កម្ពុជា-ថៃ រួមគ្នារៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ខ្នាតអន្តរជាតិចាប់ពីឆ្នាំក្រោយទៅ

នូ មករា December 27, 2016


ភ្នំពេញ៖ សហព័ន្ធប្រដាល់កម្ពុជាបានសម្រេចចិត្តចុះអនុស្សារណៈ (MOU) ជាមួយសមាគមប្រដាល់ថៃមួយដែលមានឈ្មោះថា ជំរុំហ្វឹកហាត់សម្ព័ន្ធមិត្តប្រដាល់ថៃ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរវាងប្រទេសទាំងពីរ ។ ព្រឹត្តិការណ៍នេះឧបត្ថម្ភដោយក្រុមហ៊ុនក្នុងស្រុកមួយដែលមានឈ្មោះថា Bridge Marketing Services.Co Ltd ដែលកម្មវិធីនេះសំដៅប្រមូលអ្នកប្រដាល់ដែលល្បីៗជំនាន់នេះ និងអ្នកប្រដាល់ល្បីៗជើងចាស់ឲ្យប្រកួតជាមួយអ្នកល្បីៗជំនាន់ជាមួយគ្នា ។

ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន និង ឧត្តមសេនីយ៍ Tunwakom Tippayachan ដែលជាប្រធានជំរុំហ្វឹកហាត់សម្ព័ន្ធមិត្តប្រដាល់ថៃ បានថ្លែងឱ្យដឹងថាការប្រកួតនឹងចាប់ផ្ដើមពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ តទៅដោយមានឈ្មោះថា R-1 One Round Knockout 2017 ។ ឯកឧត្តមតែម ម៉ឺន បានបន្ថែមថា៖ «អ្វីៗពេលនេះធ្វើឡើងត្រឹមកម្រិតសហព័ន្ធតែប៉ុណ្ណោះតែយើងនឹងផ្ដល់នូវព័ត៌មាននេះដល់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសនៅពេលយើងចេញទៅប្រកួតនៅក្រៅប្រទេសម្ដងៗយើងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរកីឡា និងអូឡាំពិកដែលជាអាណាព្យាបាលរបស់សហព័ន្ធទៀតផង ។ » មេដឹកនាំប្រដាល់រូបនេះបញ្ជាក់ថាការប្រកួតចែកជា ២ប្រភេទគឺការប្រកួតកម្រិតអាជីពដែលត្រូវជ្រើសរើសកីឡាករកម្រិត A-B ដែលមានទម្ងន់ ១៤០ផោនមកប្រកួត  និងការប្រកួតសម្រាប់ប្រភេទអាយុពី ៣៦ដល់ ៤០ឆ្នាំ និង អាយុពី៤១ទៅ ៤៥ឆ្នាំ ហើយត្រូវធ្វើមួយឆ្នាំម្ដងនឹងរៀបចំជាលក្ខណៈអធិកអធមដោយមានប្រទេសច្រើនចូលរួម ពិសេសមានការផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះទៅវិញទៅមកផងដែរ ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៣ ឆ្នាំហើយប្រសិនបើមានវិវាទអ្វីកើតឡើងនោះភាគគីថៃ-កម្ពុជា និង Sponsor នឹងត្រូវរួមគ្នាដោះស្រាយ ហើយក្នុងករណីដែលមិនអាចដោះស្រាយបាននោះគេអាចបញ្ចប់សុពលភាពនៃកិច្ចព្រមព្រៀងនេះបានមុនការកំណត់ ។ មួយវិញទៀត នៅពេលប្រកួតឯកសណ្ឋានអាចដាក់ស្លាកសញ្ញារបស់ក្រុមហ៊ុនឧបត្ថម្ភបានប៉ុន្តែមិនអនុញ្ញាឱ្យប្រទេសដែលជាម្ចាស់ផ្ទះបង្ខំឲ្យភ្ញៀវពាក់ស្លាកឬអ្វីដែលជាអត្តសញ្ញាណរបស់ជាតិខ្លួននោះទេ ពោលគឺប្រទេសដែលចូលរួមត្រូវតែមានសិទ្ធិបង្ហាញនូវអត្តសញ្ញាណជាតិរបស់ខ្លួនក្នុងកម្មវិធីប្រកួតនេះ ។ អ្នកប្រដាល់ជើងចាស់អេ ភូថង, នួន ភិរម្យ, ធី ណារិទ្ធ និង សេន ប៊ុនថេន បានប្រាប់ឲ្យដឹងថាពួកគេនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះព្រោះនេះជាការប្រកួតដែលមានត្រឹមរយៈពេលតែមួយទឹកដែលមាន ៣នាទីប៉ុណ្ណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត