គ្រូ Lee៖ ឈ្នះស្រីលង្កា ៤-០ យប់មិញមិនមែនជាការប្រកួតល្អបំផុតទេ ព្រោះ…!

នូ មករា October 10, 2016


ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានអបអរសាទរកូនក្រុមរបស់ខ្លួន ដែលព្យាយាមធ្វើបានល្អដើម្បីយកឈ្នះក្រុមជម្រើសជាតិស្រីលង្កា ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពក្នុងដីកាលពីយប់មិញ ប៉ុន្ដែទន្ទឹមជាមួយគ្នានេះលោកបានលើកឡើងថា ជ័យជម្នះនេះ មិនមែនជាការប្រកួតល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជានោះទេព្រោះពួកគេនៅមានចំណុចខ្សោយមួយត្រូវកែតម្រូវ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 នាពេលខាងមុខ ។

14563326_1801495060087994_6635573733397679290_n

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតមិត្តភាពយប់មិញ ដោយលោកបានសង្កត់ធ្ងន់ថាថ្វីត្បិតកីឡាករសហការគ្នាបានល្អនៅលើទីលាន និងធ្វើការធ្ងន់ ដើម្បីយកឈ្នះក្រុមស្រីលង្កាបានក៏ពិតមែនប៉ុន្ដែល្បឿនរបស់ពួកគេនៅមានកម្រិត ដែលជាហេតុនាំឲ្យកីឡាករម្នាក់ៗ ត្រូវព្យាយាមហ្វឹកហាត់បំពេញចំណុចខ្វះខាតនេះដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះនៅលើទីលានក្នុងរាជធានីភ្នំពេញ ។

14657295_1801438156760351_632063135478555111_n

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានបន្ដថា ការប្រកួតផ្លូវការនាពេលខាងមុខ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ដែលជាគូប្រជែងរបស់កម្ពុជា សុទ្ធតែចង់ឈ្នះរៀងៗខ្លួន ហើយក្រុមនីមួយៗ សុទ្ធតែបានដឹងពីចំណុចខ្សោយរបស់កម្ពុជា ពិសេសគឺល្បឿននេះតែម្ដង ហេតុនេះលោករំពឹងថា កីឡាករម្នាក់ៗនឹងខិតខំហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីទប់ស្កាត់បញ្ហានេះនៅលើទីលាន ពិសេសគឺដើម្បីស្វែងរកជ័យជម្នះជូនជាតិ និងអ្នកគាំទ្រកម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់