គ្រូបង្វឹកឆ្នើមទាំង ៥ រូបនៅ English Premier League រដូវកាល២០១៦-២០១៧

នូ មករា January 5, 2017


អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ sport.sanook បានឱ្យដឹងថា ឆ្លងកាត់តាមការវាយតម្លៃនាពេលថ្មីៗនេះរួចមក គេបានរកឃើញហើយនូវគ្រូបង្វឹកចំនួន ៥ រូបដែលជាប់ចំណាត់ថ្នាក់ជាគ្រូបង្វឹកឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍ English Premier League រដូវកាលឆ្នាំ២០១៦-២០១៧ ដែលមានដូចខាងក្រោម៖

១. លោក Antonio Conte (Chelsea) : គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះទទួលបានភាពជោគជ័យជាច្រើននៅក្នុងប្រទេសកំណើតរបស់ខ្លួនដោយធ្លាប់បានដឹកនាំក្រុម Bari ឈ្នះពានជើងឯកលីគអុីតាលីលំដាប់ទី ២ នាឆ្នាំ២០០៨-២០០៩ ។ បន្ទាប់មកលោកបានក្លាយជាគ្រូបង្វឹកក្លឹប Juventus និងបានដឹកនាំក្រុមនេះឱ្យឈ្នះពានជើង​ឯកលីគកំពូលអុីតាលីបាន ៣ លើកផងដែរ មុននឹងត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិនាឆ្នាំ២០១៤ ។ អតីតខ្សែបម្រើរូបនេះ ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកមួយរូបដែលសម្បូរទៅដោយតិចនិក និងមានទម្រង់លេងអាចបត់បែនបានយ៉ាងឆាប់រហ័សនៅលើទីលាន ។ តាមរយៈការវាយតម្លៃឃើញថា លោកបានទទួលពិន្ទុ ៩.៥ / ១០ ។


២. លោក Jürgen Klopp (Liverpool): អតីតកីឡាកររូបនេះធ្លាប់បានឈ្នះពានជាគ្រូបង្វឹកបាល់ទាត់ឆ្នើមជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ដ៏ប្រចាំឆ្នាំ២០១១ និងបានចូលដឹកនាំក្រុម Liverpool ក្នុងអំឡុងខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីបានចាកចេញពីក្រុម Dortmund ក្នុងនាមជាគ្រូបង្វឹកដែលដឹកនាំក្រុមនេះបានយូរជាងគេបំផុត ព្រមទាំងបានដឹកនាំក្រុម Borussia Dortmund នេះឈ្នះលីគ Bundesliga នាឆ្នាំ២០១១ និង ២០១២ ផងដែរ ។ តាមរយៈការវាយតម្លៃឃើញថា លោកបានទទួលពិន្ទុ ៩ / ១០ ។


៣ . លោក Arsène Wenger (Arsenal): ជាមួយនឹងរហស្សនាមថា “Le Professeur” គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចូលដឹកនាំក្រុមកាំភ្លើងធំតាំងតែពីឆ្នាំ១៩៩៦ មកម្ល៉េះ និងបានក្លាយជាគ្រូបង្វឹកដែលដឹកនាំក្រុមនេះបានយូរជាងគេបំផុត ព្រមទាំងបានឈ្នះពានជាច្រើនផងដែរ ។ ជាងនេះទៅទៀត លោកត្រូវបានគេទទួលស្គាល់ថា ជាគ្រូបង្វឹកមួយរូបដែលបាននាំមកនូវការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងវិស័យបាល់ទាត់នៃប្រទេសអង់គ្លេសតាមរយៈការនាំមកនូវបច្ចេកទេសថ្មីលើការហ្វឹកហាត់ និងរបបអាហារសម្រាប់កីឡាករជាដើម ។ លោក Arsène Wenger ក៏ធ្លាប់បានចំណាយពេលមួយរយៈខ្លីដឹកនាំក្រុម Nagoya Grampus Eight នៅក្នុងលីគជប៉ុនកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងបាននាំឱ្យក្រុមនេះឈ្នះពាន Emperor’s Cup និង Japanese Super Cup ថែមទៀតផង ។ តាមរយៈការវាយតម្លៃឃើញថា លោកបានទទួលពិន្ទុ ៨.៥ / ១០ ។

៤. លោក Pep Guardiola (Manchester City): អតីតខ្សែបម្រើរូបនេះត្រូវបានចាត់ទុកថាជាកីឡាករអេស្ប៉ាញដ៏ល្អជាងគេមួយរូបនាអំឡុងទសវត្សរ៍១៩៩០ ដោយធ្លាប់បានជួយឱ្យក្រុម Barcelona បានឈ្នះពាន European Cup ជាលើកដំបូងនាឆ្នាំ១៩៩២ និងបន្តមកបានឈ្នះលីគ La Liga ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ ផងដែរ មុននឹងក្លាយជាប្រធានក្រុមកាលពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ ។ ជាងនេះទៅទៀត លោកក៏ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកឆ្នាំ១៩៩២ ថែមទៀតផង ។ ក្រោយមកក្នុងឆ្នាំ២០០៨ លោកបានផ្តើមអាជីពជាគ្រូបង្វឹកជាមួយក្លឹប Barcelona និងបានជួយឱ្យក្លឹបនេះបានឈ្នះពានចំនួន ១៤ ត្រឹមរយៈពេលតែ ៤ ឆ្នាំមុននឹងសម្រេចចាកចេញទៅដឹកនាំក្រុម Bayern Munich វិញក្នុងឆ្នាំ២០១៣ ។ ជាមួយក្លឹបយក្សរបស់អាល្លឺម៉ង់ដ៏នេះ លោកដណ្តើមបានពានរង្វាន់ចំនួន ៧ និងបានឈ្នះពាន Bundesliga បានរហូតដល់ ៣ រដូវកាល ។ បន្ទាប់មកក្នុងអំឡុងដើមឆ្នាំ២០១៦ លោក Pep Guardiola បានសម្រេចចុះកុងត្រាដឹកនាំក្លឹប Manchester City ក្នុងរយៈពេល ៣ ឆ្នាំ និងទទួលបានលទ្ធផលល្អបន្តបន្ទាប់ ប៉ុន្តែជោគជ័យនេះត្រូវបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីរងបរាជ័យជាប់ៗគ្នាជាច្រើនប្រកួតរួចមក ។ តាមរយៈការវាយតម្លៃឃើញថា លោកបានទទួលពិន្ទុ ៨ / ១០ ។

៥. លោក José Mourinho (Manchester United): គ្រូបង្វឹករូបនេះធ្លាប់ឈ្នះតំណែងជាគ្រូបង្វឹកល្អជាងគេប្រចាំសតវត្សពីសហព័ន្ធបាល់ទាត់នៃប្រទេសប៉ទុយហ្គាល់កាលពីឆ្នាំ២០១៥ និងមានប្រវត្តិធ្លាប់ដឹកនាំក្លឹបមួយចំនួននៅក្នុងប្រទេសនេះ មុននឹងចូលមកដឹកនាំក្លឹបបិសាចក្រហមនាដើមឆ្នាំ២០១៦ កន្លងទៅ ។ លោកបានផ្តើមអាជីពជាគ្រូបង្វឹកនៅក្លឹប Benfica និង União de Leiria មុ​ននឹងចូលកាន់ក្លឹប Porto ក្នុងឆ្នាំ២០០២ ដោយបានឈ្នះពាន Primeira Liga, Taça de Portugal និង UEFA Europa League កាលពីឆ្នាំ២០០៣ ។ ​បន្ទាប់មកលោកបានប្តូរទៅដឹកនាំក្លឹប Chelsea និងបានជួយឱ្យក្លឹបនេះឈ្នះពាន Premier League ជាមួយនឹងពិន្ទុ ៩៥ ដែលជាកំណត់ត្រាពិន្ទុច្រើនជាងគេលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០ ឆ្នំាកន្លងមក ។ យ៉ាងណាក៏ដោយ លោកបានចាកចេញពីក្លឹបនេះក្នុងឆ្នាំ២០០៧ ប៉ុន្តែបានចូលមកកាន់សារជាថ្មីនាឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៥ ។ លោកក៏ធ្លាប់ដឹកនាំក្រុម Real Madrid របស់អេស្ប៉ាញឱ្យឈ្នះពាន Copa de Rey និង La Liga កាលពីឆ្នាំ ២០១០ ជាឆ្នាំដែលលោកក៏បានឈ្នះតំណែង FIFA World Coach of the Year ផងដែរ ។ តាមរយៈការវាយតម្លៃឃើញថា លោកបានទទួលពិន្ទុ ៨ / ១០ ៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត