កីឡាកាយវប្បកម្មកម្ពុជាសង្ឃឹមដណ្តើមបានមេដាយមាសជូនមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ

គឹមហុក November 12, 2014


Gymnastic

Cambodia Gymnastic

កីឡាកាយវប្បកម្មកម្ពុជា ក៏ជាប្រភេទកីឡាមានសក្តានុពលខ្លាំងណាស់ដែរ សម្រាប់ការចេញទៅប្រកួតដណ្តើមមេដាយមាសនៅ SEA Games ឆ្នាំនេះ។ ដោយយោងទៅតាមបទពិសោធនៃការចេញទៅប្រកួតនៅខាងក្រៅប្រទេសរាប់សិបដង និងធ្លាប់ទទួលបានមេដាយមាស និងប្រាក់ជាច្រើនកន្លងមកហើយនោះ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងកីឡាករទាំងអស់មានសង្ឃឹមខ្លាំងសម្រាប់ការដណ្ដើមមេដាយមកជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ឆ្នាំនេះ។ តាមការឲ្យដឹងពីលោក ស៊ឹម សុកមង្គលរស្មី ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា បានប្រាប់ទស្សនាវដ្ដី CamSports យើងឲ្យដឹងថា នៅក្នុងការចេញទៅប្រកួត SEA Games ឆ្នាំនេះសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា នឹងបញ្ជូនកីឡាករទៅប្រកួតចំនួន៥នាក់ គ្រូបង្វឹកម្នាក់ អាជ្ញាកណ្តាលម្នាក់ និងគណៈប្រតិភូម្នាក់ ដើម្បីចេញទៅចូលរួមការប្រកួតលើកនេះ។
ចំពោះសំណួរថា តើកីឡាករកម្ពុជាសង្ឃឹមយ៉ាងណាដែរ ចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៣នេះ? លោក គង់ ផល្លា អនុប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា បានបញ្ជាក់យ៉ាងជឿជាក់ថា កីឡាករកម្ពុជាសង្ឃឹមច្រើនចំពោះការប្រកួតលើកនេះ ពិសេសសង្ឃឹមរហូតដល់មេដាយមាសទៀតផង។ អនុប្រធានសហព័ន្ធកាយវប្បកម្មរូបនេះ ក៏បានឲ្យដឹងផងដែរថា យើងពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការទទួលបានមេដាយ និងជោគជ័យជាច្រើននៅក្នុងការប្រកួតកន្លងមក។ ចំពោះដំណើរចេញទៅប្រកួត SEA Games ឆ្នាំនេះ សហព័ន្ឋកីឡាកាយវប្បកម្មកម្ពុជានឹងខិតខំប្ដេជ្ញា ដណ្ដើមយកមេដាយបន្ថែមទៀតមកជូនជាតិមាតុភូមិយើង ពីព្រោះតាមរយៈបទពិសោធ នៃការចេញទៅប្រកួតក្រៅ ប្រទេសជាច្រើនលើកកន្លងមក កីឡាករកម្ពុជាទាំងអស់សុទ្ធតែជាកីឡាករដែលមានសមត្ថភាព អាចដណ្ដើមយកមេដាយមកជូនជាតិមាតុភូមិ។
លោកបានបញ្ជាក់ផងដែរថា ការប្រកួតកីឡាកាយវប្បកម្មនៅស៊ីហ្គេមប្រទេសមីយ៉ាន់ម៉ា មានប្រាំវិញ្ញាសា ឬប្រាំចំណាត់ថ្នាក់ រួមមាន វិញ្ញាសា៥០គីឡូក្រាម ៦០គីឡូក្រាម ៧០គីឡូក្រាម ៨០គីឡូក្រាម និង៩០គីឡូក្រាម ដោយក្នុងនោះកម្ពុជាមានកីឡាករចូលរួមគ្រប់វិញ្ញាសាទាំងអស់។ ចំពោះការដាក់ពិន្ទុកីឡាកាយវប្បកម្ម គណៈកម្មការនឹងធ្វើការពិនិត្យ និងវិនិច្ឆ័យលើសាច់ដុំប្រាំពីរប្រភេទដូចជា៖ សាច់ដុំដើមដៃ សាច់ដុំទ្រូង សាច់ដុំកំភួនដៃក្រោយ សាច់ដុំចំហៀង(ក្រោមក្លៀក) សាច់ដុំក្បាលពោះ សាច់ដុំភ្លៅ និងសរុបចុងក្រោយគឺសាច់ដុំដងខ្លួនទាំងមូល។
គួររម្លឹកថា កីឡាករកាយវប្បកម្មកម្ពុជាទាំងប្រាំរូប ដែលនឹងត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា នាចុងឆ្នាំនេះមានរាយនាមដូចខាងក្រោម៖

១. សំបូរ ណាន់ ប្រកួតវិញ្ញាសាទម្ងន់ ៨០ គីឡូក្រាម អតីតចំណាត់ថ្នាក់លេខ៤ Mr. Asian 2013
២. តឹក ប៊ុនវី ប្រកួតវិញ្ញាសាទម្ងន់ ៧០ គីឡូក្រាម អតីតមេដាយមាសខ្លាំងលើខ្លាំង Mr. Angkor 2013
៣. ឆេង គឹមស្រ៊ុន ប្រកួតវិញ្ញាសាទម្ងន់ ៧០ គីឡូក្រាម អតីតមេដាយមាស Mr. Angkor 2013
៤. សុខ សុភ័ក្ត្រ ប្រកួតវិញ្ញាសាទម្ងន់ ៦០ គីឡូក្រាម អតីតមេដាយប្រាក់ Mr. Asian 2013
៥. ដុំ សារ៉ុន ប្រកួតវិញ្ញាសាទម្ងន់ ៥៥ គីឡូក្រាម អតីតមេដាយមាស Mr. Cambodia 2005 និង មេដាយប្រាក់ Mr. Angkor 2013

ជាចុងក្រោយ លោក គង់ ផល្លា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា និងសប្បុរសជនទាំងឡាយ សូមជួយឧបត្ថម្ភលើកទឹកចិត្តដល់កីឡាកាយវប្បកម្មខ្មែរយើងជាទឹកប្រាក់ក្តី សម្ភារៈក្តី ឬវីតាមីន និងអាហារបំប៉នបន្ថែមក្តី ដើម្បីធ្វើឲ្យរាងកាយរបស់កីឡាករកម្ពុជាកាន់តែរឹងមាំខ្លាំងក្លា ងាយស្រួលក្នុងការទទួលបានមេដាយជូនជាតិមាតុភូមិ។ ពិសេសប្រជាជនកម្ពុជាទាំងអស់សូមកុំភ្លេចចូលរួមហាត់កីឡាទាំងអស់គ្នាដើម្បីសុខភាពរឹងមាំ៕
អាចទំនាក់ទំនងតាមទូរស័ព្ទ: 012 651 112 1/012 993 948

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត