«ជិះកង់ទៅសាលារៀន» ដំណើរឆ្ពោះទៅរកគោលដៅអមដោយព្រៃព្រឹក្សា និងការតាំងចិត្តខ្ពស់

គឹមហុក February 9, 2015


អង្គការដើម្បីភាពញញឹមនៃកុមារ

អង្គការដើម្បីភាពញញឹមនៃកុមារ

អត្ថបទ៖ បារាំង

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ត្រូវបានបង្កើតឡើង​នៅចុងឆ្នាំ១៩៩៥ ក្នុងគោលដៅដើម្បីផ្តល់អាហារ ជម្រក ការថែទាំសុខភាព ចំណេះដឹង​ទូទៅ ​និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារ ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ កុមារដែលរងការរំលោភ​បំពាន និង​កុមារដែលមិនមានការអប់រំនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ​ និងខេត្តសៀមរាប។ បច្ចុ​ប្បន្ននេះ PSE កំពុងផ្តល់ជំនួយដល់កុមារជិត ៧០០០នាក់ ក្នុងនោះមានកុមារប្រមាណ ៣​០០០នាក់សិក្សានៅ​តាមសាលារដ្ឋ និងកុមារ១៥០០នាក់ សិក្សានៅក្នុងកម្មវិធីអប់រំពន្លឿនសិក្សា ខណៈកុមារ១៨០០នាក់ កំពុងសិក្សានៅក្នុង​កម្មវិធី​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងកុមារប្រហែល១០០០នាក់ទៀតកំពុងស្ថិតនៅក្នុងកម្មវិធីអប់រំជាក់លាក់​ដែល​មាន​ដូចជា៖ ថ្នាក់សម្រាប់កុមារដែលមាន​ពិការភាព មណ្ឌលថែទាំកុមារ និងសុខុមាលភាពទារក ។ល។

ក្រៅពីនេះដើម្បីចូលរួមចំណែកក្នុងវិស័យសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍ផ្សេងជាច្រើនក្នុងគោលបំណងបង្កើតសាមគ្គីភាព ភាពជិតស្និទ្ធ និងបង្កើតភាពកក់ក្តៅដល់កុមារ ព្រមទាំងប្រមូលមូលនិធិជួយដល់កម្មវិធីអប់រំរបស់អង្គការផងដែរនោះព្រឹត្តិការណ៍ ជិះកង់ទៅសាលា ដែលជាឈ្មោះរបស់ព្រឹត្តិការណ៍ជិះកង់ដ៏ធំមួយនៅ ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១០ ខែមករា កន្លងទៅដែលជាព្រឹត្តិការណ៍កីឡាមួយក្នុងចំណោមកម្មវិធីដទៃៗទៀតដែលត្រូវបានរៀបចំឡើង។

តាមការគ្រោងទុកនៅឆ្នាំនេះអ្នកជិះកង់ចំនួន ៣០០នាក់នឹងចូលរូមក្នុងព្រឹត្តិការណ៍ជិះកង់ទៅសាលានេះ។ ប៉ុន្តែចំនួននៃអ្នកចូលរួមនៅថ្ងៃនោះបានកើតឡើងហួសពីការរំពឹងទុកពោលគឺមានអ្នកចូលរួមប្រមាណ ៣២១នាក់ឯណោះ នេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តព្រមទាំងឆន្ទៈរបស់ក្នុងការចូលរួមជួយដល់កុមារជាពិសេសកុមារក្រីក្រនៅតាមជនបទតាមរយៈការចូលរួមរបស់ខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ប្រជាជនកម្ពុជា ជនបរទេស អ្នកជំនាញ និងអ្នកដែលមិនមានជំនាញជិះកង់ជាច្រើនរយនាក់បានចុះឈ្មោះជិះកង់ដើម្បីជួយកុមារក្រីក្រទាំងឡាយនៅក្នុងសហគមន៍ក្នុងខេត្តកំពត។

ព្រលឹមស្រាងៗដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់បែរទៅជាមានសភាពអ៊ូអរអមទៅដោយសម្លេងជជែកគ្នារបស់អ្នកចូលរួមបូករួមទាំងចំនួនមនុស្សក៏មានច្រើនផងនោះបានរុញច្រាននូវសភាពស្ងាត់ជ្រងំដោយប្តូរមកវិញនូវភាពរីករាយពោរពេញទៅដោយក្តីរំភើបអមដោយឆន្ទៈមោះមុត និងម្យ៉ាងពួកគេក៏ត្រូវបានហៅថាជាវីរបុរស(Hero) សម្រាប់កុមារជាពិសេសកុមារនៅឯខេត្តកំពតដែលជាគោលដៅផ្តាច់ព្រ័ត្រតែម្តងដោយសារថានៅក្នុងព្រឹត្តិការណ៍មួយនេះមានគោលបំណងចម្បងដើម្បីប្រមូលមូលនិធិជួយដល់កម្មវិធីអប់រំតាមរយៈការផ្តល់កង់ចំនួន៣០០គ្រឿងដល់កុមារក្រីក្រក្នុងការជួយពួកគេឱ្យបានសិក្សារៀនសូត្រនៅឯខេត្តកំពតផ្ទាល់។ គូសបញ្ជាក់ផងដែរ ថាអ្នកចូលរួមអាចជ្រើសរើសនូវប្រភេទក្រុមដែលខ្លួនពេញចិត្ត និងទៅតាមសមត្ថភាពរបស់ខ្លួនក្នុងនោះមានបីក្រុមគឺ៖ «ក្រុមខ្លា» សម្រាប់អ្នកជំនាញជិះកង់ពោលគឺសម្រាប់កីឡាករ កីឡាការិនីដែលធ្លាប់បាន ហ្វឹកហាត់ ឬធ្លាប់ចូលរួមប្រកួតការជិះកង់កន្លងមក ឬអ្នកដែលគិតថាខ្លួនអាចធ្វើបាន។ ដោយសារក្រុមនេះគឺជិះកង់រហូតដល់ខេត្តកំពតឯណោះ។ ទីពីរគឺ «ក្រុមទន្សាយ» សម្រាប់អ្នកជំនាញជិះកង់មធ្យមគឺសម្រាប់អ្នកដែលអាចជិះបានចម្ងាយមធ្យមទៅតាមកម្លាំងរបស់ខ្លួន និងទីបី «ក្រុមសប្បាយៗ» ដោយធ្វើដំណើរតាមដែលអ្នកអាចធ្វើទៅបានគឺជាប្រភេទក្រុមសម្រាប់អ្នកដែលមិនធ្លាប់បានជិះកង់ឆ្ងាយ ឬជាកុមារជាដើម និងជាក្រុមសម្រាប់អ្នកដែលរីករាយជាមួយនឹងការជិះកង់របស់ខ្លួនដោយមិនរំពឹងថាជិត ឬឆ្ងាយពោលគឺជិះបានត្រឹមណាឈប់ត្រឹមហ្នឹង! ហើយបន្តឡើងឡានជិះទៅខេត្តកំពតតែម្តង។ ដោយក្នុងកម្មវិធីនេះមានក្រុមការងារជួយសម្រួលដល់អ្នកចូលរួម និងមានឡានសម្រាប់ដឹកអ្នកចូលរួមផងដែរ។

ម៉ោងប្រមាណជា ៦ព្រឹកនាថ្ងៃទី១០ ខែមករា ខណៈដែលចរាចរណ៍ហាក់មិនសូវមមាញឹកក្បួនជិះកង់បានចេញដំណើរយ៉ាងវែងអន្លាយរំលេចឡើងនូវពណ៌ទឹកក្រូចនៃផ្ទៃអាវរបស់អ្នកចូលរួមបង្កើតបានជាទស្សនីយភាពគួរជាទីគយគន់នាវេលាពេលព្រឹកព្រហាម។ យ៉ាងណាមិញក្បួនមួយនេះបានធ្វើដំណើរយ៉ាងសន្សឹមៗរហូតផុតរង្វង់មូលចោមចៅតាមផ្លូវជាតិលេខ៣ ទើបឆ្ពោះទៅខេត្តកំពត។ នៅតាមផ្លូវពោរពេញទៅដោយអ្នកជិះកង់ ប៉ុន្តែមិនបណ្តាលឱ្យមានការកកស្ទះនោះទេ។ ដើម្បីទប់ទល់នឹងកំដៅព្រះអាទិត្យបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវបានយកដៃបាំងកំដៅថ្ងៃឈរមើលអ្នកជិះកង់ ចំណែកក្មេងៗខ្លះរត់តាម ឯខ្លះទៀតជិះកង់ចូលរួមបន្តិចដែរ។ រំលងបានឆ្ងាយពីជាយក្រុងបន្តិចគម្លាតរវាងក្រុមដែលចូលរួមពីគ្នាហាក់ឃ្លាតកាន់តែឆ្ងាយពីគ្នាបន្តិចម្តងៗ ពោលគឺក្រុមខ្លា បានធ្វើដំណើរនាំមុខគេហើយល្បឿនក៏លឿនជាងក្រុមដទៃដែរដោយសារថាក្នុងក្រុមនេះសុទ្ធសឹងតែជាអ្នកអាជីព។ ងាកទៅមើលនៅតាមផ្លូវក៏មាននូវអ្នកចូលរួមខ្លះឈប់សម្រាកនៅតាមកន្លែងដែលក្រុមការងារបានរៀបចំឯអ្នកខ្លះសម្រាកនៅតាមផ្ទះប្រជាពលរដ្ឋអ្នកខ្លះទៀតចូលទៅទិញភេសជ្ជៈហើយឆ្លៀតសម្រាកយកកម្លាំងដើម្បីបន្តដំណើរតទៅមុខទៀត។ សកម្មភាពទាំងអស់នេះបានបង្កើតឱ្យមាននូវភាពសប្បាយរីករាយ សាមគ្គីភាព អមដោយ ឆន្ទៈមោះមុត និងទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមនាពេលនោះ។

ជាក់ស្តែងក្នុងចំណោមនោះកុមារាម្នាក់ដែលទើបតែមានអាយុ ៨ឆ្នាំសោះ បានចូលរួមជិះកង់ក្នុងកម្មវិធីនេះហើយអាចជិះបានប្រមាណ៧០គីឡូម៉ែត្រឯណោះ។ ហួសឆ្ងាយទៅបន្តិចទៀតមើលពីចម្ងាយទៅស្មានថាអ្នកមានវ័យស្រករអ្នកឯទៀត ប៉ុន្តែជាមួយនឹងរូបរាងកាយចំណាស់ និងមានស្នាមជ្រីវជ្រួញផងនោះ លោកតា លុយ សុខុម (Luy Sokhom) ដែលមានអាយុ៨៣ឆ្នាំក៏ពិតមែនក្តី ប៉ុន្តែបានធ្វើឲ្យអ្នកចូលរួមឯទៀតមិនសរសើរមិនបាន ព្រោះថាថ្វីបើអាយុលោកតាចាស់ក៏ពិតមែនប៉ុន្តែទឹកចិត្តរបស់លោកតាមិនបានចាស់ឬបាត់បង់នោះទេពោលគឺលោកតាបានជិះកង់រហូតទៅដល់ចម្ងាយ១៤០គីឡូម៉ែត្រដែលស្ថិតក្នុងចម្ងាយដែលត្រូវធ្វើដំណើរទៅកាន់ខេត្តកំពតបានដោយជោគជ័យ។ ដូចអ្វីដែលគេនិយាយមែន “គ្មានអ្វីដែលធ្វើមិនបាននោះទេឱ្យតែមានភាពព្យាយាម”។ រាល់ពេលសម្រាកម្តងៗជនជាតិបរទេសជាច្រើនបានបញ្ចេញនូវស្នាមញញឹមយ៉ាងពព្រាយបង្ហាញឲ្យឃើញនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួម។

អ្វីដែលកាន់តែរំភើបនោះគឺក្នុងចំណោមអ្នកចូលរួមទាំងអស់ប្រមាណ ៣២១នាក់នោះមានប្រមាណតែ​១០០នាក់ ប៉ុណ្ណោះដែលបានសម្រេចចិត្តបោះបង់ការជិះកង់របស់ខ្លួនហើយឡានបន្តដំណើរទៅខេត្តកំពតវិញ។ «យើងមានមោទកភាពខ្លាំងណាស់ និងរំភើបបំផុតសម្រាប់ព្រឹត្តិការណ៍មួយនេះវាជាជោគជ័យរបស់ PSE ក្នុងការចូលរួមលើកកម្ពស់ការអប់រំរបស់កុមារតាមរយៈព្រឹត្តិការណ៍សប្បុរសធម៌បែបកីឡានេះ ហើយម្យ៉ាងវិញទៀតយើងឃើញថាចំនួនអ្នកចូលរួមបានកើនលើសពីការរំពឹងទុករបស់យើងទៅទៀតហើយគ្រប់គ្នាសុទ្ធតែធ្វើដំណើរប្រកបដោយសណ្តាប់ធ្នាប់ដែលបង្ករឱ្យមានលក្ខណៈល្អប្រសើរក្នុងការគ្រប់គ្រង និងរៀបចំដើម្បីឱ្យបានសម្រេចទៅតាមគោលដៅ​ដែលបានកំណត់ទុក។» នេះជាការលើកឡើងរបស់អ្នកស្រី ស៊ុក សោភ័ណ្ឌ ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ PSE គាត់បានបន្តទៀតថា «នេះជាលើកទី២ ហើយសម្រាប់ព្រឹត្តិការណ៍ Ride2School នេះ ហើយគិតត្រឹមថ្ងៃទី១០ មករានេះ ចំពោះប្រាក់ដែលបានមកពីព្រឹត្តិការណ៍នេះយើងអាចទិញកង់បានចំនួន ៧៤០គ្រឿងដើម្បីចែកជូនដល់កុមារនានា។»

ជាការពិតណាស់នេះគឺពិតជាសកម្មភាពមួយដែលបានរួមចំណែកដ៏សំខាន់ក្នុងការសម្រួលជីវភាពក៏ដូចជាលើកកម្ពស់ដល់ការជំរុញដំណើរការសិក្សារបស់កុមារជាច្រើនដែលទាមទារឲ្យមានមធ្យោបាយធ្វើដំណើរដើម្បីបំពេញចំណេះវិជ្ជារបស់ពួកគេនោះ។

អ្នកស្រី សោភ័ណ្ឌ បានបញ្ជាក់ជាចុងក្រោយថា៖ «ស្នាមញញឹម និងសម្រែកលើកទឹកចិត្ត បូករួមទាំងសម្លេងទះដៃរបស់កុមារា កុមារី ដែលជាសិស្សសាលាកំពតក្រុង ដែលបានឈរអមផ្លូវអបអរសាទរចំពោះអ្នកចូលរួមបានញ៉ាំងឱ្យទាំងអ្នកចូលរួម និងអ្នករៀបចំ កាន់តែមានទឹកចិត្តថែមមួយកម្រិតទៀត។ ជាចុងក្រោយយើងរំពឹងថានឹងធ្វើព្រឹត្តិការណ៍នេះឱ្យកាន់តែធំជាងនេះទៀត ដើម្បីបើកទូលាយឱ្យមានការចូលរួមបានកាន់តែច្រើនថែមទៀត និងក៏សូមថ្លែងអំណរគុណផងដែរដល់អ្នកឧបត្ថម្ភរបស់យើងដែលតែងតែបានជួយគាំទ្រនូវសកម្មភាពរបស់យើងនាពេលនេះ និងតទៅមុខទៀត។»

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត