NOCC សម្រេចព្យួរសមាជិកភាពសហព័ន្ធយូដូ ក្រោយមានបណ្តឹងសុំអន្តរាគមន៍ពីអនុប្រធានទាំងពីរ

នូ មករា January 27, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាយូដូកម្ពុជាត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ខំចិត្តព្យួរសមាជិកភាពដោយសារតែសហព័ន្ធនេះទទួលរងនូវបណ្ដឹងរបស់អនុប្រធានទាំង ២ ។ ក្នុងសេចក្ដីសម្រេចមួយលេខ០២៨គ.ជ.អ.ក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះថ្ងៃ២៣ ខែមករា និងចុះហត្ថលេខាដោយប្រមុខអូឡាំពិកកម្ពុជាគ៍ឯកឧត្តមថោង ខុននោះមាន ៣ប្រការ។

ប្រការទី១ បញ្ជាក់ថាព្យួរសមាជិកភាពសហព័ន្ធយូដូចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ ប្រការ ២បញ្ជាក់ថាសហព័ន្ធ ក្លិប សមាគម និង ព្រឹទ្ធាចារ្យ គ្រូយូដូពិសេសក្រុមគ្រួសារយូដូទាំងអស់រួមគ្នាសម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយដើម្បីនិរន្តរភាពការងាររដ្ឋបាលបច្ចេកទេស ជាបណ្ដោះអាសន្ន ។ ប្រការ៣ បញ្ជាក់ថាសហព័ន្ធ និង លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវអនុវត្តន៍សេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅ អនុប្រធានទី១និងទី ២របស់សហព័ន្ធនេះគឺលោកអ៊ឹម សុខា និង លោកម៉ៅ សុវឌ្ឍន៍ បានធ្វើលិខិតរួមគ្នាផ្ញើមកសុំអន្តរាគមន៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលក្នុងលិខិតនោះបញ្ជាក់ថាការដឹកនាំរបស់ប្រធានមានលក្ខណៈអត្តនោម័ត គ្រួសារនិយម ដោយគ្មានការប្រជុំប្រចាំខែ ត្រីមាស ឬ ប្រចាំឆ្នាំ ជាហេតុធ្វើឲ្យសមាជិកភាគច្រើនមិនដឹងពីផែនការ និង គ្មានពត៌មាន ។ បច្ចេកទេសធ្លាក់ចុះ ដោយមូលហេតុការហ្វឹកហ្វឺនខ្វះគុណភាព ទាមទារឲ្យមានការចូលរួមពីគ្រូជាតិ-អន្តរជាតិ ខ្វះផែនការពង្រឹងពង្រីកឲ្យបានច្រើនថែមទៀត ។ គ្មានតម្លាភាពគណនេយ្យ រាល់សកម្មភាព និង ព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធ ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាយូដូកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំដោយលោកឡាច រិទ្ធី ដែលមានអ្នកស្រីចាន់ ជៀនត្រូវជាភរិយាកាន់តំណែងជាអគ្គហិរញ្ញិក ។ នាពេលកន្លងមក ឯកឧត្តមវ៉ាត់ ចំរើនបានព្រមានតាំងពីដើមឆ្នាំ២០១៦ ចំពោះសហព័ន្ធជាតិនានាហើយថាបើសហព័ន្ធណាមិនមានការឯកភាពផ្ទៃក្នុងទេនោះឆ្នាំ២០១៦ត្រូវតែដោះស្រាយឲ្យចប់ ។ឆ្នាំ២០១៧ជាឆ្នាំគិតគូរពីបច្ចេកទេសដូច្នេះបើឆ្នាំ២០១៧សហព័ន្ធណានៅតែមានបញ្ហាផ្ទៃក្នុងអូឡាំពិកកម្ពុជានឹងព្យួរហើយ  ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត