អបអរសាទរ! ក្រុមអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជា ផ្តួលក្រុមថៃដោយជោគជ័យដើម្បីគ្រងជើងឯកនៅម៉ាឡេស៊ី

នូ មករា January 16, 2017


ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ ក្រុម Nevercare ដែលតំណាងឱ្យប្រទេសកម្ពុជា បានប្រកួតឈ្នះក្រុម Superior របស់ប្រទេសថៃនៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2017 (Mission Against Terror International Championships 2017) នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីក្រុមអត្តពលិក​មកពី ៦ ប្រទេស​ផ្សេងទៀតនៅក្នុងតំបន់អាស៊ី ។ តាមពិតទៅ នេះមិនមែន​ជា​លើកទី១ទេដែល​ក្រុមកីឡាករ​អេឡិចត្រូនិក​កម្ពុជាបានទៅ​ចូលរួម​ការប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC នេះ ហើយ​កម្ពុជាក៏ធ្លាប់​បានធ្វើ​ឲ្យ​ប្រទេស​ក្នុង​ទ្វីប​អាស៊ីមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈ​ការទទួល​បានជើង​ឯកកាល​ឆ្នាំ២០១៥ និងបានឈ្នះ​ជើងឯក​រង​ចំនួន ៣ លើកកាលពីឆ្នាំ២០១៦, ឆ្នាំ២០១៤ និងឆ្នាំ២០១៣ ។ ជាមួយនឹងជ័យជម្នះនេះ ក្រុមកម្ពុជាក៏ទទួលបានប្រាក់រង្វាន់ ១៥០០០ដុល្លារផងដែរ ។


សូមបញ្ជាក់ថា មុន​ពេល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ក្រុម Nevercare បាន​ប្រកួត​សន្សំ​ពិន្ទុ​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​ពូល A ដែលប្រជុំ​ដោយ​ក្រុម​ខ្លាំង ​៥ទៀត មក​ពី​ប្រទេស​នានា​ដូច​ជា​ក្រុម Shui Feng (ចិន​), ក្រុម​ Superior (​ថៃ​ជើង​ឯក​ឆ្នាំ​​២០១៦), ក្រុម​ Troop Histry (សិង្ហបុរី​), ក្រុម​ Successful (កម្ពុជា​) និង​ក្រុម​ KC-KingOver (ម៉ាឡេស៊ី​) ។ បន្ទាប់​ពី​ឆ្លង​ផុត​វគ្គ​ចែក​ពូល ក្រុម Nevercare បាន​យក​ឈ្នះ​ក្រុម ​No Excuse របស់​សិង្ហបុរី​នៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ រួច​បន្ត​យក​ឈ្នះ​ក្រុម Shui Feng មក​ពី​ប្រទេស​ចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបាន​សង​សឹក​សត្រូវ​ចាស់ Superior ដែល​ធ្លាប់​លើក​ពាន​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅបានដោយជោគជ័យ ។ ​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា លោក ជី សិលា បានឱ្យដឹង​ថា៖ « ការទៅ​ចូលរួមការ​ប្រកួត​អន្តរជាតិ​នេះវាមាន​សារៈសំខាន់​ណាស់ ព្រោះ​យើងចង់​ពង្រឹង​គុណភាព​កីឡាករ​របស់​យើង ពិសេស​ធ្វើឲ្យ​គេស្គាល់​ប្រភេទកីឡា​នេះឲ្យ​កាន់តែ​ច្បាស់ ខណៈ​ការចេញទៅ​ប្រកួត​កន្លងមក យើង​ធ្លាប់បាន​លេខ១ និងលេខ២ ផងដែរ ហេតុនេះ​វាបាន​លើក​ទឹកចិត្ត​ដល់​យុវជន​យើង និងបាន​លើកមុខ​មាត់​ប្រទេស​កម្ពុជាតាមរយៈ​កីឡា​អេឡិចត្រូនិក​នេះ​ផងដែរ»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត