គ្រូបឹងកេតចង់ឲ្យ FFC ពិចារណាក្លឹបចូលលេងលីគនាថ្ងៃអនាគត ត្រូវមានថ្នាលយុវជន!

នូ មករា September 17, 2016


ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានលើកឡើងថា បច្ចុប្បន្នវិស័យបាល់ទាត់កម្ពុជាមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែក្លឹបចូលលេងលីគកំពូលកម្ពុជាវិញនៅមិនទាន់ដល់កម្រិតស្របតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)នោះទេ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ថ្នាលយុវជន។ ដូច្នេះលោករំពឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងពិចារណាអំពីការកំណត់ឲ្យក្លឹបនីមួយៗមានការបណ្ដុះបណ្ដាលថ្នាលយុវជនសិន ទើបអនុញ្ញាតឲ្យចូលលេងលីគកំពូល ដើម្បីពង្រឹងលីគឲ្យបានកាន់តែខ្លាំងនៅថ្ងៃអនាគត ។

hlv-campuchia

គ្រូបង្វឹកទើបដឹកនាំក្រុមបឹងកេតអង្គរលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា សម្រាប់ក្លឹបមួយដែលគេអាចទទួលបានជាក្លឹបអាជីព និងអាចចូលរួមលេងកម្រិត AFC បានលុះត្រាតែក្លឹបនោះមានលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងឡាយ គឺការអភិវឌ្ឍន៍យុវជន ។ ដូចគ្នានេះដែរដើម្បីធ្វើឲ្យលីគក្នុងប្រទេសមួយមានគុណភាពល្អ គឺសហព័ន្ធត្រូវកំណត់ឲ្យក្លឹបចូលរួមលេងក្នុងលីគនោះដាច់ខាតត្រូវមានការបណ្ដុះបណ្ដាលថ្នាលយុវជនជាមុនសិន ព្រោះយុវជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យកីឡាបាល់ទាត់ដែលជំរុញកីឡានេះឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស ។

prak-sovannara

លោកបានលើកឡើងថា៖ «ខ្ញុំរំពឹងថា នៅថ្ងៃអនាគតអាចថា ៣ឆ្នាំ ឬ ៤ឆ្នាំទៀត FFC នឹងកំណត់ក្លឹបចូលលេងលីគ លុះត្រាក្លឹបនោះមានថ្នាលយុជនទើបអនុញ្ញាត…។ ដូចយើងឃើញស្រាប់ប្រទេសជឿនលឿនដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃជាដើមគឺបានកំណត់រួចហើយ គឺក្លឹបអាជីពលេងលីគកំពូលនៃប្រទេសនីមួយៗ ត្រូវការអភិវឌ្ឍន៍យុវជន តែបើគ្មានទេ មិនអាចចូលរួមបានឡើយ ។ អ្វីដែលយើងរំពឹងបែបនេះ គឺសង្ឃឹមថា ១០ឆ្នាំក្រោយបាល់ទាត់ខ្មែរ នឹងមានឈ្មោះក្នុងអាស៊ី អុីចឹងបើគ្មានការបង្ខិតបង្ខំពី AFC ក៏យើងគួរតែធ្វើដែរ ។ តែយ៉ាងណាបច្ចុប្បន្នមានក្លឹបមួយចំនួនក៏បានធ្វើដែរ គ្រាន់តែទាន់រីកសាយតាមខេត្តនៅឡើយ» ។

asean_managers_13_prak_sovannara

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A ដែលបានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមនៅតំបន់អាសុីអាគ្នេយ៍រូបនេះបន្ថែមទៀតថា៖ «សម្រាប់បាល់ទាត់ បើទោះបីមានត្រឹម ៦ក្រុម ឬ ៨ក្រុមចូលលេងលីគឲ្យតែក្រុមនីមួយៗ មានសមត្ថភាពប្រហាក់ប្រហែលគ្នាទើបល្អ ប្រសើរជាងមានជាង ១០ក្រុមចូលរួម តែក្រុមខ្លាំងស៊ីក្រុមខ្សោយ ១០-០ ឬ ១៥-០ មិនមែនជាការល្អនោះទេ» ។ អាស្រ័យហេតុនេះហើយ ទើបលោករំពឹងថា FFC នឹងពិចារណាលើបាល់ទាត់យុគសម័យថ្មីនេះដោយត្រួតពិនិត្យលើលទ្ធភាពចូលលេងលីគរបស់ក្រុមនីមួយៗ គឺត្រូវមានការបណ្ដុះបណ្ដាលថ្នាលយុវជនទើបអាចជំរុញកីឡានេះឲ្យមានភាពរីកចម្រើនបានខ្លាំងនៅថ្ងៃអនាគត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត