សៀមរាបអង្គរអែហ្វសុី នឹងត្រូវប្តូរឈ្មោះថ្មីជា SOLTILO ANGKOR FC វិញក្រោយការចូលរួមជាផ្លូវការរបស់ Honda

នូ មករា December 27, 2016


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចូលរួមសហការពីសំណាក់កីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោករួចមក ក្លឹបបាល់ទាត់សៀមរាបអង្គរអែហ្វសុី (Siem Reap Angkor FC) នឹងត្រូវប្តូរឈ្មោះថ្មីទៅជា SOLTILO Angkor FC វិញដើម្បីឱ្យស្របទៅនឹងឈ្មោះសាលាបាល់ទាត់ SOLTILO FAMILIA Soccer School ដែលទើបតែត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ ខ្សែប្រយុទ្ធ Keisuke Honda បានលើកឡើងថា ក្លឹបបាល់ទាត់ថ្មីនេះត្រូវបានបង្កើតឡើងដើម្បីជាផ្តល់​ឱកាសឱ្យកុមារកម្ពុជាបានសម្រេចបំណងប្រាថ្នារបស់ពួកគេក្នុងការក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពនាពេលអនាគត ។ ជាមួយគ្នានេះ រូបគេក៏មានក្តីសង្ឃឹមថា ក្លឹបបាល់ទាត់ដែលមានមូលដ្ឋានលើទឹកដីអង្គរដែលជាអតីតរាជធានីនៃចក្រភពខ្មែរនោះ នឹងផ្តល់នូវកីឡាករឆ្នើមៗសម្រាប់ក្រុមជម្រើសជាតិកម្ពុជាជាក់ជាមិនខានឡើយ ។

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់សៀមរាបអង្គរអែហ្វសុីនឹងត្រូវក្លាយជាផ្នែកមួយនៃ Honda Estilo ដែលជាក្រុមហ៊ុនមួយរបស់កីឡាករ Keisuke Honda ផ្ទាល់តែម្ដង និងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលថ្នាលកីឡាបាល់ទាត់នៅតាមបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ។ បើតាមការគ្រោងទុក ក្លឹបថ្មីនេះនឹងត្រូវដំណើរការចាប់ពីឆ្នាំ២០១៧ តទៅ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការសិក្សាទៅលើរចនាសម្ព័ន្ធដឹកនាំ ក៏ដូចជាការរៀបចំកីឡាករផងដែរនោះ ។

គួររំលឹកថា ឆ្នាំ២០១៦ នេះអាចចាត់ទុកថាជាឆ្នាំដ៏ជោគជ័យមួយសម្រាប់ក្រុម Siem Reap Angkor FC ដែលមានមូលដ្ឋាននៅលើទឹកដីនៃអតីតចក្រភពខ្មែរសម័យមហានគរដោយបានទទួលនូវកិត្តិនាមជាបន្តបន្ទាប់នៅក្នុងកការប្រកួតធំៗនៅក្នុងប្រទេសរួមដែលមានដូចជា បានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានសម្តេចតេជោហ៊ុន សែន (Hun Sen Cup 2016), ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជាតិលើកទី១ ក៏ដូចជាទើបតែបានឈ្នះចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតបាល់ទាត់លីគទី២ ផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត