ធារី ចន្ថាប៊ីន ប្រកាសឲ្យដឹងពីទ្រនំថ្មីរបស់ខ្លួន ក្រោយចប់កុងត្រាជាមួយភ្នំពេញក្រោន!

លី រិទ្ធី December 31, 2016


ភ្នំពេញ៖ បន្ទាប់ពីលេចលឺព័ត៌មានចរចាមអារាមថា ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ធ្វើតេស្ដសមត្ថភាពជាមួយក្លឹបថៃផង និងក្លឹបក្រសួងការពារជាតិផង ឥលូវនេះសាមីខ្លួនផ្ទាល់បានប្រកាសជាផ្លូវការអំពីទ្រនំថ្មីត្រូវបន្ដអាជីពបាល់ទាត់ ក្រោយបញ្ចប់កុងត្រាជាមួយក្លឹបភ្នំពេញក្រោនហើយ គឺក្លឹប Krabi FC សមាជិកលីគលំដាប់ទី២ នៃប្រទេសថៃ ។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានប្រកាសលើ Page Facebook ផ្លូវការផ្ទាល់ខ្លួននារសៀលនេះថា «បន្ទាប់ពីការរងចាំប្រាប់អ្នកពីដំណឹងមួយនេះ ខ្ញុំអាចប្រាប់បានហើយថា ខ្ញុំបានធ្វើការចុះកុងត្រាជាមួយ Krabi FC នៅឯប្រទេសថៃ ។ ខ្ញុំពិតជាមានភាពរីករាយណាស់ ដែលអាចឈានទៅដល់គោលដៅមួយរបស់ខ្ញុំបាន វាប្រៀបដូចជាអំណោយឆ្នាំថ្មី២០១៧អីចឹង ។ វាជាការប្រកួតប្រជែង ហើយនឹងជាការបោះជំហានដ៏ធំមួយសម្រាប់ខ្ញុំផងដែរ ខ្ញុំបានត្រៀមចិត្តកាយរួចជាស្រេច ដើម្បីឱកាសដែលខ្ញុំទទួលបាននេះ» ។

ប៉ុន្ដែទោះជាបែបនេះក្ដី ខ្សែបម្រើកណ្ដារូបនេះ ក៏មិនអាចបំភ្លេចទឹកដីកម្ពុជាដែរ ពោលគឺនឹងអភិវឌ្ឍន៍ខ្លួនឲ្យបានកាន់តែល្អ ដើម្បីត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញទៀតផង ។ គេសរសេរថា «សូមថ្លែងអំណរគុណជាអនេក សម្រាប់ការបន្តគាំទ្ររូបខ្ញុំ ក៏ដូចជាការលើកចិត្តឱ្យខ្ញុំខិតខំពុះពារទៅមុខ ។ ខ្ញុំពិតជារំភើបចំពោះបទពិសោធន៍ទាំងនេះ ទាំងការសិក្សាពីអ្វីថ្មីៗហើយនាំយកវាមកកម្ពុជា ។ ខ្ញុំនឹងមិនអាចបំភ្លេចបានពីការឈរឈ្មោះលេងសម្រាប់ប្រទេសយើង ហើយខ្ញុំក៏សង្ឈឹមដែរថា នឹងអាចត្រឡប់មកវិញនៅពេលក្រោយផងដែរ» ។

នេះគឺជាព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ខណៈមួយរយៈពេលមុនមានការភាន់ច្រឡំថា ធារី ចន្ថាប៊ីន បានមកធ្វើតេស្ដសមត្ថភាពជាមួយក្លឹបជើងឯករងលីគកំពូលកម្ពុជា ក្រសួងការពារជាតិ តែតាមពិតគេគ្រាន់តែមកហ្វឹកហាត់ប៉ុណ្ណោះ ។ នេះបើតាមការឲ្យដឹងពីលោក ទេព ឡុងរចនា ជាគ្រូបង្វឹក ។ ប៉ុន្ដែមុនចេញទៅក្លឹប Krabi FC កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ ក៏ធ្លាប់ជួយភ្នំពេញក្រោន លើកពាន ២ឆ្នាំផងដែរ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ អំឡុងពេលគេចុងកុងរយៈ ៤ឆ្នាំជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត