ចាន់ វឌ្ឍនាកា,​​ ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង និយាយអ្វីខ្លះ មុនចេញទៅហុងកុងយប់មិញ?

នូ មករា August 30, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចាកចេញពីស្រុកកំណើតឆ្ពោះទៅទីក្រុងហុងកុងហើយ កាលពីយប់មិញដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះហុងកុង នៅកីឡដ្ឋាន Mong Kok នាថ្ងៃទី០១ ខែកញ្ញាសប្ដាហ៍នេះ ។ ទន្ទឹមជាមួយគ្នានោះខ្សែប្រយុទ្ធឆ្នើម ៣រូប មកពី ៣ក្លឹបផ្សេងៗគ្នាសុទ្ធតែបានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការស្វែងរកជ័យជម្នះជូនជាតិ បើទោះបីដឹងថា ក្រុមហុងកុងមានចំណាត់ថ្នាក់ពិភពលោកល្អជាងកម្ពុជាក៏ដោយ ។

13321895_1751649785072522_1604181490644285064_n

កីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធដ៏សំខាន់នៃក្លឹបបឹងកេតអង្គរ បានលើកឡើងថាការប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពជាមួយហុងកុងលើកនេះ គឺមានលក្ខណៈល្អប្រសើរ ដោយសារកីឡាករម្នាក់ៗ មិនមានរបួស ។ លើសពីនេះទោះបីខ្លួនត្រៀមជួយក្លឹបមួយប្រកួតចុងក្រោយ ដើម្បីប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះពិតមែន ប៉ុន្ដែគេបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអត់ពីសមត្ថភាព ដើម្បីជួយមិត្តរួមក្រុមស្វែងរកជ័យជម្នះក្នុងជំនួបមិត្ភភាពជាប្រវត្តិសាស្ដ្រនេះ ។

13892240_1771261489778018_2033913861246876981_n

រីឯកីឡាករ ប្រាក់ មុន្នីឧត្តម ខ្សែប្រយុទ្ធមកពីក្លឹបព្រះខ័នរាជស្វាយរៀង បាននិយាយថា ការប្រកួតមិត្តភាពជាមួយក្រុមហុងកុងនេះគឺជាជំនួបដ៏សំខាន់ ព្រោះហុងកុង ជាក្រុមខ្លាំងមួយ និងមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងកម្ពុជា ដូច្នេះវានឹងផ្ដល់បទពិសោធន៍ដ៏ល្អសម្រាប់កម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នាខែតុលាខាងមុខ ។ លើសពីនេះគេថែមទាំងប្ដេជ្ញាចិត្តធ្វើឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះជូនជាតិទៀតផង ។

IMG_1285

ដោយឡែកកីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយក្នុងក្លឹបភ្នំពេញក្រោន និងក្រុមជម្រើសជាតិ បានឲ្យដឹងថាថ្វីត្បិតមួយរយៈពេលចុងក្រោយនេះ ខ្លួនមិនសូវមានឱកាសពេញលេញជាមួយក្លឹប ដោយសារបញ្ហារបួសប៉ុន្ដែឥលូវខ្លួនបានជាសះស្បើយហើយ តែឱកាសជាប់ជម្រើសដំបូង ឬក៏អត់នោះ គឺអាស្រ័យលើការសម្រេចរបស់លោក Lee Tae Hoon ដែលជាគ្រូបង្វឹក ។ តែទោះជាយ៉ាងណាគេបានដាក់គោលដៅ នឹងបន្ដការព្យាយាមរហូត ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជាពិសេសគឺប្រឹងប្រែងយកឈ្នះម្ចាស់ផ្ទះហុងកុងនាដើមខែក្រោយតែម្ដង ។

14102288_1783566731880827_5247416466234635759_n

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមហុងកុង ២ជើង ដោយជើងទី១ ហុងកុងជាអ្នកធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី០១ ខែកញ្ញាខានស្អែកនេះ ខណៈជើងទី២ ប្រកួតនៅលើទឹកដីកម្ពុជាវិញម្ដង នៅថ្ងៃទី០៦ ខែតុលាខាងមុខ ហើយជំនួបមិត្តភាពនេះគឺជាការប្រកួតដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជាដែលត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នៅខែតុលាខាងមុខ ដោយកម្ពុជាត្រូវប្រឈមជាមួយក្រុមក្នុងតំបន់ ៣ក្រុមទៀត ដើម្បីប្រជែងកៅអីជុំបន្ដ រួមមានក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត