យ៉ើ សាហ្វី រំភើបស្ទើស្រក់ទឹកភ្នែក ពេលជាប់ជម្រើសជាតិ U-19 ចេញទៅវៀតណាមល្ងាចមិញ

គឹមហុក September 9, 2016


ភ្នំពេញ៖ ខ្សែការពារវ័យក្មេង យ៉ើ សាហ្វី បានបង្ហាញពីអារម្មណ៍រំភើបរីករាយក្រៃលែង ក្រោយត្រូវបានជ្រើសរើសជាសមាជិកក្រុមជម្រើសជាតិក្រោមអាយុ ១៩កម្ពុជា(U-19) ចេញទៅប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-19 Championship ឆ្នាំ២០១៦ នៅប្រទេសវៀតណាម ដែលទើបធ្វើដំណើរឆ្ពោះទៅទីក្រុងហាណូយកាលពីម្សិលមិញ ។

កីឡាករវ័យ ១៦ឆ្នាំរូបនេះ បានថ្លែងប្រាប់គេហទំព័រ CamSports មុនចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចមិញថា ខ្លួនមិននឺកស្មានថាបានជាប់ជម្រើស ២៣នាក់ចុងក្រោយនៃក្រុម U-19កម្ពុជាទេ ព្រោះខ្លួននៅក្មេង ម្យ៉ាងជាប់កាតព្វកិច្ចហ្វឹកហាត់ជាមួយក្រុមយុវជន U-16កម្ពុជា ត្រៀមប្រកួតមិត្តភាពជាមួយយុវជន U-15ចិន មិនបានហ្វឹកហាត់ជាមួយក្រុម U-19 ។ ប៉ុន្ដែខ្លួនពិតជាសប្បាយចិត្តនៅពេលលោក Ohara កោះហៅប្រមូលផ្ដុំជាថ្មី ។

yeu-safy

យុវជនមកពីក្លឹបភ្នំពេញក្រោនរូបនេះ បាននិយាយថា «អាចនិយាយបានថា ខ្ញុំរំភើបស្ទើស្រក់ទឹកភ្នែក នៅពេលខ្ញុំបានជាប់ក្នុងបញ្ជី ២៣នាក់ ទៅលេងនៅវៀតណាម ។ ខ្ញុំគិតថា នេះគឺជាបទពិសោធន៍ថ្មីមួយ ហើយក៏ជាឱកាសថ្មីមួយ ដែលក្នុងអាជីពបាល់ទាត់របស់ខ្ញុំត្រឹមអាយុ ១៦ឆ្នាំ មានឱកាសលេងឲ្យក្រុម U-19 ។ ដំបូងឡើយខ្ញុំទៅហ្វឹកហាត់ជាមួយ U-16 ដើម្បីប្រកួតជាមួយ U-15 ចិន ប៉ុន្ដែដោយសារប្រកួតមិត្តភាពនោះរំសាយ ទើបគ្រូ U-19 គាត់ផ្ដល់ឱកាសឲ្យខ្ញុំជាថ្មី រហូតខ្ញុំមានឱកាសជាប់ជម្រើសជាតិ U-19បែបនេះ» ។

yeu-safy1

សម្រាប់ការទទួលបានឱកាសបង្ហាញសមត្ថភាពជាមួយក្រុម U-19នេះ យ៉ើ សាហ្វី បានបញ្ជាក់ថា ខ្លួននឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងយកជ័យជម្នះជូនជាតិ បើទោះបីគូប្រជែងក្នុងពូលB នៃពាន AFF U-19 Championship 2016 នៅវៀតណាមនោះមានកម្រិតខ្ពស់ក៏ដោយ ។ «ខ្ញុំគិតថា ការប្រកួតនេះ មិនមែនជាការប្រកួតធម្មតានោះទេ ព្រោះត្រូវជួបគូប្រជែងខ្លាំង ដែលមានកាយសម្បទាធំៗ ប៉ុន្ដែខ្ញុំគិតថា បើសិនជាពួកយើងមានឆន្ទៈ ពួកយើងមិនបាច់ខ្លាចនោះទេ ហើយពួកខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនប្រទេសជាតិ» ។

គួរបញ្ជាក់ថា យ៉ើ សាហ្វី ត្រូវបានគ្រូបង្វឹកក្រុម U-19កម្ពុជាលោក Ohara Kazunori កោះហៅមកប្រមូលផ្ដុំជាថ្មី បន្ទាប់ពីលោកប្រកាសចម្រាញ់បានកីឡាករ ២៣នាក់ប៉ុន្មានថ្ងៃ ។ វត្តមានរបស់ យ៉ើ សាហ្វី បានបង្ខំចិត្តឲ្យលោក Ohara ជម្រុះកីឡាករម្នាក់ចេញ ហើយក៏មិនបានរួមដំណើរជាមួយក្រុម U-19 ទៅវៀតណាមដែរ នោះគឺកីឡាករ គីម ហាប់ ។ ជាមួយនឹងការជ្រើសរើសយក យ៉ើ សាហ្វី នេះដែរ គ្រូបង្វឹកជនជាតិជប៉ុននេះ បាននិយាយថា ដោយសារលោកជឿជាក់លើសមត្ថភាពរបស់ សាហ្វី ដែលលោកបានតាមដានកន្លងមក ។

ដោយឡែកចំពោះកម្មវិធីប្រកួតពានរង្វាន់ AFF U-19 Championship 2016 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ នៅទីក្រុងហាណូ ប្រទេសវៀតណាម ដោយក្រុម U-19កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ, ឡាវ, អូស្ដ្រាលី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ សម្រាប់ការប្រកួតបើកឆាករបស់យុវជនកម្ពុជា នឹងត្រូវជួបក្រុមយុវជនអូស្រ្តាលី នៅថ្ងៃទី១២ ខែកញ្ញានេះ ហើយព្រឹត្តិការណ៍នេះដែរ ទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់រហូតដល់ចប់ទៀតផង ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត