បឹងកេតលើកពាន MCL ប៉ុន្តែពានគ្រូល្អ និងអ្នកចាំទីល្អ បានទៅសមាជិកការពារជាតិ!

នូ មករា September 10, 2016


ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេតអង្គរ បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា(MCL)ម្ដងទៀតហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៣ឆ្នាំ ក្រោយយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ២-១ ក្នុងជំនួបបង្ហើយកិច្ចលើទីលានពហុកីឡដ្ឋានជាតិនាព្រលប់ថ្ងៃទី១០ ខែកញ្ញានេះ ប៉ុន្ដែគួរឲ្យស្ដាយតំណែងគ្រូបង្វឹកល្អ និងអ្នកចាំទីល្អគឺមិនបានទៅសមាជិកក្រុមបឹងកេតនោះទេ ។

14232402_1788947344676099_1470101815252085933_n

ក្រុមបឹងកេតអង្គរ បានលើកពាន MCL គឺបន្ទាប់ពីបញ្ចប់ការប្រកួត ១៨លើកឈ្នះ១៥ ស្មើ២ ចាញ់១ និងមាន ៤៧ពិន្ទុគ្រាដែលក្រុមក្រសួងការពារជាតិ គ្រងតំណែងជើងឯករង ជាមួយនឹងលទ្ធផលប្រកួត ១៨លើកឈ្នះ១៥ ស្មើ១ ចាញ់២ និងមាន ៤៦ពិន្ទុ ។ចំណែកលេខ៣ បានទៅក្រុមណាហ្គាវើល ដែលរកបាន ៣៥ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ជាប់លេខ៤ ដោយរកបាន ៣១ពិន្ទុ ។

13987394_1778368862400614_3912471475779909693_o

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់អំឡុងពេលចែកពាននោះ គឺតំណែងគ្រូបង្វឹកល្អ និងអ្នកចាំទីល្អ ដែលគេគិតថាគួរតែបានទៅគ្រូបង្វឹកបឹងកេត និងអ្នកចាំទី ស៊ូ យ៉ាទី របស់បឹងកេតនោះ បែរជាបានទៅសមាជិកនៃក្រុមក្រសួងការពារជាតិទៅវិញក្នុងនោះគឺលោក ទេព ឡុង រចនា ទទួលបានពានគ្រូល្អប្រចាំឆ្នាំ ខណៈកីឡាករ អ៊ុំ សេរីរ័ត្នទទួលបានពានស្រោមដៃមាសប្រចាំព្រឹត្តិការណ៍ថ្នាក់ជាតិនេះទៅវិញ ។

14212538_516151371915727_1779960707184226037_n

ជុំវិញការកំណត់លទ្ធផលបែបនេះ ត្រូវបានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាម្នាក់ បញ្ជាក់ឲ្យដឹងយ៉ាងខ្លីថាការផ្ដល់ស្រោមដៃមាសឲ្យទៅអ្នកចាំទី អ៊ុំ សេរីរ័ត្ន គឺឆ្លងកាត់ទៅលើការពិនិត្យជាក់ស្ដែងនៃការសង្គ្រោះបាល់និងក្រមសីលធម៌នៅលើទីលានរបស់គេ ។ រីឯតំណែងគ្រូល្អរបស់លោក ទេព ឡុងរចនា ក៏ដូច្នេះដែរ គឺបានឆ្លងកាត់ការផ្ដល់ពិន្ទុយ៉ាងសុក្រឹត្យយុត្តិធម៌បំផុតពីគណៈកម្មការវិនិច្ឆ័យរបស់សហព័ន្ធ ។

14224716_516151398582391_2689838235120049654_n

ដោយឡែកចំពោះតំណែងម្ចាស់ពានស្បែកជើងមាស និងពានកីឡាករឆ្នើមប្រចាំឆ្នាំវិញ គឺបានទៅកីឡាករ ចាន់ វឌ្ឍនាកានៃក្លឹបបឹងកេតអង្គរ ដោយកីឡាកររូបនេះ រកបាន ២២គ្រាប់ច្រើនជាងគេ ក្នុងតារាងកីឡាករស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងគេ ។ លើសពីនេះគេក៏បានបង្ហាញទម្រង់លេង និងអាក្បកិរិយាល្អក្នុងការប្រកួតផងដែរទើបគេជាប់ឆ្នោតជាកីឡាករល្អប្រចាំព្រឹត្តិការណ៍នេះតែម្ដង ។ ចំពោះប្រាក់រង្វាន់វិញ ក្រុមជើងឯកបឹងកេត ទទួលពាន អមដោយប្រាក់រង្វាន់ ៦០លានរៀល, ក្រុមជើងឯករង ក្រសួងការពារជាតិទទួលប្រាក់រង្វាន់ ៤៦លានរៀល, ក្រុមលេខ៣ ណាហ្គាវើល ទទួលបានប្រាក់រង្វាន់៣៦លានរៀល និងក្រុមលេខ៤ ព្រះខ័នរាជស្វាយរៀងទទួលបានប្រាក់រង្វាន់ ៣០លានរៀល ។ រីឯក្រុមលេងល្អ ឬ Fair-Play គឺបានទៅក្រុមក្រសួងការពារជាតិទទួលបានប្រាក់រង្វាន់ ៤លានរៀល ។

14089125_1788730808031086_483062077196847949_n

ដោយឡែកពានរង្វាន់កីឡាករល្អ និងម្ចាស់ស្បែកជើងមាសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទទួលបានសរុប ៣លានរៀល ខណៈលោក ទេព ឡុងរចនា ទទួលបានប្រាក់រង្វាន់ ១.៥០០.០០០រៀលក្នុងនាមជាគ្រូបង្វឹកល្អ និងកីឡាករ អ៊ុំ សេរីរ័ត្ត ទទួលបានប្រាក់រង្វាន់ ១.៥០០.០០០រៀលក្នុងនាមជាអ្នកចាំទីល្អប្រចាំឆ្នាំ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត