គ្រូ U-16 ប្ដេជ្ញាយកជ័យក្នុង League-II ទាំងមិនច្បាស់បានឡើងទៅលេងលីគកំពូល

លី រិទ្ធី September 25, 2016


ភ្នំពេញ៖ លីគលំដាប់ទី២ ឬ League-II លើកទី១ នឹងចាប់ផ្ដើមប្រកួតនាល្ងាចនេះហើយ ដោយមាន ៩ ក្រុមចូលរួម ក្នុងនោះក៏មានវត្តមានក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៦ឆ្នាំ ដែលមើលថែដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ ប៉ុន្ដែក្រុមនេះ នៅមិនទាន់ដឹងច្បាស់ពីអនាគតឡើងទៅលេងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ឬក៏យ៉ាងនោះទេ បើទោះបីសហព័ន្ធបានកំណត់ក្រុមលេខ១ និងលេខ២ នៃ League-II គឺទទួលបានកៅអីលីគកំពូលឆ្នាំក្រោយក៏ដោយ។

លោក ឡុង រិទ្ធា គ្រូជំនួយនៃក្រុមសាលាបាល់ទាត់ជាតិបាទី(U-16) បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់បេសកកម្មធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF U-16 Championships 2016 ក៏ដូចជាការចូលរួមប្រកួតពានអន្ដរជាតិមួយនៅចិនរួចមក គឺសមាជិកទាំងមូល នៅតែបន្ដការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមប្រកួតប្រជែងយកជ័យលាភីក្នុង League-II ឲ្យបានល្អ និងបង្កើនកម្រិតសមត្ថភាពកីឡាករម្នាក់ៗ សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។

img_2180

អតីតគ្រូជំនួយនៃក្លឹបវេស្ទើនរូបនេះ បានបន្ថែមទៀតថា ក្រុមចូលរួម League-II គឺមានកម្រិតអាយុ និងសមត្ថភាពមិនលើសខ្វះជាមួយក្រុម U-16 សាលាបាល់ទាត់ជាតិនោះទេ ហេតុនេះលោកមានជំនឿចិត្តថា ក្រុមកីឡាករវ័យក្មេងរបស់លោក នឹងធ្វើបានល្អជាក់ជាមិនខាន។ ប៉ុន្ដែអ្វីដែលសំខាន់មកទល់ពេលនេះ លោកមិនទាន់ច្បាស់រឿងឡើងទៅលេងលីគកំពូលកម្ពុជាឆ្នាំក្រោយ ឬក៏យ៉ាងណានោះទេ គឺត្រូវរង់ចាំការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោកបន្ថែមថា «ក្នុងលីគគេមានកម្រិតអាយុមួយ ដែលកំណត់វ័យណាអាចលេងបាន ប៉ុន្ដែក្រុមសាលាបាល់ទាត់ជាតិ គ្រាន់តែចូលរួម ហើយប្ដេជ្ញាចិត្តខិតខំលេងឲ្យអស់ពីលទ្ធភាព និងស្វែងរកពិន្ទុឲ្យបានល្អគ្រប់គ្រាន់…។ ដូចយើងដឹងស្រាប់ គឺក្រុមលេខ១ ឬលេខ២ នៃ League-II បើក្រុមខ្លួនមានឈ្មោះក្នុងលីគកំពូលទៅហើយ គឺមិនអាចលេងបានទៀតទេ ដោយក្រុមលំដាប់បន្ទាប់មានសិទ្ធចូល ។ តែចំពោះក្រុមសាលាបាល់ទាត់ជាតិ ទោះបីបានលេខ១ ឬលេខ២ ក៏មិនប្រាកដបានឡើងលេងលីគកំពូលឆ្នាំក្រោយដែរ ព្រោះជាលក្ខខណ្ឌរបស់សហព័ន្ធ…» ។ នេះគឺជាការបង្ហើបឲ្យដឹងយ៉ាងខ្លីពីលោក ឡុង រិទ្ធា ប៉ុន្ដែគ្រូជំនួយរូបនេះ បានបង្ហាញពីក្ដីសង្ឃឹមថា ទោះបីជាយ៉ាងណា ក៏គ្រួសារក្រុមសាលាបាល់ទាត់ជាតិបាទី បានត្រៀមខ្លួនជាស្រេច នៅក្នុងការចូលរួមប្រកួតដកស្រង់បទពិសោធន៍ និងបង្កើនកម្រិតសមត្ថភាពរបស់កីឡាករម្នាក់ៗ ក្នុងព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ជាតិលើកដំបូងនេះដែរ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែល្អ សម្រាប់ចូលរួមប្រកួតដណ្ដើមពានរង្វាន់ជាតិ ដែលនឹងកើនមានជាបន្ដបន្ទាប់ពេលថ្ងៃអនាគត ៕

img_2169

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត