ជើងខ្លាំងកម្ពុជា-ថៃ ៨ នាក់​ ត្រៀមដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់លើកដំបូងនៅ PNN

លី រិទ្ធី September 19, 2016


ភ្នំពេញ៖ ដោយទទួលបានការគាំទ្រកាន់តែច្រើនពីមហាជន ស្ថានីយ៍ទូរទស្សន៍ PNN និងក្រុមហ៊ុនភេសជ្ជៈគោជល់ បានសហការគ្នាបង្កើតនូវកម្មវិធីថ្មីស្រឡាងមួយ នៅក្នុងព្រឹត្តិការណ៍ «សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់» លើកទី៤ គឺការប្រកួតក្បាច់គុនបុរាណខ្មែរដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៧៥គីឡូក្រាម ដោយមានកីឡាករជើងខ្លាំងកម្ពុជា-ថៃ ៨នាក់ ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់លើកដំបូងនេះ ។

img_1916

 

លោក សំណព្វ ប្រធានផ្នែកកីឡានៃទូរទស្សន៍ PNN បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសង្វៀនផ្ទាល់ពីម្សិលមិញថា កីឡាករ ៨ នាក់ ដែលត្រៀមអង្រួនសង្វៀន «សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់» នេះ គឺមានកីឡាករកម្ពុជា ៤ នាក់ ដូចជាកីឡាករ អ៊ុង វិរៈ, ព្រំ សំណាង, សុខ ទូច និង មាស ភារម្យ ។ រីឯកីឡាករថៃ រួមមាន ឌីសេលលេក ថបឃិងបុកស៊ុង, កាំងឡាយផេត,ណាក់រ៉បដាំស៊ីតចាណយ និង តងចេ ឆ.ឆាណាធីប ។

លោកបន្ដថា នេះជាលើកទី១ ហើយ ដែលកម្ពុជាមានកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់ ៧៥ គីឡូក្រាមបែបនេះ។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករទម្ងន់ធ្ងន់ៗ បានបញ្ចេញសមត្ថភាពក្នុងការដណ្ដើមខ្សែក្រវាត់ ហើយក៏ជាការរួមចំណែកលើកស្ទួយកីឡាក្បាច់គុនបុរាណខ្មែរនេះផងដែរ។ យ៉ាងណាមិញកីឡាករម្នាក់ៗ សុទ្ធតែមានសមត្ថភាពត្រៀមធ្វើឲ្យអ្នកទស្សនាមិនខកបំណងឡើយ ។

img_1888

img_1899

ថ្លែងក្នុងឱកាសនោះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតនេះជាកម្មវិធីថ្មី ប៉ុន្ដែក្នុងនាមសហព័ន្ធលោកបានសម្ដែងការគាំទ្រពេញទំហឹង និងបានកោតសរសើរដល់ទូរទស្សន៍ PNN ដែលតែងតែរៀបចំកម្មវិធីថ្មីៗ ឲ្យប្រជាពលរដ្ឋបានទស្សនា ហើយវាក៏ជាការរួមចំណែកលើកទឹកចិត្តធនធានកីឡាដទៃ សម្រាប់ការត្រៀមដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ។ លើសពីនេះលោកក៏បានដាស់តឿនមន្ដ្រីគណៈកម្មការរបស់ខ្លួន ដែលត្រៀមកាត់សេចក្ដីក្នុងព្រឹត្តិការណ៍នេះ ត្រូវផ្ដល់ភាពយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុដល់កីឡាករ មិនថាកីឡាករកម្ពុជា ឬថៃនោះទេ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានផ្លែផ្កា និងបង្ហាញពីសេចក្ដីថ្លៃថ្នូររបស់កម្ពុជា តាមរយៈការរៀបចំកម្មវិធីនេះ ។ ដោយឡែកកីឡាករម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចប្រកួតឲ្យអស់ពីសមត្ថភាពផងដែរ បើមិនដូច្នេះសហព័ន្ធនឹងចាត់វិធានការ បើសិនរកឃើញកីឡាករលក់ ឬប្រកួតមិនអស់ពីសមត្ថភាព។

img_1903

ដោយឡែកលោក មាន សំអុល នាយកក្រុមហ៊ុនគោជល់ ក៏បានប្ដេជ្ញាចិត្តបន្ដការគាំទ្រ និងឧបត្ថម្ភដល់ការរៀបចំរបស់ PNN ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ និងផ្សព្វផ្សាយកីឡាក្បាច់គុនមរតកខ្មែរនេះឲ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្ដ ។ ជាងនេះទៅទៀតលោកក៏បានត្រៀមខ្លួនជាស្រេច ក្នុងការឧបត្ថម្ភឲ្យមានការរៀបចំកម្មវិធីប្រកួតប្រដាល់សាកល ដើម្បីជំរុញសមត្ថភាពកីឡាករប្រដាល់សាកលកម្ពុជាទៀតផង ។ គួរបញ្ជាក់ថា សម្រាប់រូបមន្ដការប្រកួតខាងលើ គឺត្រូវបែកចែកជា ២ពូល ក្នុងនោះពូលកីឡាករកម្ពុជា ១ក្រុម និងពូលកីឡាករថៃ ១ក្រុម បន្ទាប់មកទើបប្រកួតវិលជុំខ្វែងពូល មានន័យកីឡាករកម្ពុជា ត្រូវជួបកីឡាករថៃ តែមិនជួបគ្នាឯង ហើយកីឡាករមានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ ត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។ នេះជាការបញ្ជាក់របស់លោក សំណព្វ ៕

img_1915

img_1924

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត