ព័ត៌មានខ្លះៗអំពីក្លឹបបឹងកេតអង្គរ និង Lanexang United មុនជួបគ្នានៅថ្ងៃទី៣១ ខាងមុខនេះ

នូ មករា December 28, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេតអង្គរបានត្រៀមខ្លួនរួចស្រេចហើយសម្រាប់ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 នេះ មិនត្រឹមតែប៉ុណ្ណោះក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ ក៏មានក្តីសង្ឃឹមថានឹងអាចធ្វើបានយ៉ាងល្អមិនខុសពីប្លែកពីការចូលរួមលើកដំបូងនាឆ្នាំ២០១៥ កន្លងទៅឡើយ។


ខណៈពេលរង់ចាំការបង្ហាញខ្លួនជាលើកទី២ នេះ លោកប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្លឹបបឹងកេតអង្គរ ធ្លាប់បានលើកឡើងថា ក្រុមបានរបស់លោក បានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយលោកក៏មានក្តីរំពឹងថា កូនក្រុមរបស់លោកនឹងអាចធ្វើបានយ៉ាងល្អ ជាពិសេសនឹងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដូចកាលពីឆ្នាំមុនដែរ ។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំនេះកីឡាករសំខាន់ៗដូចជាចាន់ វឌ្ឍនាកា និងហុង ផេង ជាដើម សុទ្ធតែកំពុងញាុំញីដោយរបួសដែលមិនទាន់ប្រាកដថាអាចចូលរួមក្នុងយុទ្ធនាការនេះបានឬយ៉ាងណានោះទេ ។  

គួររំលឹកថា បន្ទាប់ពីបានបង្កើតឡើងកាលពីឆ្នាំ២០០៨ មកក្លឹបបឹងកេតអង្គរ បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាចំនួន ២ លើក (ឆ្នាំ២០១២ និង ឆ្នាំ២០១៦) រួចមក និងបានចូលរួមក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship ជាលើកដំបូងនាឆ្នាំ២០១៥ កន្លងទៅ និងបានបង្កើតនូវកំណត់ត្រាដ៏ល្អមួយដោយបានបញ្ចប់ទៅជាមួយនឹងតំណែងជាជើងឯករងបន្ទាប់ពីបានបរាជ័យក្រោមថ្វៃជើងក្រុម Buriram United នៅវគ្គផ្តាច់ព្រ័ត្ររួចមក ដូច្នេះហើយទើបនៅរដូវកាលថ្មីនេះក្រុមបឹងកេតអង្គរត្រូវរង់ចាំប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ។

ចំពោះក្លឹបឡាវ Lanexang United ​វិញត្រូវបានបង្កើតឡើងនាឆ្នាំ២០០៥ និងទើបតែបានឈ្នះពានលីគកំពូលឡាវជាលើកដំបូងក្នុងឆ្នាំ២០១៦ នេះ ។ បច្ចុប្បន្នក្រុមនេះដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេសុីលលោក Leonardo Vitorino  ​និងមានកីឡាករសំខាន់ៗជាច្រើនពិសេសកីឡាករបរទេសដូចជា ខ្សែ​ប្រយុទ្ធប្រេសុីល​​​ Nelisson Teles  និងកីឡាករហុល្លង់ Melvin de Leeuw ដែលទើបតែផ្លាស់មកពីលីគថៃជាដើម ។ សូម​បញ្ជាក់​ថា ក្រុម ​Lanexang United ​បានឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Toyota Mekong Club Championship 2016​ បន្ទាប់​ពី​បាន​យក​​​ឈ្នះ​ក្រុម​របស់​វៀតណាម​ SHB Đà Nẵng ​​ដោយ​លទ្ធផល​ ២-១ និង​​ស្មើ​ក្រុម Yadanarbon ​របស់​មីយ៉ាន់ម៉ា​ ​៣-​៣​​ កាល​ពី​យប់​មិញរួចមក ។ ​​​​​​​​​​​

ក្រុមទាំងពីរនេះនឹងត្រូវជួបគ្នានា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៦:០០​នាទី​ល្ងាច​នៅ​​ពហុ​កីឡដ្ឋាន​ជាតិដើម្បីសម្រេចវាសនាឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ៕

អត្ថបទ៖ មករា

លោកអ្នកអាចតាមដានការប្រកួតតាមរយៈ Toyota Mekong Club Championship

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត