ខ្សែប្រយុទ្ធដ៏ឆ្នើមជាងគេទាំង ១០ រូបក្នុងប្រវត្តិសាស្ត្រពាន AFF Suzuki Cup

នូ មករា December 22, 2016


សិង្ហបុរី៖ គេហទំព័រ fourfourtwo ទើបតែបានចេញផ្សាយនូវបញ្ជីឈ្មោះកីឡាករបាល់ទាត់ចំនួន ១០ រូបដែលត្រូវបានចាត់ទុកថាជាខែ្សប្រយុទ្ធដ៏ឆ្នើមជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ​AFF Suzuki Cup គិតតាំងពីការបង្កើតឡើងដំបូងនាឆ្នាំ១៩៩៦ មកទល់ឆ្នាំ២០១៦ នេះ​។ កីឡាករទាំង ១០ រូបនោះរួមមាន៖

១. កីឡាករ Teerasil Dangda (ថៃ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិថៃរូបនេះអាចចាត់ទុកថាជាកីឡាករនាំសំណាងមួយរូបដោយហេតុថាគេតែងតែធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតដ៏ធំប្រចាំតំបន់នេះ ជាពិសេសរូបគេក៏ទើបតែឈ្នះពានកីឡាករដែលទាត់បញ្ចូលទីបានច្រើនប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2016 ផងដែរ ។

២. កីឡាករ Le Cong Vinh (វៀតណាម)៖ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះត្រូវបានចាត់ទុកថាជាវីរៈបុរសមួយរូបនៅក្នុងវិស័យបាល់ទាត់នៃវៀតណាម បន្ទាប់ពីបានជួយឱ្យក្រុមរបស់ខ្លួនបានឈ្នះពាន AFF Suzuki Cup 2008 រួចមក ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏ធ្លាប់ត្រូវបានគេហទំព័រកីឡាបាល់ទាត់ Goal ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំតំបន់អាសុីថែមទៀតផង ។

៣. កីឡាករ Worrawoot Srimaka (ថៃ)៖ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Songkhla រូបនេះត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រ AFF បន្ទាប់ពីបានរកបានគ្រាប់បាល់ hat-trick កាលពីឆ្នាំ២០០០ ក្នុងជ័យជម្នះលើក្រុមជម្រើសជាតិឥណ្ឌូនេសុីដើម្បីគ្រងតំណែងជើងឯកនាឆ្នាំនោះ ។ ក្នុងឱកាសបង្ហាញខ្លួន ៤ លើក (ពីឆ្នាំ១៩៩៦-២០០០) ក្នុងព្រឹត្តិការណ៍ AFF កីឡាករររូបនេះបានរកបានគ្រាប់បាល់សរុបចំនួន ១៥ គ្រាប់ ។

  

៤. កីឡាករ Kiatisuk Senamuang (ថៃ)៖ គ្រូបង្វឹកជម្រើសជាតិថៃដែលទើបតែផុតកុងត្រារូបនេះ ក៏ជាខ្សែប្រយុទ្ធដ៏ខ្លាំងមួយរូបដែលត្រូវបានគេចាត់ទុកថាជាធនធានកម្ររកបាននៅក្នុងតំបន់អាសុីអាគ្នេយ៍ និងធ្លាប់ជាកីឡាករល្អជាងគេកាលពីរដូវកាលឆ្នាំ២០០ ផងដែរ ។ ក្នុងអាជីពជាគ្រូបង្វឹកវិញលោកបានដឹកនាំក្រុមដំរីសឹកថៃឈ្នះពាន AFF ចំនួន ២ លើកជាប់ៗគ្នា (២០១៤ និង ២០១៦) និងធ្លាប់ត្រូវបានវាយតម្លៃថាជាគ្រូបង្វឹកល្អជាងគេនៅក្នុងតំបន់អាស៊ានទៀតផង ។

៥. កីឡាករ Khairul Amri (សិង្ហបុរី)៖ ខ្សែប្រយុទ្ធរូបនេះបានទទួលការកោតសរសើរ និងមានប្រជាប្រិយជាខ្លាំងនៅក្នុងប្រទេសដែនដីកោះសិង្ហបុរីព្រមទាំងធ្លាប់ជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនបានឈ្នះពាន AFF កាលពីឆ្នាំ២០០៧ បន្ទាប់ពីបានទាត់បញ្ចូលទីក្រុមម្ចាស់ផ្ទះថៃក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៅលើទីលាននៃកីឡដ្ឋាន Suphachalasi Stadium រួចមក ។

៦. កីឡាករ Safee Sali (ម៉ាឡេសុី)៖ ខ្សែប្រយុទ្ធរូបនេះមិនសូវជាមានឈ្មោះបោះសម្លេងប៉ុន្មានឡើយនៅក្នុងប្រទេសកំណើតរបស់ខ្លួនដោយសារតែរូបគេចូលចិត្តលេងនៅក្រៅស្រុកច្រើនជាង ប៉ុន្តែបច្ចេកទេសក្នុងការទាត់បញ្ចូលទីនាពេលកន្លងមកបានបន្សល់ទុកនូវការចងចាំដ៏ល្អមួយនៅក្នុងប្រវត្តិសាស្ត្រ AFF ។

៧. កីឡាករ Bambang Pamungkas (ឥណ្ឌូនេសុី)៖ ម្ចាស់ពានកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេកាលពីឆ្នាំ២០០២ នេះធ្លាប់រកបានគ្រាប់បាល់ជាច្រើនដល់ក្រុមជម្រើសជាតិរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ AFF ពីឆ្នាំ២០០២ រហូតដល់ ឆ្នាំ២០១០ ។

៨.​កីឡាករ Le Huynh Duc (វៀតណាម)៖ ខ្សែប្រយុទ្ធដែលមានប្រភពមកពីក្រុមហូជីមិញនេះធ្លាប់បានជួយក្រុមជម្រើសជាតិរបស់ខ្លួនជាច្រើននៅក្នុងការប្រកួត ៦ ឆ្នាំចុងក្រោយនេះ ។

៩. កីឡាករ Noh Alam Shah (សិង្ហបុរី)៖ បុរសម្នាក់នេះហើយដែលបានជាប់កំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេក្នុងព្រឹត្តិការណ៍ AFF ពោលគឺរកបាន ១៧ គ្រាប់តែម្នាក់ឯង ក្នុងនោះ ៧ គ្រាប់រកបានក្នុងជំនួបជាមួយក្រុមជម្រើសជាតិឡាវកាលពីឆ្នាំ២០០៧  និង ៣ គ្រាប់ទៀតរកបានកាលជំនួបជាមួយក្រុមមីយ៉ាន់ម៉ា នាឆ្នាំ២០០៤ ។

 

១០. កីឡាករ Kurniawan Dwi Yulianto (ឥណ្ឌូនេសុី)៖ អតីតខ្សែប្រយុទ្ធរូបនេះមានប្រវត្តិលេងឱ្យក្លឹបជាច្រើន និងបានចូលនិវត្តន៍តាំងតែពីឆ្នាំ២០០៤ មកម្ល៉េះ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត