ក្រុម XROAD Cambodia បន្តមហិច្ឆិតាក្នុងវិស័យកីឡាផ្សងព្រេងតាមរថយន្តនៅកម្ពុជា

គឹមហុក February 9, 2015


ក្រុមកីឡា Off Road

ខណៈដែលប្រជាជនកម្ពុជាមានជីវភាពល្អប្រសើរឈានឡើងជាលំដាប់នោះ យើងសង្កេតឃើញថាការប្រើប្រាស់មធ្យោបាយធ្វើដំណើរក៏មានភាពស៊ីវិល័យទៅតាមសម័យកាលផងដែរ។ នៅតាមដងផ្លូវនានានៅទូទាំងប្រទេសយើងឃើញមានម៉ូតូក៏ដូចជារថយន្តទំនើបៗមានវត្តមានទៅមកខុសប្លែកពីរយៈកាលដំបូងៗក្នុងពេលដែលសង្គ្រាមស៊ីវិលទើបតែបញ្ចប់។ ក្នុងនោះដែរយានយន្តទាំងនោះក៏ត្រូវបានប្រើប្រាស់អាស្រ័យទៅតាមចំណង់ចំណូលចិត្តក៏ដូចជាសេចក្តីត្រូវការរបស់បុគ្គល ឬគ្រួសារនីមួយៗផ្សេងៗពីគ្នា។

ក៏ប៉ុន្តែក្រៅពីដើម្បីបំពេញតម្រូវការប្រចាំថ្ងៃហើយនោះ រថយន្តក៏បានក្លាយជាមធ្យោបាយក្នុងការកម្សាន្ត និងប្រកួតប្រជែងក្នុងវិស័យកីឡាមួយចំនួនថែមទៀតផង។ ប្រិយមិត្តប្រហែលជាធ្លាប់បានជ្រាបរួចមកហើយអំពីកីឡាប្រណាំងរថយន្តដ៏ព្រឺព្រួចនៅឯបស្ចិមប្រទេសដែលតែងតែមានការចុះផ្សាយជាញឹកញាប់នៅលើទស្សនាវដ្តីយើងខ្ញុំកាលពីពេលកន្លងមក ក៏ប៉ុន្តែសម្រាប់ព្រះរាជាណាចក្រកម្ពុជាឯណេះវិញបើទោះបីជាមិនទាន់មានការបង្កើតឲ្យមាននូវការប្រកួតប្រណាំងរថយន្តជាផ្លូវការនៅឡើយក្តី ក៏វិស័យកីឡាមួយនេះកំពុងតែទទួលបានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរច្រើនឡើងៗពិសេសគឺយុវវ័យតែម្តង។
អ្វីដែលមានមនុស្សមិនច្រើនទេបានដឹងនោះគឺ ក្រៅពីការប្រកួតប្រជែងយកឈ្នះយកចាញ់ដូចអ្វីដែលមាននៅលើទីលានប្រកួតដ៏រលោងស្រិលនៅឯបរទេសនោះ យុវជនមួយក្រុមនៅកម្ពុជាបានធ្វើ និងកំពុងតែបង្កើតឲ្យមាននូវកម្មវិធីធ្វើដំណើផ្សងព្រេងដ៏គួរឲ្យរំភើបបន្ថែមទៀតតាមរយៈរថយន្តដែលត្រូវបានបំពាក់កែកុនដោយកង់ធំៗដែលអាចធន់នឹងការឡើងចុះភ្នំ វាលភក់ និងជ្រលងដីរដិបរដុបវិញម្តង។
ផ្ទុយពីការធ្វើដំណើរលើផ្លូវរលោងស្រិលក្នុងរាជធានីភ្នំពេញដ៏មមាញឹក យុវជនកម្ពុជាមួយក្រុមរួមជាមួយនឹងរថយន្តជាង១០ គ្រឿងរបស់ខ្លួនបានចំណាយពេលវេលាដ៏រីករាយក្នុងដំណើរផ្សងព្រេងបែបកម្សាន្តនៅតាមជ្រោះជ្រងជ្រលងដងអូរក្នុងតំបន់ភ្នំ និងព្រៃធម្មជាតិដោយបណ្តែតខ្លួនក្នុងភាពស្រស់ត្រកាលនៃទឹកដីដ៏សម្បូរបែបនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាទៅវិញ។ ផ្តើមចេញពីការពួតដៃគ្នារបស់សមាជិកស្ថាបនិកដែលមានគ្នាត្រឹមតែ ៣ រូបនោះ ក្រុម XROAD Cambodia បានកំពុងតែដឹកនាំសមាជិកជាច្រើនរយនាក់របស់ខ្លួនឲ្យបានភ្លក្សរសជាតិនៃការផ្សងព្រេងដើម្បីទទួលបានបទពិសោធន៍ថ្មីៗនៅលើផ្លូវដ៏លំបាកក៏ដូចជាឧបសគ្គគ្រប់ជំពូកកណ្តាលធម្មជាតិដ៏ស្រស់បំព្រង។
« XROAD Cambodia មានទស្សនវិស័យក្នុងការលើកកម្ពស់កីឡា Off Road នេះ វាមិនមែនជាកីឡាប្រណាំងឡាននោះទេ ប៉ុន្តែវាជាកីឡាមួយដែលមានលក្ខណៈជាការផ្សងព្រេង (Adventure) ឡើងចុះភ្នំ និងការជម្នះលំបាកនៅតាមផ្លូវនានាដែលមានស្ថានភាពចម្រុះគ្នាអាចជាវាលភក់ ព្រៃ បឹងបួរ ឬជ្រលងភ្នំជាដើម» លោក ទេព អាឆារីយា ស្ថាបនិកម្នាក់នៃក្រុម XROAD Cambodia បានមានប្រសាសន៏ដូច្នេះ។ នេះជាការពន្យល់ដ៏ខ្លីមួយសម្រាប់ប្រិយមិត្តដែលអាចមានការភាន់ច្រឡំថាកីឡា Off Road គឺជាការប្រណាំងឡានដូចដែលលោកអ្នកធ្លាប់បានជ្រាប និងទស្សនាតាមកញ្ចក់ទូរទស្សន៍នោះ ប៉ុន្តែគេក៏អាចបង្កើតឲ្យមាននូវការប្រកួតប្រជែងគ្នារវាងអ្នកចូលរួមទាំងអស់នៅក្នុងដំណាក់កាលណាមួយនៃការធ្វើដំណើរ ដោយការប្រកួតនេះត្រូវបានរាប់បញ្ចូលជាផ្នែកមួយនៃ Off Road ក្នុងលក្ខណៈជាល្បែងកម្សាន្តដើម្បីបង្កើនភាពរីករាយ និងការអនុវត្តបច្ចេកទេសដល់កីឡាករទាំងអស់។ ជាក់ស្តែងដូចជានៅក្នុងការធ្វើដំណើរកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោមប្រធានបទ «បុរសពិតបើកឡាន OFF ROAD» កន្លងទៅក្នុងបរិវេណបឹងមួយដែលពោរពេញទៅដោយភក់នោះបានក្លាយទៅជាទីលានប្រកួតដណ្តើមទង់ជ័យលាភីរបស់អ្នកចូលរួម លោក អាឆារីយា បានបញ្ជាក់ថា៖ «ក្នុងដំណើរទៅកាន់តំបន់ភ្នំស្រង់ក្នុងខេត្តកំពង់ស្ពឺនេះកីឡាករទាំងអស់ត្រូវបញ្ជារថយន្តរបស់ពួកគេតាមរយៈការឆ្លងកាត់វាលភក់សុទ្ធកប់ៗកង់ឡានអស់រយៈពេលជាងមួយម៉ោង រួចត្រូវឆ្លងកាត់ព្រៃឬស្សី និងបន្តដំណើរតាមផ្លូវតូចៗជាច្រើនទៀតដែលប្រជាជនខ្មែរតែងហៅថា “ផ្លូវរទេះគោ” រហូតទៅដល់លើភ្នំដែលមានចំណោតប្រហែលជា ៤៥ ឬ ៥០ ដឺក្រេដែរ រួចទើបចុះភ្នំមកវិញឆ្ពោះមកកាន់បឹងមួយដែលមានភក់ និងទឹកលាយឡំគ្នា។ ទីនេះហើយដែលហ្គេមកម្សាន្តមួយត្រូវបានបង្កើតឡើងដោយម្នាក់ៗត្រូវបញ្ជាឡានរបស់ពួកគេដើម្បីដណ្តើមយកទង់ដែលនៅខាងមុខនោះ!»
រថយន្តទំាងជាង ១០គ្រឿងដែលភាគច្រើនសុទ្ធតែជារថយន្តតួខ្ពស់ដូចជា Land Cruiser ជាដើម និងប្រភេទមួយបាំងកន្លះ (Pick Up) ហ្ស៊ីប (Jeep) រួមទាំងរថយន្តធុនមាំជាច្រើនទៀតនោះត្រូវប្រឡាក់ខ្លួនស្រមកដោយសារភក់នៅតាមជើងភ្នំនេះ។ ក្នុងចំណោមនោះមានរថយន្ត ៥ គ្រឿងត្រូវបានសណ្តោងមកវិញដោយសារតែវាបានខូចក្នុងពេលធ្វើដំណើរ នេះប្រហែលជាមកពីវាមិនទាន់ទម្លាប់ទៅនឹងស្ថានភាពផ្លូវ និងស្ថានភាពជនបទនៅក្រៅទីក្រុងហើយមើលទៅ!។ សម្រាប់លោក អាឆារីយា អ្វីៗត្រូវធ្វើឡើងដោយឈរលើគោលការណ៍បច្ចេកទេសគាត់បានបកស្រាយបញ្ជាក់លាយឡំនឹងសំណើចថា៖ « មនុស្សជាច្រើនគិតថាទាល់តែមានឡានល្អទើបអាចបើកបរលើផ្លូវទាំងនេះបានដោយជោគជ័យ ជាការពិតណាស់វាពិតជាដូច្នេះ ប៉ុន្តែវាក៏អាស្រ័យលើរបៀបនៃការបើកបរ និងការយល់ដឹងពីបច្ចេកទេសរបស់វាទើបជារឿងសំខាន់ ទោះបីជាឡានយើងខ្លាំង ឬធំប៉ុណ្ណាក៏ដោយតែបើយើងមិនចេះពីរបៀបបើកទេ ឬតិចនិកក្នុងការបើក Off Road ទេប្រាកដជាទៅមិនរួចទេ។ យើងតែងតែណែនាំអ្នកចូលរួមថ្មីៗឲ្យធ្វើការស្រាវជ្រាវពីកីឡានេះឲ្យបានច្រើនដូចជាតាមរយៈអ៊ិនធើណេតជាដើមព្រោះនៅសហរដ្ឋអាម៉េរិគ ឬនៅអូស្ត្រាលីមានការលេងកីឡាបែបនេះច្រើន។ មានពេលខ្លះនៅពេលដែលពួកគេឃើញភក់គឺពួកគេសម្រុកចូលតែម្តង ដូច្នេះហើយធ្វើឲ្យឡានរបស់គេត្រូវវិលខ្ញាល់មិនទៅមុខ ខ្លះទៀតត្រូវរលត់ ខ្លះទៀតត្រូវអស់លុយច្រើនពេលវិលត្រលប់មកវិញ ឬអាចបំផ្លាញឡានរបស់ខ្លួនជាដើម (សើច)។»
ក្រៅពីរិះរកបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត ក្រុមការងាររបស់លោកក៏បានទទួលនូវបទពិសោធន៏ជាច្រើន និងបានចែករំលែកនូវចំណេះដឹងផ្នែកបច្ចេកទេស វិធីលើករថយន្ដពីការជាប់ផុង ព្រមទាំងការរាប់អានមិត្ដថ្មីៗដោយមានការជួយគ្នាទៅវិញទៅមកដើម្បីស្វែងរកទីកន្លែងប្លែកៗក្នុងប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្រុម XROAD Cambodia ក៏ទទួលបានសមាជិកជាច្រើនបន្ថែមទៀត នេះបានស្តែងឲ្យឃើញថាកីឡានេះកំពុងតែទទួលបានការគាំទ្រច្រើនឡើងពីសំណាក់ប្រជាជនកម្ពុជា សូម្បីតែក្នុងការធ្វើដំណើរកាលពីពេលកន្លងមកក៏មានកីឡាប្រមាណជា៩០ ភាគរយគឺជាជនជាតិខ្មែរ លើសពីនេះទៅទៀតក្នុងពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថានៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញមានម្ចាស់រថយន្តច្រើនឡើងៗបានកែកុនរថយន្តរបស់ខ្លួនទៅជារថយន្តដែលមានកង់ធំៗ រាងខ្ពស់ ដែលអំណោយផលក្នុងការបើកបរលើផ្លូវលំបាកក្នុងដំណើរ Off Road នេះ។ មួយវិញទៀតបើប្រៀបធៀបទៅនឹងការធ្វើដំណើរជាលើកដំបូងរបស់ក្រុមទៅកាន់តំបន់ភ្នំរាប ដែលស្ថិតនៅស្រុកពញាឮ ក្នុងខេត្តកណ្ដាល ដោយមានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រភាគខាងជើងរាជធានីកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនោះ យើងឃើញថាដំណើរលើកទី២ ទៅកាន់តំបន់ភ្នំស្រង់មានចំនួនអ្នកចូលរួមច្រើនជាងការរំពឹងទុក។ ដោយកាលណោះក្រុមទាំងមូលបានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ភ្នំរាបតាមកំណាត់ផ្លូវសំរោងអណ្ដែតដោយឆ្លងកាត់ស្រែ ដីភក់លិចកប់ពាក់កណ្ដាលរថយន្ដ និងបឹងប្រវែងជាង ៤០០ម៉ែត្រដែលជម្រៅទឹកកន្លះកង់រថយន្ដឯណោះ។ ក្នុងដំណើរទាំងពីរលើកនេះសមាជិកគ្រប់គ្នាសុទ្ធតែបានជួបប្រជាពលរដ្ឋនៅទីជនបទដែលអ្នកខ្លះបានសម្តែងការភ្ញាក់ផ្អើល និងខ្លះទៀតបានស្វាគមន៍តាមរយៈការបង្ហាញទឹកមុខរីករាយចំពោះក្រុមមួយនេះ។ ពេលខ្លះសមាជិកមួយចំនួនក្នុងក្រុមបានធ្វើការចែករំលែកម្ហូបអាហារជាមួយប្រជាជនទាំងនោះផងដែរ។
ប៉ុន្តែស្ថាបនិក និងសមាជិកនៃក្រុមផ្សងព្រេងតាមរថយន្តមួយនេះមានមហិច្ឆិតាហួសឆ្ងាយពីនេះទៅទៀត។ «ក្រៅពីការបង្កើតឲ្យមានកម្មវិធីផ្សេងៗទៀតដើម្បីពង្រីកសកម្មភាពរបស់ក្រុមឲ្យកាន់តែធំឡើងៗ យើងក៏មានគម្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជិតខាងណាមួយដែលនៅក្បែរកម្ពុជា ប៉ុន្តែយើងមិនទាន់បានសម្រេចនៅឡើយទេ ថាប្រទេសមួយណាដែលយើងត្រូវទៅព្រោះវាទាមទារឲ្យមានការរៀបចំឲ្យបានល្អ និងហ្មត់ចត់ ដោយសារថាយើងត្រូវសិក្សាពីទីតាំង ឬស្ថានភាពនៃតំបន់ទាំងនោះឲ្យបានលម្អិត និងច្បាស់លាស់ យ៉ាងណាក៏ដោយនេះជាគោលដៅសម្រាប់ឆ្នាំ២០១៥ របស់ក្រុមហើយយើងចង់ធ្វើវាក្នុងអំឡុងពេលភ្ជុំបិណ្ឌខាងមុខនេះ។» បុរសវ័យកណ្តាលម្នាក់នេះបានបន្ថែមថា៖ « អ្នកណាក៏អាចចូលរួមបានដែរ អ្នកគ្រាន់តែមានរថយន្តផ្ទាល់ខ្លួនដែលមានកង់រឹងមាំអាចប្រឈមក្នុងស្ថានភាពផ្លូវលំបាក និងជាប្រភេទ 4 Wheel Drive ឬមានប្រភេទជាកង់ Cross ដែលអាចជម្នះការជាប់ភក់ហើយជាពិសេសក៏ត្រូវមានចំណេះដឹងពីកីឡានេះដែរ ខ្ញុំចង់ឲ្យប្រជាជនខ្មែរមានការគាំទ្រ និងចូលរួមច្រើនក្នុងកីឡាប្រភេទ out door sports នេះ ខ្ញុំក៏ចង់លើកស្ទួយ និងបង្ហាញឲ្យឃើញថាកីឡាប្រភេទនេះមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជាដូចអ្វីដែលមាននៅតាមបណ្តាប្រទេសជិតខាងដែរ។»
យ៉ាងណាក៏ដោយការចូលរួមច្រើនក៏បានផ្តល់មកនូវផលវិបាកក្នុងការរៀបចំដែរដូចជាការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និងការគ្រប់គ្រងក្នុងពេលកំពុងធ្វើដំណើរដោយធ្វើយ៉ាងណាកុំឲ្យមានការបើកចេញក្រៅជួរជាដើម។ សម្រាប់លោក អាឆារីយា និងក្រុមការងាររបស់ខ្លួនការតាមដាន និងណែនាំអ្នកចូលរួមថ្មីពីបច្ចេកទេសនៃការបើកបរគឺជាកត្តាសំខាន់មួយ « អ្នកចូលរួមខ្លះបានបន្ថែមល្បឿនលឿនៗ ជួនកាលទៀតចេញក្រៅជួរជាដើមដូច្នេះយើងត្រូវតែអូសពួកគេត្រលប់មកវិញ ជួនកាលទៀតក៏ត្រូវសណ្តោងឡាន៤ ឬ ៥ដែលខូចត្រលប់មកវិញក៏មាន។ ប៉ុន្តែជាទូទៅមានការវាយតម្លៃជាវិជ្ជមានច្រើនសម្រាប់បេសកកម្មរបស់យើងៗ ក៏ចង់ឲ្យកីឡានេះរីកចម្រើនថែមទៀត!»
សូមបញ្ជាក់ផងដែរថា ក្រុម XROAD Cambodia ត្រូវបានបង្កើតឡើងដោយស្ថាបនិក ៣ រូបដែលសុទ្ធសឹងតែជាអ្នកស្រឡាញ់ការផ្សងព្រេងក្នុងដំណើរធម្មជាតិនេះរួមមាន លោកទេព អាឆារីយា លោកឈិន សីហា និង លោកហែម សីហា។ រហូតមកទល់ពេលនេះក្រុមកីឡា Off Road មួយនេះមានសមាជិកចូលរួមច្រើនឡើងៗជាមួយនឹងទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយមួយក្នុងការលើកកម្ពស់កីឡាប្រភេទនេះនៅក្នុងចំណោមប្រជាជនកម្ពុជា និងផ្សព្វផ្សាយទៅកាន់ប្រទេសដទៃទៀតផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត