គ្រូបឹងកេតថា ល្ងាចនេះដាក់ទុនទាំងអស់ ដើម្បីលើកពាន តែទ័ពកំពុងឈរកំពូលតារាង

គឹមហុក September 10, 2016


ភ្នំពេញ៖ កាន់តែជក់ចិត្ត! សម្រាប់ការប្រកួតលីគកំពូលកម្ពុជា នាចុងរដូវកាលថ្មីនេះ បន្ទាប់ពីក្រុមក្រសួងការពារជាតិ(ទ័ព) យកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ដើម្បីឈរកំពូលតារាងបណ្ដោះអាសន្នកាលពីម្សិលមិញ ធ្វើឲ្យក្រុមបឹងកេតអង្គរ ត្រូវការឈ្នះដាចខាត លើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) នៅក្នុងជំនួបកាត់សេចក្ដីលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ។

boeung-ket-angkor

គួរបញ្ជាក់ថា កាលពីយប់មិញគូប្រជែងដ៏សំខាន់របស់បឹងកេត គឺក្រុមក្រសួងការពារជាតិ បានវាយបកយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ដើម្បីឡើងឈរកំពូលតារាង និងមាន ៤៦ពិន្ទុ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រសួងការពារជាតិ រកបានដោយកីឡាករកូរ៉េខាងជើង Ri Hyok Chol ២គ្រាប់ និង Choe Myong Ho ២គ្រាប់ ហើយជ័យជម្នះនេះ បានធ្វើឲ្យក្រុមបឹងកេតអង្គរ កាន់តែមានសម្ពាធបើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ ។

army

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ធ្លាប់បានលើកឡើងថា លោកមិនដែលខ្វល់ពីលទ្ធផលឈ្នះ ឬចាញ់របស់គូប្រកួតឡើយ រួមទាំងក្រសួងការពារជាតិផងដែរ ប៉ុន្ដែអ្វីដែលសំខាន់ គឺលោកត្រូវការឈ្នះជានិច្ចនៅចុងរដូវកាលនេះ ពិសេសគឺមួយប្រកួតចុងក្រោយជាមួយប៉ូលីសល្ងាចនេះ ដែលជាការប្រកួតដ៏សំខាន់ និងត្រូវការ ៣ពិន្ទុពេញ ដើម្បីគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ។

គ្រូបង្វឹកវ័យ ៤៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា «មួយប្រកួតចុងក្រោយនេះ យើងមានទុនប៉ុន្មាន គឺយើងដាក់ទាំងអស់ ព្រោះជាការប្រកួតចុងក្រោយ ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺឲ្យតែកីឡាករដែលល្អពិតប្រាកដ ទើបយើងដាក់ឲ្យលេង តែ ១០០% គ្មានកីឡាករយុវជនចូលលេងនោះទេ ។ ជារួមយើងបានកំណត់គោលដៅតាំងពីនៅសល់ ៣ប្រកួតម្លេះ គឺយើងបានកំណត់យកឈ្នះទាំង ៣ប្រកួត ទើបអាចគ្រងតំណែងជើងឯកបាន» ។

គួរបញ្ជាក់ថា ការប្រកួតរបស់ក្រុមបឹងកេតអង្គរ ជាមួយក្រុមប៉ូលីសល្ងាចនេះ ប្រសិនបើស្មើ ឬក៏ចាញ់ នោះតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ បានធ្លាក់ទៅកណ្ដាប់ដៃក្រុមក្រសួងការពារជាតិ ដែលកំពុងចាំអ៊ុតលទ្ធផលការប្រកួតល្ងាចនេះដូចគ្នា ។ បច្ចុប្បន្នបឹងកេត បានធ្លាក់មកឈរលេខ២ ដោយមាន ៤៤ពិន្ទុ តែមួយប្រកួតក្នុងដៃ ខណៈក្រសួងការពារជាតិឈរកំពូលតារាង និងមាន ៤៦ពិន្ទុ តែអស់ឱកាសរកពិន្ទុបន្ថែមហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត