មូលហេតុ ៤ យ៉ាង​ដែលនាំឱ្យសម្តេចតេជោហ៊ុន សែន ទទួលបានពាន​ IOC President’s Trophy

នូ មករា January 25, 2017


ភ្នំពេញ៖ នាវេលារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នឹងធ្វើការប្រគល់ពានរង្វាន់ IOC President’s Trophy ជូនដល់សម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព ខណៈដែលពានរង្វាន់នេះត្រូវបាននាំយកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយកាលពីម្សិលមិញនេះ ។  លោក Ser Miang សមាជិកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថាមានមូលហេតុ ៤ យ៉ាងដែលនាំឱ្យ IOC សម្រេចប្រគល់ពានរង្វាន់ថ្នាក់ខ្ពស់បំផុតជូនដល់សម្តេច ដែលក្នុងនោះរួមមាន៖  ទី១ កាលពីឆ្នាំ​២០១៣ កន្លងទៅ សម្តេចបានកែប្រែអនុក្រឹត្យផ្តល់ប្រាក់រង្វាន់អន្តរជាតិនានាដល់ជ័យលាភីដោយមានការ​កើនឡើងជិត​ ២០០% , ទី២ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីៗដូចជា៖ អាគារ NOCC, ពហុកីឡដ្ឋានកំពង់ចាម,​ ពហុកីឡដ្ឋានមរតកតេជោ ជាដើម, ទី៣ សម្តេចបានសម្រេចកំណត់យកឆ្នាំ២០២៣ ធ្វើម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ SEA Games, ទី៤ សម្តេចបានចំណយពេលវេលា​ និងថវិកា​ចូលរួមលើកទឹកចិត្តសកម្មភាពកីឡាផ្សេងៗយ៉ាងសកម្មបំផុត ។ជាមួយគ្នានេះដែរ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មាធិការអូឡាំពិកអន្ដរជាតិសម្រេចផ្ដល់ពានដ៏វិសេសវិសាលនេះដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់សម្ដេចនៅក្នុងការរួមចំណែកគាំទ្រដល់ចលនាអូឡាំពិក ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ហើយនេះគឺជាមហាកិត្តិយសដ៏ធំធេងបំផុតសម្រាប់មហាគ្រួសារកីឡាជាតិ ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិកម្ពុជាទាំងមូលដែលគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានស្គាល់ និងដឹងច្បាស់ពីភាពរីកចម្រើននៃវិស័យកីឡាក្នុងប្រទេសកម្ពុជាក្រោមការចង្អុលបង្ហាញ និងចូលរួមគ្រប់សកម្មភាពពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិសេសគឺការជំរុញឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣តែម្ដង ៕

អត្ថបទ៖ រត្ន័

មតិយោបល់