ព្រឹត្តិការណ៍ ⁣⁣Sponsor Futsal Cup2016 មកដល់វគ្គផ្ដាច់ព្រ័ត្រ

នូ មករា December 9, 2016


ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទីលានខ្នាតតូចដែលចាប់ផ្ដើមតាំងពីថ្ងៃទី ២២ ខែតុលា មកនោះ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃទី ១០ និង ១១ ខែ ធ្នូ នេះនៅទីលាន T-Soccer ។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការប្រកួតជម្រុះចំនួន ៥ មណ្ឌលដើម្បីជ្រើសរើសយកក្រុមខ្លាំងចំនួន ២ ក្រុមពីមណ្ឌលនីមួយៗ។ មណ្ឌលទាំង ៥ នោះគឺខេត្តកណ្ដាល រាជធានីភ្នំពេញ សៀមរាប បាត់ដំបង និង មណ្ឌល ខេត្តព្រះសីហនុ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលមានក្រុមខ្លាំងចំនួន ១០ មកពីមណ្ឌលទាំង ៥ នោះត្រូវបានបែងចែកជា ២ ពូលដោយ ពូលនីមួយៗ មាន ៥ ក្រុម។ ពូលនីមួយៗត្រូវប្រកួតជម្រុះយក ២ ក្រុមដើម្បីឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមថាក្រុមណាជាក្រុមជើងឯក ឯ ក្រុមចាញ់ប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។

ក្រុមខ្លាំងទាំង ១០ មកពីមណ្ឌលទាំង ៥ នោះគឺពូល A ក្រុម Victory FC ជាក្រុមចំណាត់ថ្នាក់លេខ ១ មកពី មណ្ឌលខេត្តកណ្ដាល Rolling FC ជាក្រុមចំណាត់ថ្នាក់លេខ ២​ មណ្ឌលភ្នំពេញ សៀមរាប FC ជាក្រុមលេខ ១ មកពី មណ្ឌលខេត្តសៀមរាប FC Crown ជាក្រុមលេខ ២ មកពីមណ្ឌលខេត្តបាត់ដំបង និង ក្រុមយុវជននគរបាល A ជា ក្រុមលេខ ១ មកពីមណ្ឌលខេត្តព្រះសីហនុ ។ ពូល B ក្រុម Ov Mal TrueBrands ជាក្រុមលេខ ១មណ្ឌលភ្នំពេញ Daun Penh FC ជាក្រុមលេខ ២ មក ពីមណ្ឌលខេត្តកណ្ដាល Fox Zone FC ជាក្រុមចំណាត់ថ្នាក់លេខ ១ មកពីមណ្ឌលខេត្តបាត់ដំបង អង្គរសៀមរាប ជាក្រុមលេខ ២ មកពីមណ្ឌលខេត្តសៀមរាប និង ក្រុមតោមាស ជាក្រុមលេខ ២មកពីខេត្តព្រះសីហនុ។

វគ្គផ្ដាច់ព្រ័ត្រនេះមានចំនួន ២៥ ប្រកួត ហើយការប្រកួតមានរយៈពេល ១៥ នាទី ២ ដង។ ការប្រកួតផ្ដាច់ព្រ័ត្រនេះក្រុមជើងឯកបានទទួលមេដាយមាស ទង់ជ័យលាភី ថវិកាអម ៨.០០០.០០០ រៀល និងភេសជ្ជៈ Sponsor ៦ កេស ក្រុមលេខ ២ បានមេដាយប្រាក់ថវិកាអម ៦.០០០.០០០ រៀល ភេសជ្ជៈ Sponsor ៦ កេស លេខ ៣ បានមេដាយសំរិទ្ធ រង្វាន់អម ៤.០០០.០០០រៀល ភាសជ្ជៈSponsor ៦ កេស។ ចំពោះក្រុមដែលបានចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ១០ បានប្រាក់លើកទឹកចិត្ត ២.០០០.០០០ រៀល និង Sponsor ៦ កេសក្នុងមួយក្រុមៗ។ ក្រុមFair-Play បានរង្វាន់ ៥០០.០០០រៀល និង អ្នកទាត់បាល់ចូលទីបានច្រើនជាងគេដែលរង្វាន់អាស្រ័យទៅលើទឹកប្រាក់ដែលពិន័យបានគឺកាតក្រហម ២០.០០០ រៀល និង កាតលឿង ១០.០០០ រៀល៕

អត្ថបទ៖ វាន្នី

មតិយោបល់