ចាន់ វឌ្ឍនាកា ប្រាប់ពីមូលហេតុដែលជ្រើសយកក្លឹប Fujieda ហើយបោះបង់លុយធំ!

នូ មករា January 14, 2017


ភ្នំពេញ៖ ទន្ទឹមនឹងការផ្ទេរខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទៅក្លឹប Fujieda MYFC ក្នុងតម្លៃខ្លួន និងប្រាក់ខែបិទជិត តែត្រូវគេបង្ហើបឲ្យដឹងថា វឌ្ឍនាកា នឹងទទួលបានប្រាក់ខែខ្ទង់ម៉ឺនដុល្លារពិតមែន ប៉ុន្ដែកូនប្រុសលោក ចាន់ ចេស្ដា អភិបាលខេត្តកំពតរូបនេះ បានទម្លាយថា ការយល់ព្រមទៅលេងឲ្យក្លឹបលំដាប់លីគទី៣ របស់ជប៉ុននេះ មិនសំខាន់លើប្រាក់ខែ ឬតម្លៃខ្លួននោះទេ អ្វីដែលសំខាន់គឺការពេញចិត្តការដឹកនាំនៃក្លឹប Fujieda តែម្ដង ។

កីឡាករជំនាញជើងឆ្វេងរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការផ្ទេរទៅកាន់ក្លឹប Fujieda កាលពីម្សិលមិញថា មុនសម្រេចចិត្តលេងឲ្យក្លឹបជប៉ុននេះ មានក្លឹបមួយចំនួនហ៊ានឲ្យតម្លៃខ្ពស់ជាងក្លឹប Fujieda ទៅទៀត ប៉ុន្ដែកីឡាករស្នូលដ៏សំខាន់របស់បឹងកេតរូបនេះ មិនយល់ព្រមឡើយ ដោយសុខចិត្តបោះបង់ចោលលុយធំ ដើម្បីចង់អភិវឌ្ឍន៍សមត្ថភាពខ្លួនជាមួយក្លឹបមានមូលដ្ឋានហ្វឹកហាត់ច្បាស់លាស់ទៅវិញ ។ ចាន់ វឌ្ឍនាកា បាននិយាយថា៖ «ការសម្រេចចិត្តទៅលេងនៅជប៉ុន គឺដោយសារនៅទីនោះមានការហ្វឹកហាត់ស្ដង់ដា និងមានការយកចិត្តទុកដាក់ពីគ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំ ។ ជាក់ស្ដែងកំឡុងពេលខ្ញុំទៅហ្វឹកហាត់ ១សប្ដាហ៍នៅទីនោះ គឺពិតជាទទួលបានការយកចិត្តទុកដាក់ជាខ្លាំង…។ ខ្ញុំសង្ឃឹមថា ការសម្រេចចិត្តនេះ នឹងពង្រឹងសមត្ថភាពខ្ញុំកាន់តែរីកចម្រើន និងក្លាយជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ និងកីឡាករកម្ពុជាដទៃទៀត» ។

គួរបញ្ជាក់ថា អតីតកីឡាករយុវជនក្លឹបព្រះខ័នរាជស្វាយរៀង ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរទៅក្លឹប Fujieda MYFC របស់ជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ប៉ុន្ដែតម្លៃខ្លួន និងប្រាក់ខែ ដែលត្រូវទៅលេងនៅលើទឹកដីដ៏រីកចម្រើនផ្នែកកីឡាបាល់ទាត់ក្នុងទ្វីបអាស៊ីនេះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ ។ ប៉ុន្ដែ វឌ្ឍនាកា គ្រោងទៅជប៉ុននៅពាក់កណ្ដាលខែកុម្ភៈ ដើម្បីរង់ចាំជួយក្លឹបបឹងកេត ក្នុងការប្រកួតវគ្គ Play-Off នៃពាន AFC Cup 2017 ជាមួយក្រុម Lao Toyota នាពេលឆាប់ៗខាងមុខនេះសិន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត