សុខ ចាន់មាន មកដល់មាតុភូមិដោយសុវត្ថិភាព និងត្រៀមចូលជួបសម្តេចតេជោនៅថ្ងៃស្អែកនេះ

នូ មករា December 8, 2016


ភ្នំពេញ៖ កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាសប៉េតង់ពិភពលោកបានធ្វើដំណើរមកដល់មាតុភូមិកម្ពុជាវិញដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៧ ខែធ្នូម្សិលមិញនេះ ដោយមានពិធីទទួលយ៉ាងអធិកអធមពីសំណាក់ថ្នាក់ដឹកនាំកីឡា និងអត្តពលិកមកពីបណ្ដាសហព័ន្ធផ្សេងៗ និងមហាជនជាច្រើននាក់ ។


ដូចអ្វីដែលបានគ្រោងទុកម្ចាស់មេដាយមាសពិភពលោករូបនេះ​ ត្រូវបានទទួលដោយរថយន្តដែលមានចងទង់ជាតិខ្មែរ និងហែរអមដោយក្បួនម៉ូតូកិត្តិយសចំនួន ១២គ្រឿង និងអ្នកហែហមជាច្រើនផ្សេងទៀត ពីអាកាសយានដ្ឋានអន្ដរជាតិមកកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីជួបសំណេះសំណាលជាមួយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ផងដែរ។

ជោគជ័យនេះដែរ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្ដែងការអបអរសាទរ និងកោតសរសើរជាខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់កីឡាករកម្ពុជា ពិសេសគឺកីឡាករ សុខ ចាន់មាន ដែលបង្កើតបានកំណត់ត្រាថ្មីមួយទៀតក្នុងការដណ្ដើមយកមេដាយមាសកម្រិតពិភពលោកជូនប្រទេសជាតិ។ លើសពីនេះ សម្ដេចតេជោក៏បានប្រកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយកីឡាករឆ្នើមរូបនេះ នាវេលាម៉ោង ៤ល្ងាចថ្ងៃទី៩ ខែធ្នូខាងមុខផងដែរ នៅវិមានសន្តិភាព ដើម្បីសំណេះសំណាលអបអរសាទរ និងលើកទឹកចិត្ត។

គួរបញ្ជាក់ថា សុខ ចាន់មាន បានក្លាយជាម្ចាស់មេដាយមាសពិភពលោកលើវិញ្ញាសាវាយយកពិន្ទុដែលមានគូប្រជែងចំនួន ៤៧នាក់មកពីជុំវិញពិភពលោក។ នៅក្នុងការប្រកួត ចាន់មាន ធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ រហូតសន្សំបានពិន្ទុឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានប្រកួតឈ្នះកីឡាករបារាំង Boursicaud Bruno ដោយលទ្ធផល ៣៦-២៩ ដើម្បីឈ្នះមេដាយមាសពិភពលោកតែម្ដង ខណៈមេដាយប្រាក់ បានទៅកីឡាករបារាំង និងមេដាយសំរឹទ្ធ បានទៅកីឡាករថៃ និងកីឡាករអុីតាលី ៕

អត្ថបទ៖ ​រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត