ពាន Hun Sen Cup រដូវកាលថ្មី ចាប់ផ្ដើមរសៀលនេះមាន ៤ប្រកួតលើទីលានផ្សេងៗគ្នា

នូ មករា January 18, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ឆ្នាំ២០១៧ នឹងចាប់ផ្ដើមប្រកួតដំណាក់កាលទី១ នៅរសៀលថ្ងៃទី១៨ ខែមករានេះហើយ ដោយមាន ៤ប្រកួតត្រូវជួបគ្នាលើទីលានផ្សេងៗគ្នា ដើម្បីសន្សំពិន្ទុឆ្ពោះទៅវគ្គបន្ដ ។ សម្រាប់កម្មវិធីបើកឆាកនេះ រួមមានពូលB គឺក្រុមខេត្តព្រៃវែង ធ្វើម្ចាស់ផ្ទះទទួលខេត្តកណ្ដាល, ពូលD ខេត្តប៉ៃលិន បើកកីឡដ្ឋានខេត្តទទួលខេត្តកំពង់ឆ្នាំង និងពូលC មាន ២ប្រកួត គឺខេត្តកំពង់ធំ ស្វាគមន៍ខេត្តឧត្តរមានជ័យ និងក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ត្រូវជួបក្រុមជាយដែនខេត្តព្រះវិហារ ។

ការប្រកួតដំណាក់កាលទី១ ឆ្នាំនេះគឺបែងចែកជា ៦ពូលមានដូចជា៖ ពូលA មាន ២ក្រុម ខេត្ដកំពង់ស្ពឺ និងខេត្ដតាកែវ, ពូលB មាន ៣ក្រុមខេត្តព្រៃវែង, ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល ។ រីឯពូលC មាន ៤ក្រុមខេត្តកំពង់ធំ, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប និងខេត្តព្រះវិហារ ខណៈពូលD មាន ៣ក្រុមខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង, ពូលE មាន ១ក្រុម គឺខេត្តកំពត រួមទាំងពូលF មាន ២ក្រុមខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ។ ដោយយោងតាមរូបមន្ដប្រកួតវិលជុំ និងលក្ខខណ្ឌក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងទៅដំណាក់កាលទី២ ដូច្នេះពូលA, E និងពូលF សុទ្ធតែត្រូវឡើងដោយស្វ័យប្រវត្តិ គ្រាន់តែត្រូវការប្រកួតយកលេខ១ ក្នុងពូល ហើយលើកលែងពូលC ប៉ុណ្ណោះ គឺមានតែខេត្តកំពតមួយក្រុម ដែលមិនឆ្លងកាត់ប្រកួតឡើយ គឺអង្គុយចាំនៅដំណាក់កាលទី២ តែម្ដង ។

សូមបញ្ជាក់ថា ពាន Hun Sen Cup រដូវកាលថ្មីនេះ គឺបែងចែកការប្រកួតជា ៥ដំណាក់កាលខុសប្លែកពីឆ្នាំមុនៗ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្ថែមសមាជិកលីគលំដាប់ទី២ ចំនួន ៩ក្រុមបន្ថែមពីលើសមាជិកលីគកំពូលកម្ពុជាចំនួន ១០ក្រុមទៀត ដែលធ្វើឲ្យរយៈពេលនៃការប្រកួតកាន់តែយូ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ឆ្នាំ២០១៧ខាងមុខឯណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត