លោក Lee ព្រួយបារម្ភការប្រកួតពាន AFF Suzuki Cup ក្រោយមើលឃើញទម្រង់លេងកូនក្រុម​ធ្លាក់ចុះ

នូ មករា November 8, 2016


ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងនូវក្ដីបារម្ភជាខ្លាំងសម្រាប់ការត្រៀមខ្លួនប្រកួតវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ានាពេលឆាប់ៗខាងមុខបន្ទាប់ពីលោកមើលឃើញទម្រង់លេងរបស់កូនក្រុមមានការធ្លាក់ចុះច្រើនបើធៀបនឹងការប្រមូលផ្ដុំប្រកួតជម្រុះលើទឹកដីកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ ។

photo_2016-11-08_00-03-28

ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមភ្នំពេញក្រោនក្នុងជំនួបកម្ដៅសាច់ដុំលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN ដោយលទ្ធផល ៣-១ កាលពីល្ងាចមិញ លោក Lee បានលើកឡើងថាការប្រមូលផ្ដុំលើកនេះ លោកពិតជាមានការតឹងចិត្តជាខ្លាំង ដោយសារកីឡាករមួយចំនួនគ្មានទំនួលខុសត្រូវលើខ្លួនឯងដែលធ្វើឲ្យទម្រង់លេងមានការធ្លាក់ចុះ ហើយក៏អាចប៉ះពាល់ដល់ការប្រកួតនាពេលខាងមុខផងដែរ ។

14937442_1078547945594991_5082212172908966422_n

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បាននិយាយថា៖ «ការប្រមូលផ្ដុំពីមុន ខ្ញុំគិតថាល្អជាងនេះ(មុនវគ្គជម្រុះ)ប៉ុន្ដែបន្ទាប់ពីឆ្លងផុតវគ្គជម្រុះរួចមក កីឡាករហាក់បាត់បងគោលដៅរបស់ខ្លួន ។ នេះគឺជាទម្លាប់ ដែលកីឡាករកម្ពុជាយើងតែងតែមាន ។ ដូច្នេះខ្ញុំសូមឲ្យកីឡាករម្នាក់ៗ ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ។ បើសិនគាត់ទទួលខុសត្រូវចំពោះជាតិខ្លួនពួកគាត់ត្រូវខិតខំប្រឹងប្រែងហ្វឹក និងរក្សានូវកម្លាំងរបស់គាត់ឲ្យបានល្អប្រសើរ» ។

photo_2016-11-08_00-03-40

លោក Lee បានបន្ដទៀតថា កាយសម្បទាកីឡាករកម្ពុជាមិនអន់នោះទេ គឺអំណោយផលល្អប៉ុន្ដែបើសិនពួកគេមានគោលដៅច្បាស់លាស់ ហើយខិតខំហ្វឹកហាត់ ដើម្បីប្រទេសជាតិខ្លួន គឺបាល់ទាត់កម្ពុជាអាចឈានទៅរកភាពខ្លាំង ។ប៉ុន្ដែពេលនេះមិនទាន់នោះទេ ព្រោះពេលនេះលោកមិនទាន់ឃើញមានកីឡាករណាម្នាក់ បញ្ចេញអស់ពីឆន្ទៈខំប្រឹងតស៊ូហ្វឹកហាត់ដើម្បីប្រកួតប្រជែងស្វែងរកជ័យជម្នះជូនជាតិពិតប្រាកដនៅឡើយ ។

14976360_1412419205452266_5024009836020862965_o

ពាក់ព័ន្ធនឹងការកើតមានបញ្ហាបែបនេះ បានក្លាយជាក្ដីកង្វល់របស់លោក Lee Tae Hoon ដែលត្រៀមដឹកនាំក្រុមគោព្រៃកម្ពុជាចូលរួមប្រកួតវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2016 នៅចន្លោះថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខនេះ ដោយកម្ពុជាស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី វៀតណាម និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។ លោកថា វាអាចនឹងពិបាកបន្ដិចប្រសិនបើកីឡាករគ្មានការព្យាយាមហ្វឹកហាត់ទេនោះ ប៉ុន្ដែលោកសង្ឃឹមថា ពួកគេនឹងកែខ្លួន ដើម្បីអ្នកគាំទ្រ និងប្រទេសជាតិរបស់ពួកគេ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត