អ្នកប្រដាល់សញ្ជាតិកម្ពុជា-គុយបា វ៉ែន រដ្ឋា ទំនងអស់ឱកាសឡើងសង្វៀនហើយ ក្រោយមានរឿងអាស្រូវប្រើសារធាតុហាមឃាត់!

នូ មករា December 28, 2016


ភ្នំពេញ៖ ម្ចាស់មេដាយប្រាក់ SEA Games លើកទី២៨នៅប្រទេសសិង្ហបូរីលើប្រភេទកីឡាប្រដាល់សាកលគឺកីឡាប្រដាល់វ៉ែន រដ្ឋា ដែលមានសញ្ជាតិគុយបានោះទំនងជាអស់ឱកាសឡើងសង្វៀនប្រកួតបន្តទៀតហើយ ។ បន្ទាប់ពីត្រូវបានមន្ត្រីទទួលបន្ទុកខាងប្រឆាំងដូពីង (ប្រឆាំងសារធាតុលើកកម្លាំងក្នុងកីឡា) បានរកឃើញថាកីឡាកររូបនេះបានប្រើប្រាស់សារធាតុហាមឃាត់នោះ ។

សូមបញ្ជាក់ថា កីឡាករវ៉ែន រដ្ឋា ត្រូវបានគេរកឃើញមានសារធាតុលើកកម្លាំងប្រភេទ Opium (ប្រភេទកញ្ឆា) នៅក្នុងសំណាកនៃទឹកនោមដែលត្រូវបានធ្វើកោសល្យវិច្ច័យនៅប្រទេសសិង្ហបូរី ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ១ បានបញ្ចប់ដោយគណៈកម្មការរៀបចំបានតម្រូវឱ្យរាល់ជ័យលាភីដែលដណ្ដើមបានមេដាយមាសទាំងអស់ត្រូវពិនិត្យលើការប្រើប្រាស់សារធាតុហាមឃាត់ជៀសវាងអនុវត្តខុសពីក្បួនច្បាប់កីឡា ។ តាមរយៈកំហុសនេះ រូបគេក៏ត្រូវរងការព្រមានដោយអាចនឹងផ្អាកមិនឲ្យឡើងសង្វៀនប្រកួតរយៈពេល ២ឆ្នាំ ។


យ៉ាងណាក៏ដោយ មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ជាគោលការណ៍គណៈកម្មការបានទុកផ្លូវមួយឲ្យអ្នកប្រដាល់រូបនេះធ្វើការតវ៉ា ហើយភាគីខាងកោសល្យវិច្ច័យក៏ត្រៀមវិភាគលើសំណាកនោះឡើងវិញដែរដើម្បីកុំឲ្យមានកំហុសក្នុងវិជ្ជាជីវៈ ។ ខណៈពេលនេះសាមីខ្លួនក៏បានធ្វើលិខិតសុំទោសទៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារួចរាល់ហើយ ។ ជាការកត់សម្គាល់នោះគឺ មន្ត្រីនានានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាហាក់មិនចង់បញ្ចេញរឿងនេះជាសាធារណៈឡើយ ។ ប៉ុន្តែប្រភពមួយបានលើកឡើងថា ប្រសិនបើការត្រួតពិនិត្យឡើងវិញនៅតែរកឃើញមានសារធាតុហាមឃាត់ដដែលនោះគឺអ្នកប្រដាល់រូបនេះនឹងត្រុូវបាត់បង់ឱកាសហើយ ប៉ុន្តែអាចបំពេញតួនាទីជាគ្រូបង្វឹកវិញ។

ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថា លោកមានការខកចិត្តណាស់នៅពេលដែលមជ្ឈមណ្ឌលជាតិផ្ដល់ព័ត៌មាននេះមកលោក ។ កីឡាកររូបនេះពីមុនគ្មានវិន័យហើយត្រូវអគ្គនាយកកីឡាហៅទៅស្ដីបន្ទោស និងព្រមានបណ្ដេញចេញពីកម្ពុជាតែបន្ទាប់ពីមានការសុំទោស និងសន្យាហ្វឹកហាត់ឲ្យទាន់ពេលវេលា និងមានវិន័យមកនោះគេកែខ្លួនបានល្អ ។ ប្រធានសហព័ន្ធប្រដាល់រូបនេះបញ្ជាក់ថារូបគេជាអ្នកបំផ្លាញខ្លួនឯងហើយៗបន្ទាប់ពីពិនិត្យមើលម្ដងទៀតបើលទ្ធផលនៅដដែលគេនឹងមានឈ្មោះក្នុងបញ្ជីខ្មៅ (Black List) តែម្តង ហើយករណីនេះប្រសិនបើកើតមាននៅក្នុង SEA Games វិញនោះមុខមាត់ប្រទេសមិនដឹងជាយកទៅទុកទីណាទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត