នៅពេលដែលប្រដាល់កំពុងតែមានទីផ្សារ សហព័ន្ធបែរជាបង្ហាញពីភាពទន់ខ្សោយទៅវិញ!

នូ មករា December 30, 2016


ភ្នំពេញ៖ ខណៈដែលទីផ្សារប្រដាល់កំពុងតែមានហាងឆេងខ្លាំងនោះមន្ត្រីប្រដាល់ដែលទទួលបន្ទុកតាមស្ថានីយ៍ទូរទស្សន៍នីមួយៗក៏ស្ទើរតែក្លាយជាស្ដេចត្រាញ់ទៅហើយ ។ ម្នាក់ៗនិយាយឡើងសុទ្ធតែរក្សានូវអ្វីដែលជារបស់ដូនតាបន្សល់ទុកមក ប៉ុន្តែការពិតនោះគឺគ្រាន់តែជាអ្វីដែលក្រុមមនុស្សមួយចំនួនប្រើប្រាស់ឱ្យពីរោះតែលើបបូរមាត់ប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះស្ថានីយ៍ទូរទស្សន៍ខ្លះស្ទើរតែមានបទបញ្ជាប្រកួតមួយដោយឡែកទៅហើយ ដោយមិនគោរពទៅលើគោលការណ៍រួមអ្វីនោះទេ។

ជាក់ស្តែង កាលពីប៉ុន្មានសប្ដាហ៍មុនមានការប្រកួតនៅស្ថានីយ៍ទូរទស្សន៍មួយ (សូមមិនបញ្ចេញឈ្មោះ) ស្រាប់តែលោកប្រធានគណៈវិនិច្ឆ័យបានប្រើឧឃោសនស័ព្ទបន្ទោសខ្លាំងៗចំពោះអ្នកឲ្យទឹកអ្នកប្រដាល់មួយរូបដែលគាត់ព្យាយាមបោះកន្សែងសុំចុះចាញ់ ខណៈដែលគាត់មើលឃើញថាអ្នកប្រដាល់របស់គាត់មិនមានសមត្ថភាពតស៊ូជាមួយគូប្រកួតបានទៀតឡើយបើពុំនោះទេនឹងអាចមានគ្រោះថ្នាក់ជាមិនខាន ។ ផ្ទុយទៅវិញ លោកប្រធានគណៈវិនិច្ឆ័យនោះបានបន្ទោសថាអ្នកឲ្យទឹក ឬ គ្រូបង្វឹកមិនមានសិទ្ធិបោះកន្សែងសុំចុះចាញ់ឡើយគឺមានតែអាជ្ញាកណ្ដាលលើសង្វៀនតែម្នាក់គត់ដែលជាអ្នកដឹងច្បាស់ជាងនរណាទាំងអស់ថា តើកីឡាករនោះមានសមត្ថភាពអាចបន្តការប្រកួតបានទៀតឬទេ ?

ប៉ុន្មានសប្ដាហ៍មុននេះដែរក៏មានលោកអគ្គលេខាធិការរងមួយរូបរបស់សហព័ន្ធប្រដាល់បំភ្លឺថា ការដែលសហព័ន្ធសម្រេចមិនឲ្យមានការបោះកន្សែងបែបនេះដោយសារតែបារម្ភខ្លាចអ្នកឲ្យទឹកនោះឆ្លៀតលក់ការប្រកួតរបស់កីឡាកររបស់ខ្លួនឲ្យអ្នកលេងភ្នាល់លុយ ។ ប៉ុន្មានថ្ងៃក្រោយមកទៀត ក្នុងសន្និសីទកាសែតមួយអ្នកសារព័ត៌មានបានលើកហេតុផលថាបោះកន្សែងវាជាសោភ័ណភាពមួយរបស់ប្រដាល់ហើយប្រទេសណាមួយដែលគេហាមឃាត់មិនឲ្យបោះកន្សែងនោះទេ  ហើយក៏គ្មាននរណាដឹងពីសមត្ថភាពអ្នកប្រដាល់របស់ខ្លួនជាងគ្រូបង្វឹក និងមិត្តរួមក្លិបដែរ ។

ករណីនេះលោកម៉ិល កាដូដែលជាអគ្គនាយរងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជានោះបានបញ្ជាក់ជាផ្លូវការថា ក្នុងបទបញ្ជាសហព័ន្ធប្រដាល់ដែលនៅមានជាធរមាននៅឡើយនោះគ្មានឃ្លាណាមួយដែលហាមមិនឲ្យបោះកន្សែងនោះទេ ។ ករណីហាមមិនឲ្យបោះកន្សែងវាជារឿងរបស់បុគ្គលដែលគាត់មើលបទបញ្ជានៃការប្រកួតនោះមិនចប់ ឬមិនយល់ ។ លោកបន្តថាបើហាមបោះកន្សែងគឺមានន័យថាមិនរក្សានូវអ្វីដែលជាវប្បធម៌ដែលដូនតាបន្សល់ទុកឲ្យនោះឡើយ ។

តាមរយៈការខ្វែងគំនិតគ្នានេះ បានធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ថា អាជ្ញាកណ្ដាលមួយចំនួនបានបំពេញភារកិច្ចប្រាសចាកពីមនសិកា ដោយព្យាយាមសម្របតាមការបញ្ជារបស់ប្រធានគណៈវិនិច្ឆ័យដែលជាអ្នកមានអំណាចខ្ពស់ជាងគេនៅតាមស្ថានីយ៍ទូរទស្សន៍នីមួយៗ ។ ប្រធានគណៈវិនិច្ឆ័យខ្លះខិតខំការពារអ្នកប្រដាល់ដែលខ្លួនជាអ្នកចាប់គូឲ្យក៏មាន ខ្លះទៀតហ៊ានប្រព្រឹត្តអំពើមិនគប្បីជាច្រើនផងដែរ ហើយបើនៅតែបែបនេះទៀត អាចនឹងបណ្តាលឱ្យមានការប៉ះពាល់យ៉ាងខ្លាំងចំពោះវិស័យប្រដាល់គុនខ្មែរថែមទាំងអាចធ្វើឱ្យធ្លាក់ចុះការគំាទ្រពីមហាជនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត