ប្រាក់ មុន្នីឧត្តម និងឈិន ឈឿន បានត្រឹមជូនពរក្រុមជម្រើសជាតិ!

គឹមហុក January 12, 2017


ភ្នំពេញ៖ ដោយសារមានបញ្ហារៀងៗខ្លួន ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម មកពីក្លឹបព្រះខ័នរាជស្វាយរៀង និងខ្សែបម្រើ ឈិន ឈឿន មកពីក្លឹបក្រសួងការពារជាតិ មិនអាចរួមដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជា ចេញទៅ​តតាំងជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីតចុងសប្ដាហ៍នេះបានឡើយ ហើយពួកគេបានត្រឹមជូនពរមិត្តរួមឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្ម​ដើមឆ្នាំ២០១៧នេះប៉ុណ្ណោះ ។

សម្រាប់កីឡាករ ប្រាក់ មុន្នីឧត្តម ដោយសារខ្លួនជិតចូលរោងការនាសប្ដាហ៍ក្រោយនោះ គេមិនអាចធ្វើដំណើរជាមួយមិត្តរួមក្រុមនោះទេ ។ ឧត្តម បានសរសេរសារបង្ហោះថា «ក្នុងនាមខ្ញុំជាកីឡាករជំជ្រើសជាតិមួយរូប ខ្ញុំពិតជាសោកស្តាយដែលមិនបានចូលរួមជាមួយមិត្តរួមក្រុម ហើយក៏សូមអភ័យទោសពីអ្នកគាំទ្រផងដែល ដោយសារតែខ្ញុំមានភារកិច្ចសំខាន់ផ្ទាល់ខ្លួនដែលមិនអាចខកខានបាន(គឺថ្ងៃមង្គលការ) ។ សូមជូនពរអ្នកទាំងអស់គ្នាអោយមានសំណាងល្អក្នុងការប្រកួតខាងមុខនេះ» ។

ដោយឡែកអ្នកលេងល្បឿនលឿន ឈិន ឈឿន មិនអាចធ្វើដំណើរទៅប្រទេសអារ៉ាប់រួមបាន គឺដោយការរបួស អំឡុងពេលជួយក្រុមខ្លួនប្រកួតមិត្តភាពជាមួយក្រុម Melaka United របស់ម៉ាឡេស៊ីកាលពីពេលថ្មីៗកន្លងទៅ ។ ខ្សែបម្រើរូបនេះ ក៏បានជូនពរក្រុមជម្រើសជាតិផងដែរថា «ជូនពរ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​របស់​យើង​ ធ្វើ​ដំណើរ​ជូប​តេ​​សុវត្ថិភាព​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​វិល​ត្រឡប់​មក​វិញ​ ។ សោកស្ដាយ​ណាស់​ដែល​មិន​បាន​ចូល​រួម​ លូវ​ខ្ញុំ​បាន​ធូរស្រាល​ច្រើន​ហើយ​» ។

ប៉ុន្ដែបេសកកម្មរបស់ក្រុមគោព្រៃកម្ពុជាលើកនេះ មិនមែនអវត្តមានតែកីឡាករសំខាន់ៗទាំង ២រូបខាងលើនោះ សូម្បីខ្សែប្រយុទ្ធដ៏មុតស្រួច ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ និងអ្នកចាំទី ស៊ូ យ៉ាទី របស់ក្លឹបបឹងកេតអង្គរ ក៏មិនបានចូលរួមដែរ ដោយសារបញ្ហារបួសមិនអាចចូលរួមប្រមូលផ្ដុំបាន ។ ចំពោះការប្រកួតរវាងក្រុមគោពព្រៃកម្ពុជា និងក្រុមអារ៉ាប់រួមវិញ នឹងធ្វើឡើងនៅលើទីលាននៃទីក្រុងអាបូដាប៊ី ប្រទេសអារ៉ាប់រួម វេលាម៉ោង ១១យប់(ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត