ឆ្នាំមុនចាន់ វឌ្ឍនាកា រកបាន ៣ គ្រាប់ដើម្បីទម្លាក់ក្រុមវៀតណាម ចុះក្នុងជំនួបជាមួយឡាវថ្ងៃស្អែកវិញ?

នូ មករា December 30, 2016


ភ្នំពេញ៖ ក្រុមបឹងកេតអង្គរនឹងត្រូវបំពេញបេសកម្្មដ៏ស្វិតស្វាញនាថ្ងៃស្អែកនេះដើម្បីរក្សាកំណត់ត្រាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Toyota Mekong Club Championship សារជាថ្មី បន្ទាប់ពីទទួលបានលទ្ធផលយ៉ាងល្អកាលពីឆ្នាំមុន ។ យ៉ាងណាក៏ដោយ គូប្រកួត Lanexang United ដែលជាជើងឯកលីគកំពូលនៃប្រទេសឡាវនោះ បានប្តេជ្ញាយ៉ាងមុតមាំហើយថា ពួកគេនឹងប្រកួតយ៉ាងប្តូរផ្តាច់ដើម្បីទម្លាក់ក្រុមម្ចាស់ផ្ទះត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ។

ជាមួយនឹងជំនឿចិត្តខ្ពស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរដែលជាជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦នេះ ហាក់មិនសូវព្រួយបារម្ភ ចំពោះការប្រកួតនេះប៉ុន្មានឡើយ បើទោះបីកីឡាករសំខាន់ៗមួយចំនួន នៅមិនទាន់ជាសះស្បើយពីរបួស ១០០% ក៏ដោយ ។ ដោយលោកបានអះអាងថា មកទល់ពេលនេះស្ថានភាពរបួសរបស់ពួកគេ មានភាពល្អប្រសើរឡើងវិញហើយ ក្នុងនោះកីឡាករបរទេស Gbenga និង Tomo គឺអាចលេងបាន ១០០% តែនៅស្ទើរបញ្ហាកម្លាំងបន្តិច ខណៈដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី ក៏អាចចូលលេងបានវិញដែរ ។

គួររំលឹកថា គឺកីឡាករចាន់ វឌ្ឍនាកា នេះហើយដែលជាអ្នករកបានគ្រាប់បាល់ ៣ គ្រាប់តែម្នាក់ឯងកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំមុនដោយបានទម្លាក់ក្រុមតំណាងប្រទេសវៀតណាម Becamex Binh Duong FC ដែលជាអតីតជើងឯក Toyota Mekong Club Championship 2014 ផងនោះក្នុងលទ្ធផល ៣-២ ដើម្បីបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ដែលនេះគឺជាកំណត់ត្រាដ៏ល្អប្រសើរមួយខណៈដែលក្រុមខ្លាំងមួយនេះទើបតែបានចូលរួមព្រឹត្តិការណ៍ Toyota Mekong Club Championship ជាលើកដំបូងប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ តាមរយៈការប្រកួតបាល់ទាត់ដ៏ធំប្រចាំមហាអនុតំបន់ទន្លេមេគង្គនេះហើយដែលបានធ្វើឱ្យកីឡាករ ចាន់ វឌ្ឍនាកា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បណ្តាក្លឹបនៅក្នុងតំបន់អាស៊ាន ស្របពេលដែលសម្លេងគាំទ្រក្នុងស្រុកបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីរូបគេបានបង្ហាញទម្រង់មួយដ៏ល្អប្រកបដោយសមត្ថភាពខ្ពស់ ។

សូមបញ្ជាក់ថា ក្រុមបឹងកេតអង្គររបស់កម្ពុជា នឹងត្រូវជួបក្រុម Lanexang United របស់ឡាវនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 (TMCC) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ដែលនឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ នារាជធានីភ្នំពេញ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត