AFF Suzuki Cup: បុរសខ្លាំង ដែលដឹកនាំក្រុមជើងឯក ៤ សម័យកាលទំាងពីរ និយាយអ្វីខ្លះមុនជួបគ្នាល្ងាចនេះ?

នូ មករា November 22, 2016


ម៉ានីល៖ ជំនួបរវាងក្រុមជម្រើសជាតិថៃ និង សិង្ហបុរី គឺជាការប្រកួតដែលគេទន្ទឹងរង់ចាំមើលបំផុតមួយនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះ ខណៈដែលក្រុមខ្លាំងទាំងពីរសុទ្ធតែធ្លាប់គ្រងតំណែងជើងឯក ៤ សម័យកាលដូចគ្នាផងដែរ ។ ជាងនេះទៅទៀត ជ័យជម្នះនាល្ងាចនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមទាំងសងខាង ពិសេសក្រុមតោសិង្ហបុរីតែម្តងបន្ទាប់ពីបានត្រឹមស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីនកាលពីថ្ងៃប្រកួតបើកឆាកនោះ។

BULACAN - PHILIPPINES - Press Conference on November 21, 2016 before the AFF Suzuki Cup 2016 Final Rounds Group A match between Thailand and Singapore. Picture by Anton Sheker/Lagardere Sport.

សម្រាប់លោក Kiatisuk Senamuang ដែលជាគ្រូបង្វឹកក្រុមដំរីសឹកថា បានលើកឡើងថា នេះគឺជាការរំលឹកមួយដល់ការប្រកួតដែលលោក និងគ្រូបង្វឹកសិង្ហបុរី Sundramoorthy បានជួបគ្នាកាលពីអំឡុងទសវត្សរ៍ ១៩៩០ ជាពេលដែលោកទាំងពីរស្ថិតនៅជាកីឡាករនៅឡើយនោះ។ គ្រូបង្វឹកដែលមានរហស្សនាមថា Zico រូបនេះបានបន្ថែមថា៖ «យើងនឹងប្រកួតដោយស្វិតស្វាញ ខ្ញុុំបានស្គាល់លោក Sundram តាំងពីពេលដែលយើងនៅជាកីឡាករម្ល៉េះ ហើយឥលូវនេះយើងទាំងពីរសុទ្ធតែជាគ្រូបង្វឹកដូចគ្នា ។ ខ្ញុំគិតថា នេះជាការប្រកួតដ៏លំបាកមួយ ព្រោះសិង្ហបុរីដែលកំពុងតែមានតែ ១ ពិន្ទុក្នុងដៃនោះ នឹងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីជ័យជម្នះ ពិសេសពួកគេមានប្រព័ន្ធការពារដ៏រឹងមាំ ប៉ុន្តែក្រុមរបស់យើងនឹងខិតខំឱ្យអស់ពីសមត្ថភាពសម្រាប់ជំនួបនេះ ។ »
6

ជាមួយគ្នានេះដែរ លោក Sundramoorthy គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរីបានលើកឡើងថា៖ «លោក Kiatisuk គឺជាមិត្តល្អម្នាក់ ហើយគាត់នៅតែរឹងមាំដដែល ជាពិសេសក្រុមរបស់ខ្ញុំនឹងត្រូវជួបជាមួយកូនក្រុមរបស់គាត់ដែលជាអ្នកការពារតំណែងជើងឯក ដូច្នេះវាច្បាស់ជាការប្រកួតដ៏លំបាកមួយ ហើយយើងត្រូវតែផ្តោតចិត្តខ្លាំង និងព្យាយាមធ្វើឱ្យបានល្អបំផុតដើម្បីដណ្តើមយកពិន្ទុបន្ថែមទៀត ។» លោកបានបន្ថែមថា៖ « ជម្រើសជាតិថៃមានកីឡាករល្អជាច្រើន ហើយពួកគេក៏មានខ្សែប្រយុទ្ធឆ្នើម ២ រូបដែលមានសមត្ថភាព និងភាពសហការគ្នាបានយ៉ាងល្អដើម្បីស្វែងរកគ្រាប់បាល់សម្រាប់ក្រុមរបស់ពួកគេ។ »

6-1

សូមបញ្ជាក់ថា សម្រាប់ក្រុមដំរីសឹកថៃ ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្ដង មានន័យថា បើសិនថៃ យកឈ្នះក្រុមសិង្ហបុរីល្ងាចនេះ គឺថៃមិនបាច់ខ្វល់ការប្រកួតចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីនឡើយ ។ ផ្ទុយពីគ្នា គឺសិង្ហបុរីត្រូវការឈ្នះដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមរបស់ខ្លួន ព្រោះពេលនេះសិង្ហបុរី ទើបរកបាន ១ពិន្ទុក្នុងដៃប៉ុណ្ណោះ ក្រោយប្រកួតស្មើហ្វីលីពីន ០-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ដូច្នេះ ការប្រកួតនាល្ងាចនេះគឺជាជំនួបដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិថៃ និង សិង្ហបុរី ដែលសុទ្ធតែជាម្ចាស់ជើងឯក ៤ សម័យកាលដូចគ្នានោះ៕

អត្ថបទ៖ មករា

 

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត