ព្រឹត្តិការណ៍ Ultra Trail Angkor ឆ្នាំនេះមានអ្នកចូលរួមកើនឡើងជិត៥០% បើប្រៀបធៀបនឹងឆ្នាំ២០១៦

នូ មករា January 21, 2017


សៀមរាប៖ ព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ឬព្រឹត្តិការណ៍ Ultra Trail Angkor 2017 លើកទី២នោះបានបញ្ចប់ហើយកាលពីល្ងាចមិញនេះ ក្រោមការចូលរួមពីបណ្ដាអត្តពលិកជាង៥០០នាក់ មកពី៣៧ប្រទេសកើនឡើងជាង២០០នាក់ ពោលគឺកើនជិត៥០ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦។
 ឯកឧត្តមថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជាបានមាន ប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះបានផ្តល់នូវផលចំណេញជាច្រើន សម្រាប់វិស័យទេសចរណ៍កម្ពុជា ពោលគឺស្របតាមយុទ្ធសាស្ត្រថ្មីរបស់ពិភពលោកគឺទេសចរណ៍ដើរតែម្នាក់ឯង ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ។»

ឯកឧត្តមបានបន្តថា៖ «ឆ្នាំទី២ នៃការរៀបចំព្រឹត្តិការណ៍ Ultra Trail Angkor 2017 គឺពិតជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ពិសេសគឺភ្ញៀវជាតិ និងអន្តរជាតិ ដែលមានការកើនឡើងស្ទើរ ៥០% បើធៀបនឹងឆ្នាំ២០១៦ ។ លោករំពឹងថា ឆ្នាំក្រោយនឹងមានកីឡាករនិងកីឡាការិនីជាតិ និងអន្តរជាតិចូលរួមកើនដល់ ១០០០នាក់ ដោយសារសក្តានុពលតំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជាពិសេសតំបន់អង្គរតែម្តង ។»

ជាលទ្ធផលវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Antoine Guillon ដោយប្រើថិរវេលា ១២ម៉ោង ២១នាទី និង ៥៦វិនាទី, លេខ២ បានទៅកីឡាករ Tran Quang ប្រើថិរវេលា ១៣ម៉ោង ០២នាទី និង ៥៨វិនាទី និងលេខ៣ បានទៅកីឡាករ Christophe Le Saux ប្រើថិរវេលា ១៥ម៉ោង ៣៣នាទី និង ១០វិនាទី ។ រីឯផ្នែកនារី លេខ១ បានទៅកីឡាការិនី Annie Cramard Joniaux ប្រើថិរវេលា ១៤ម៉ោង ០៩នាទី និង ៣៣វិនាទី ។

សម្រាប់វិញ្ញាសា ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករកម្ពុជា Yann Defond ប្រើថិរវេលា ៥ម៉ោង ៥៣នាទី និង ៥៣វិនាទី រីឯលេខ១ ផ្នែកនារី បានទៅកីឡាការិនី Elena Komova ប្រើថិរវេលា ៦ម៉ោង ២៣នាទី និង ៤៦វិនាទី ។ ចំណែកវិញ្ញាសា ៣២គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Ixel vlad ប្រើថិរវេលា ២ម៉ោង ១៩នាទី និង ០៩ វិនាទីខណៈលេខ១ ផ្នែកនារី បានទៅកីឡាការិនី Laurie Phai pang ប្រើថិរវេលា ២ម៉ោង ៥៨នាទី និង ២២វិនាទី ។ វិញ្ញាសា១៦គីឡូម៉ែត្រផ្នែកបុរស បានទៅកីឡាករ Bart Hoeksma ប្រើថិរវេលា ១ម៉ោង ១៤នាទី និង ៤៧វិនាទី និងលេខ១ ផ្នែកនារីបានទៅកីឡាការិនី Rebecca Kroeger ប្រើថិរវេលា ១ម៉ោង ៣៩នាទី និង ៣៣វិនាទី ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ក្នុងគោលបំណងរកថវិកាជូនសប្បុរសធម៌ជួយដល់សង្គមតាមរយៈអង្គការក្រៅរាជរដ្ឋាភិបាលផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត