក្រុមតំណាងកម្ពុជានេះ លោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានឲ្យដឹងដែរថា ទោះបីជើងទី១ ក្រុមខ្លួនបានយកឈ្នះភ្នំពេញក្រោន ៤-៣ ហើយការប្រកួតជើងទី២ ធ្វើឡើងលើទឹកដីខ្លួនក្ដី ក៏លោកបានត្រៀមខ្លួនជានិច្ច ដើម្បីការពារការវាយបករបស់អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះដែរ ព្រោះការត្រៀមរបស់ភ្នំពេញក្រោន អាចនឹងបានល្អជាងកាលពីជើងទី១ ។ តែយ៉ាងណាលោកមិនសូវព្រួបារម្ភរឿងលទ្ធផលនោះទេ ព្រោះកូនក្រុមខ្លួនត្រៀមរួចជាស្រេចដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត