គួរឲ្យស្ដាយ! កីឡាករ ហុង ផេង​ ត្រូវវះកាត់ជង្គង់ដាច់ខាត​ ហើយត្រូវសម្រាកយ៉ាងតិច ៦ខែ

លី រិទ្ធី August 31, 2016


ភ្នំពេញ៖ លទ្ធផលនៃការពិនិត្យរបួសរហែកសរសៃពួរជង្គង់របស់កីឡាករ ហុង ផេង បានចេញហើយ ដោយខ្សែការពារដ៏រឹងមាំនៃ ក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជារូបនេះ ត្រូវប្រឈមមុខនឹងការវះកាត់របួសជង្គង់ចាំបាច់ ទើបងាយស្រួលក្នុងការព្យាបាល ប៉ុន្ដែត្រូវការពេលវេលាសម្រាកយ៉ាងតិចក៏ ៦ខែដែរ ។ នេះបើយោងតាមការជូនដំណឹងលើទំព័រហ្វេកប៊ុកផ្លូវការរបស់ក្លឹបបឹងកេតអង្គរកាលពីយប់មិញ ។

14089157_1258993134145778_2432932592283500895_n

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា «ឆ្លងកាត់តាមការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅវៀតណាម ជាលទ្ធផលបញ្ហារបួសរហែកសសៃពួរជង្គង់របស់ ហុង ផេង ត្រូវធ្វើការវះកាត់ជាចាំបាច់ ដើម្បីព្យាបាលឲ្យជាសះស្បើយ ដូច្នេះខ្សែការពារកណ្ដាលរូបនេះ នឹងត្រូវបន្ដអវត្តមានយ៉ាងតិច ៦ខែទៀត មុនអាចត្រឡប់មកកាន់ទីលានហ្វឹកហាត់ជាថ្មី។ ចំណែកកាលបរិច្ឆេទនៃការវះកាត់ទំនងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ» ។

គួរបញ្ជាក់ថា របួសរហែកសរសៃពួរជង្គង់របស់កីឡាករ ហុង ផេង គឺបានកើតឡើងអំឡុងពេលប៉ះទង្គិចជាមួយកីឡាករក្រុមក្រសួងការពារជាតិ ក្នុងជួបគ្នាប្រកួតជើងទី២ នៃលីគកំពូលកម្ពុជាកាលពីដើមខែសីហាកន្លងទៅ ហើយភ្លាមៗនោះ គ្រូពេទ្យជំនាញបានវាយតម្លៃថា របួសកីឡាករ ហុង ផេង ត្រូវសម្រាកព្យាបាលយ៉ាងតិចក៏ ៣ខែដែរ ប៉ុន្ដែដោយសារការសម្រាកព្យាបាលរបួសមួយរយៈកន្លងទៅមិនទាន់បានធូរស្បើយ ទើបសម្រេចចិត្តទៅព្យាបាល នៅប្រទេសវៀតណាមកាលពីម្សិលមិញ ។ ប៉ុន្ដែលទ្ធផលនៃការត្រួតពិនិត្យនៅទីនោះ គឺជារឿងគួរឲ្យដោកស្ដាយបំផុត បន្ទាប់ពីវេជ្ជបណ្ឌិតរកឃើញថា សរសៃពួរជង្គង់ ហុង ផេង បានដាច់ទៅហើយ ដូច្នេះហើយទើបក្រុមគ្រូពេទ្យទាមទាឲ្យគេធ្វើការវះកាត់ ។ យ៉ាងណាមិញការសម្រាករយៈពេល ៦ខែក្រោយធ្វើការវះកាត់ នឹងនាំឲ្យមានផលប៉ះពាល់មួយចំនួនដល់ក្លឹប ដែលត្រៀមប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្លឹបប៉ូលិស ពិសេសគឺការមិនបានជួយក្រុមជម្រើសជាតិកម្ពុជា នៅក្នុងយុទ្ធនាការនៃការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលាខាងមុខនេះតែម្ដង ៕

14141617_1662863864030927_4576303334578754618_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត