សហព័ន្ធប៉េតង់ បញ្ជូនកីឡាករ ៤ រូបទៅដណ្ដើមមេដាយពិភពលោកនៅប្រទេសម៉ាដាហ្គាស្កា

នូ មករា November 28, 2016


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅប្រទេស Madagascar ដើម្បីត្រៀមចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៦ នាដើមខែក្រោយនោះ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានដឹកនាំអត្តពលិក៤រូបចេញដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញនេះ ។ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៦នេះ មាន ៥៤ប្រទេសចូលរួម ដែលគ្រោងនឹងចាប់ផ្ដើមប្រកួតផ្លូវការពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូខាងមុខ ។ ប៉ុន្ដែព្រឹត្តិការណ៍នេះ មានតែវិញ្ញាសាបុរសប៉ុណ្ណោះ មិនមានវិញ្ញាសាប្រកួតផ្នែកនារីនោះទេ ដោយសារការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនេះ បែងចែកដាច់ពីគ្នា ដោយបុរស និងនារី ត្រូវប្រកួតឆ្លាស់គ្នាជារៀងរាល់ ២ឆ្នាំម្ដង ។

14424882_910906619013555_9088907146687698578_o

អគ្គលេខាធិការរងសហព័ន្ធលោក សូម៉ៃ សុខគាបានឱ្យដឹងថា៖ នេះជាលើកទី២ ហើយ ដែលក្រុមកីឡាប៉េតង់បុរសកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះ បន្ទាប់ពីខកខានមិនបានចូលរួមជាច្រើនឆ្នាំ ។ កាលពីលើកទី១ កីឡាករកម្ពុជា សៀង វណ្ណា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុនៅប្រទេសបារាំង ប៉ុន្ដែការចូលរួមលើកនេះ លោកជឿជាក់លើសមត្ថភាពកីឡាករកម្ពុជាថា នឹងអាចដណ្ដើមបានមេដាយជូនជាតិបន្ថែមទៀត ប៉ុន្ដែមិនទាន់ដឹងកម្រិតមេដាយអ្វីនោះទេ ។

15192695_1781184488797205_1263847408033196961_n

លោកបន្តថា៖ «ក្រុមកីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ៤រូប រួមមានកីឡាករ ថោង ឈឿន, ញ៉ែម បូរ៉ា , យ៉ា ចាន់ដារ៉ារិទ្ធ និង សុខ ចាន់មាន ។ កីឡាករកម្ពុជាទាំង ៤រូប ដែលត្រូវបានសហព័ន្ធសម្រេចបញ្ជូនទៅប្រកួតជើងឯកពិភពលោកនេះ គឺសុទ្ធតែឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពតាមរយៈការប្រកួត និងវិនិច្ឆ័យលើសមិទ្ធផលកន្លងមករបស់ពួកគេ ។ បេសកកម្មលើកនេះដែរ គឺទទួលបានការឧបត្ថម្ភពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ។»

15181468_1236898889699558_3139910752143261341_n

ជាមួយគ្នានេះផងដែរមុនចេញដំណើរកីឡាករ សុខ ចាន់មាន អតីតម្ចាស់មេដាយមានកម្រិតទ្វីបអាស៊ី និងជាម្ចាស់មេដាយកម្រិតតំបន់អាស៊ានជាច្រើន រួមទាំងមិត្តរួមជាតិ សុទ្ធតែមានជំនឿចិត្តលើសមត្ថភាពរៀងៗខ្លួន ជាមួយនឹងបេសកកម្មដ៏សំខាន់នេះ ដោយពួកគេសុទ្ធតែរំពឹងឈ្នះមេដាយត្រឡប់មកវិញ ហើយរឹងតែបេ្ដជ្ញាចិត្តការពារកិត្តិយសប្រទេសកម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាសពិភពលោកផ្នែកនារី និងមេដាយប្រាក់ផ្នែកបុរសទៀតផង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត