តើក្រុមបាល់ទះមួយណាដែលនឹងដណ្ដើមបានរង្វាន់ ៥.០០០ដុល្លារ?

នូ មករា January 3, 2017


ភ្នំពេញ: ព្រឹត្តិការណ៍ The 1st Cambodia Beer Volletball League 2017 នឹងចាប់ផ្ដើមពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ដោយព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរកម្ពុជា ។


ថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២ ខែមករា ម្សិលមិញ លោកបឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ថាក្រុមទាំង ៦ដែលចូលរួមនោះមានក្រុមវិសាខា កងពលធំអន្តរាគមន៍លេខ ៣ ខេត្តកំពង់ចាម ក្រសួងមហាផ្ទៃ ស្នងការនគរបាលខេត្តបាត់ដំបង និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ។ ការប្រកួតធ្វើឡើងតាមរូបមន្តវិលជុំគឺក្រុមទាំងអស់ត្រូវជួបគ្នាមិនតែប៉ុណ្ណោះខេត្តដែលចូលរួមត្រូវធ្វើជាម្ចាស់ផ្ទះម្ដងម្នាក់ ដោយនៅថ្ងៃចាប់ផ្ដើមដំបូងនោះខេត្តព្រៃវែងធ្វើជាម្ចាស់ផ្ទះមុនគេ បន្ទាប់មកខេត្តកំពង់ចាម ព្រះវិហារ បាត់ដំបង ហើយចុងក្រោយរាជធានីភ្នំពេញ ។

លោកហៃ យូណែល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងបានសំណូមពរឲ្យក្រុមដែលចូលរួមទាំងអស់ត្រូវគោរពក្រមសីលធម៌កីឡា និងមានភាពអត់ធ្មត់កម្រិតខ្ពស់បំផុត ពិសេសត្រូវគោរពគោលការណ៍ Fair Play និងបទបញ្ជានៃការប្រកួត ។ សូមបញ្ជាក់ថា ក្រុមជើងឯកមានរង្វាន់៥.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ បាន៣.០០០ដុល្លារ លេខ៣ បាន ២.០០០ដុល្លារ និង លេខ៤ បាន១.០០០ដុល្លារ ក្រៅពីនេះនៅមានរង្វាន់ Fair Play និងរង្វាន់សម្រាប់កីឡាករដែលលេងល្អជាងគេទៀតផង ។

លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថាពេលនេះបាល់ទះកម្ពុជាកំពុងតែមានការឈានឡើងកាន់តែខ្ពស់ហើយ ។ លោកមានជំនឿចិត្តថាព្រឹត្តិការណ៍នេះនឹងធ្វើឲ្យសហព័ន្ធរកបានកីឡាករដែលល្អៗបន្ថែមទៀតសម្រាប់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិ ។ លោកគួន សុគន្ធីដែលជាមន្ត្រីបច្ចេកទេសបានពន្យល់ថាសម្រាប់បាល់ទះបើលទ្ធផលឈ្នះ៣សិតទល់០ ឬ ៣សិតទល់១សិតក្រុមឈ្នះបាន៣ពិន្ទុ ក្រុមចាញ់បាន០ពិន្ទុ ។តែបើលទ្ធផល៣សិតទល់២សិតនោះក្រុមឈ្នះបា២ពិន្ទុ ឯក្រុមចាញ់បាន ១ ពិន្ទុ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត