ESPN FC: ហេតុផល ៥ យ៉ាងដែល ម៉ាឡេសុី មិនអាចមើលស្រាលលើក្រុមគោព្រៃកម្ពុជាបានឡើយ!

នូ មករា October 26, 2016


ESPNFC: ក្រុមជម្រើសជាតិកម្ពុជាដែលស្ថិតនៅក្នុងពូល B នៃការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិម៉ាឡេសុី នាថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះហើយ។ ខណៈនេះដែរ គេហទំព័រព័ត៌មានបាល់ទាត់ espnfc ដ៏ល្បីល្បាញបានធ្វើការចុះផ្សាយនូវបទវិភាគដ៏មានខ្លឹមសារដោយបានលើកឡើងនូវហេតុផល ៥ យ៉ាងដែលបានបង្ហាញឱ្យឃើញថា ក្រុមកម្ពុជា គឺពិតជាគូប្រជែងដ៏មានគ្រោះថ្នាក់និងមិនអាចមើលស្រាលបានឡើយសម្រាប់ក្រុមខ្លាំងម៉ាឡេសុីបើទោះបីជាវិស័យបាល់ទាត់នៃប្រទេសដែនកោះនេះបានបោះជំហានទៅមុខមុនកម្ពុជាជាច្រើនឆ្នាំក្តី។

14633703_1807892896114877_5263867102886868066_o

យោងតាមការវិភាគរបស់អ្នកនិពន្ធ GABRIEL TAN ហេតុផលទាំង ៥ នោះរួមមាន៖
១. ឆន្ទៈដ៏ខ្លាំងក្លាក្នុងការប្រកួត៖ ក្រុមកម្ពុជានឹងប្រកួតដោយចិត្តមោះមុតបំផុត ព្រោះថាក្រុមនេះខកខានមិនបានចូលរួមវគ្គជម្រុះពូលនេះ ៨ ឆ្នាំមកហើយ ដូច្នេះក្រុមគោព្រៃនឹងមិនអាចបណ្តោយឱ្យឱកាសដ៏កម្រដែលពួកគេបានរង់ចាំជាយូរមកហើយនោះកន្លងផុតដោយងាយៗឡើយ។

cam-2-1-loas-1

២. ទម្រង់លេងរបស់កម្ពុជាកាន់តែល្អប្រសើរក្នុងពេលដ៏ខ្លី៖ យោងតាមការប្រកួតនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គេអាចមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជាបានវិវត្តទម្រង់លេងកាន់តែល្អស្ទើរមិនគួរឱ្យជឿ ហើយបើទោះបីជាក្រុមនេះបានជូបបរាជ័យក្នុងជំនួបជាមួយក្រុមខ្លាំងៗដូចជាជប៉ុន និង សុីរី ក្តី ប៉ុន្តែក្រុមកម្ពុជាបានប្រើប្រាស់វាជាមេរៀន និងទទួលបានបទពិសោធន៍ជាច្រើនពីការប្រកួតទាំងនេះ ជាហេតុធ្វើឱ្យពួកគេអាចកែលម្អចំនុចខ្វះខាតបានកាន់តែច្រើន រហូតដល់អាចយកឈ្នះលើក្រុមសិង្ហបុរី ក៏ដូចជាធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះពាន AFF Suzuki Cup 2016 នេះ។

14568158_1801496480087852_6107783756078371666_n

៣. មានគ្រូបង្វឹកដែលមានសមត្ថភាព៖ ការចូលរួមរបស់លោកគ្រូបង្វឹក Lee Tae Hoon គឺជាចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យក្រុមនេះមានភាពល្អប្រសើរជាលំដាប់។ អ្វីដែលគេអាចមើលឃើញនោះគឺ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងវ័យ ៥៥ ឆ្នាំរូបនេះ បាននាំមកនូវបែបផែនដឹកនាំ រួមទាំងការបង្វឹកដល់កូនក្រុមរបស់ខ្លួនដោយអនុវត្តតាមវិធីសាស្ត្រដែលវិស័យបាល់ទាត់កូរ៉េធ្លាប់ធ្វើកន្លងមក។ ផ្តើមចេញពីក្រុមដ៏ខ្សោយមួយក្នុងតំបន់ លោក Lee បានដឹកនាំក្រុមមួយនេះ បោះជំហានទៅមុខជានិច្ច ជាពិសេសនៅពេលនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានឆន្ទៈរឹងមាំ និងមានភក្តីភាពចំពោះក្រុមហើយព្យាយាមប្រយុទ្ធយ៉ាងស្វិតស្វាញរហូតដល់នាទីចុងក្រោយ។ មួយទៀតនោះគឺលោក Lee បានប្រើនូវទម្រង់ដែលគេមិនសូវជាបានជួបប្រទះនោះឡើយនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះ (ក្បូួន ៣-៥-២) ដូច្នេះ គ្រូបង្វឹកក្រុមវៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេសុី ត្រូវតែផ្តោតពីការបំបែកក្បួននេះទើបអាចមានភាគរយឈ្នះខ្ពស់។

13320453_1748135532090614_384290315981714678_o

៤. មានកីឡាករឆ្នើមៗប្រកបដោយសក្តានុពល៖ បន្ទាប់ពីជំនាន់លោក ហុក សុចិត្រា មកគេមិនសូវជាឃើញមានកីឡាករលេចធ្លោរខ្លាំងនៅក្នុងវិស័យបាល់ទាត់កម្ពុជាឡើយ។ យ៉ាងណាក៏ដោយ អ្វីៗបានប្រែប្រួលហើយនៅពេលនេះ ព្រោះកម្ពុជាមានកីឡាករវ័យក្មេងប្រកបដោយថាមពល និងសក្តានុពល ដូចជាចាន់ វឌ្ឍនាកា, ប្រាក់ មុនីឧត្តម, កែវ សុខផេង, ឈិន ឈៀន, សំអឿន ពិដោរ, ទិត្យ ឌីណា, ច្រឹង ពលរដ្ឋ, ធារី ចន្ថាប៊ីន, សុខ សុវណ្ណ, សឿយ វិសាល, ណុប តុលា, អ៊ុ សេរីរ័ត្ន និង ស៊ូ យ៉ាទី ជាដើម។

14753336_1807974696106697_4685456988905968350_o
៥. ការគាំទ្រដ៏សម្បើមអស្ចារ្យ៖ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើគេបានឃើញក្រុមអ្នកគាំទ្រកម្ពុជាបង្ហាញខ្លួនលើទឹកដីមីយ៉ាន់ម៉ាដើម្បីស្រែកហ៊ោដល់ក្រុមជម្រើសជាតិរបស់ពួកគេក្នុងការប្រកួតនៅខែក្រោយនោះ។ កាលពីមុនមកគេតែងតែចាត់ទុកថាអ្នកគាំទ្រម៉ាឡេសុី ឥណ្ឌូនេសុី ថៃ និង មីយ៉ាន់ម៉ា ជាដើមគឺជាក្រុមមនុស្សដែលងប់ងុលនឹងវិស័យបាល់ទាត់ ហើយមិនខ្លាចនឹងចំណាយធនធានរបស់ពួកគេដើម្បីធ្វើដំណើរមកគាំទ្រក្រុមរបស់ខ្លួននោះឡើយ ប៉ុន្តែនៅពេលនេះអ្នកគាំទ្រកម្ពុជាគឺជាទីផ្សារថ្មីមួយសម្រាប់បណ្តាប្រទេសម្ចាស់ផ្ទះទាំងនេះ។ វាពិតជាមិនធម្មតាឡើយដែលសូម្បីតែក្នុងការប្រកួតមិត្តភាពក៏មានមនុស្សរាប់មុឺននាក់ប្រជ្រៀតគ្នាចូលទស្សនានោះ គេនៅចាំបានថា កាលពីការប្រកួតជាមួយក្រុមសិង្ហបុរី មានទស្សនិកជនចូលរួមរហូតដល់ជាង ៦ មុឺននាក់ឯណោះ ដូច្នេះសម្រាប់ការប្រកួតក្រៅដីនាខែវិច្ឆិកា ខាងមុខច្បាស់ជាមានមនុស្សរាប់លាននាក់រួមគ្នាផ្តល់កម្លាំងចិត្តដល់ពួកគេពីចម្ងាយជាមិនខាន៕

14713023_1806021012968732_7675750450338123968_o

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត