រាជរដ្ឋាភិបាលត្រូវចំណាយ​មួយខែជាង ៤០០លានរៀលដើម្បីប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំនេះ

នូ មករា February 1, 2017


ភ្នំពេញ៖ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនោះ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសជូនដំណឹងដល់អត្តពលិកទាំងអស់មកប្រមូលផ្ដុំក្រុមជម្រើសជាតិដើម្បីធ្វើការហ្វឹកហាត់រួមគ្នាមុនពេលប្រកួតជាក់ស្ដែងមកដល់ ខណៈដែលបញ្ជីឧទ្ទេសនាម និងរបបប្រាក់ខែរបស់កីឡាករការិនី គ្រូបង្វឹក និងអនុរក្សបានចេញជាផ្លូវការហើយ ។ តាម​តារាង​កំណត់​ចំនួន​ប្រមូលផ្តុំ​អនុរក្ស គ្រូបង្វឹក អត្តពលិក​ថ្នាល និង​យុវជន​អាយុ​ចាប់ពី ១៣ ឆ្នាំដល់ ១៧ ឆ្នាំ របស់​ក្រសួង​អប់រំយុវជន និង​កីឡា បានបង្ហាញ​ឲ្យ​ដឹងថាការប្រមូលផ្តុំ​យុវជន​ថ្នាល​លើកនេះបាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី១ ខែមករា​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ចំណែក​ប្រាក់របប​ប្រចាំខែ​វិញ អត្តពលិក ១ ម្នាក់​បាន ១៣២ ម៉ឺន​ក្នុង ១ ខែគ្រូបង្វឹក​បាន ១៩២ ម៉ឺន ហើយ​អនុរក្ស​បាន ១៦២ ម៉ឺនរៀល ក្នុង ១ ខែ ដូច្នេះ​ក្នុងការ​ប្រមូលផ្តុំ ១ ខែ រដ្ឋ​ចំណាយ​ថវិកា​អស់​ប្រមាណ៤២៤៣២០០០០ រៀល។ នេះបើតាមការឱ្យដឹងពីលោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា។​លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានឱ្យដឹងថា៖«ការប្រមូលផ្តុំ​មាន​ច្រើន​ប្រភេទ​កីឡានេះវាជា​ចំណុច​វិជ្ជមាន ក្នុងការ​បំផុស​ឲ្យ​សហព័ន្ធ​មានការ​រឹងមាំ​ក្នុងការ​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ថ្នាលប៉ុន្តែ​សំខាន់​បំផុត​ត្រូវ​ពិនិត្យ​ឡើងវិញ​លើ​បច្ចេកទេស​គឺកម្រិត​យល់ដឹង របស់​គ្រូ ក្នុង​ការផ្ទេរ​ចំណេះដឹង​ទៅឲ្យ​ថ្នាលព្រោះ​ថ្នាល​ត្រូវការគ្រូ​ដែលមាន​លក្ខណពិសេសមាន​ជំនាញ និងគុណសម្បត្តិ​ខ្ពស់ទើបថ្នាល​របស់​យើង​ចេញមក​បានល្អ។ម្យ៉ាងទៀត ក្នុងការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព​គ្រូបាន ទាល់ តែ​អ្នកគ្រប់គ្រង​លើការ​ហ្វឹកហាត់ មាន​សមត្ថភាពតែបើ​គាត់មាន​សមត្ថ​ភាពមិន​ដល់ គាត់​មិនអាច​តាមដាន និង​វាយតម្លៃ​គ្រូ​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ​បានទេ»។លោក ប៊ុន សុខបានបន្តថា៖ ប្រភេទ​កីឡា​តំណាង​ឲ្យ​សហព័ន្ធ​ចំនួន ២០ ដែលត្រូវប្រមូលផ្ដុំនោះរួមមាន​បាល់ទាត់ តេក្វាន់ដូ (WTF)ប៉េតង់ ហែល​ទឹក បាល់បោះ ចំបាប់ អត្តពលិកម្ម បាល់ទះ ប្រដាល់ សីប៉ាក់តាក្រ វាយ​កូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំង​ទោច​ក្រយានគុនដាវ តេក្វាន់ដូ (ITF) វាយ​កូនឃ្លី​លើតុ វាយ​សី សូហ្វតិន្នីស និង​កីឡា​សូរិហ្ស៊ិកាំប៉ូ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡាអនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូលផ្តុំ​យុវជន​ថ្នាល​ក្នុង ២០១៧ នេះ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឆ្ពោះទៅ​ការប្រកួត​ស៊ីហ្គេម លើកទី ៣២ឆ្នាំ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ។សូមបញ្ជាក់ថា នៅក្នុងការ​ប្រមូលផ្តុំ​នេះ កីឡា​បាល់ទាត់ U17 មាន​កីឡាករ ២៥ នាក់ គ្រូបង្វឹក ៤ និង U13 មាន ២០ នាក់ គ្រូបង្វឹក៤ ឯ​តេក្វាន់ដូ (WTF) មាន ១០ នាក់ (ស្រី៥) គ្រូ ២ នាក់ កីឡា​ប៉េតង់ មាន ១៦ នាក់ (ស្រី៧) និង​គ្រូ ២ នាក់ កីឡា​ហែលទឹក មាន ១៤ នាក់(ស្រី៧) និងគ្រូ ២ នាក់ កីឡា​បាល់បោះ​មាន​កីឡាករ ១២ នាក់ និងគ្រូ ២ នាក់ កីឡា​ចំបាប់ មាន ១៥ នាក់ (ស្រី៥) និងគ្រូ ២ នាក់កីឡា​អត្តពលិក​មាន ៨ នាក់ (ស្រី៤) កីឡាបាល់ទះ​មាន​កីឡាករ ១៦ នាក់ (ក្នុងសាល ១២ នាក់ និង​ឆ្នេរខ្សាច់ ៤ នាក់) និងគ្រូ​សរុប ៤ នាក់ ហើយ​ប្រដាល់​មាន​កីឡាករ ១២ នាក់​និងគ្រូ ២ នាក់។ចំណែក​កិឡាសីប៉ាក់តាក្រ​មាន ១០ នាក់ (ស្រី៥) និងគ្រូ ២ នាក់ កីឡា​វាយកូន​បាល់​មាន ៦ នាក់ (ស្រី២នាក់) និង​គ្រូបង្វឹក ២នាក់ កីឡា​វូស៊ូ មាន ៦ នាក់ (ស្រី២) និង​គ្រូ២នាក់ កីឡា​កាយសម្ព័ន្ធ មាន ៦ នាក់ (ស្រី៣) និងគ្រូ ១ នាក់កីឡា​ប្រណាំង​ទោចក្រយាន មាន​កីឡាករ ៤ នាក់ និងគ្រូ ១ នាក់ កីឡា​គុនដាវ មាន ៤ នាក់ (ស្រី ២ នាក់) និង​គ្រូបង្វឹក ២ នាក់កីឡា​តេក្វាន់ដូ (ITF) មាន ៦ នាក់ (ស្រី២) និង​គ្រូ ២ នាក់ កីឡា​វាយកូន​ឃ្លីលើតុ មាន ៦ នាក់ (ស្រី២) និង​គ្រូ ២ នាក់កីឡា​វាយសី មាន ៨ នាក់ (ស្រី២) និងគ្រូ ១ នាក់ កីឡា​សូហ្វតិន្នីស មាន ១២ នាក់ (ស្រី៦) និងគ្រូ ២ នាក់ សូរិហ្ស៊ិកាំប៉ូ មាន ១៣នាក់ (ស្រី៤) និងគ្រូ ២ នាក់ ហើយ​ក្នុង ១ ប្រភេទ​កីឡា មាន​អនុរក្ស ១ នាក់​ដូចគ្នា៕

អត្ថបទ៖ រត្ន័

មតិយោបល់