ថវិកាជាង ៧ មុឺនដុល្លារនឹងត្រូវប្រធានក្លឹបភ្នំពេញក្រោនប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផារសៀលនេះ

នូ មករា August 23, 2016


ភ្នំពេញ៖ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែសីហា នេះលោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនរួមជាមួយនឹងក្រុមការងាររបស់លោកនឹងនាំយកនូវថវិកាជាង ៧ មុឺនដុល្លារដែលទទួលបានពីការផ្តល់វិភាគទានពីសប្បុរសជននានាក៏ដូចជាពីការដាក់ដេញថ្លៃអាវយឺតរបស់កីឡាករ Michael Owen និងឯកសណ្ឋានរដូវកាលថ្មីរបស់ក្លឹបភ្នំពេញក្រោនកាលពីកម្មវិធីប្រកួតបាល់ទាត់វ័យចំណាស់  LKC 8th IFC International Soccer 9s Tournament 2016 ដើម្បីប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

MG_7598

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅក្រុមបាល់ទាត់វ័យចំណាស់ជាង ៣០០ នាក់មកពីប្រទេសចំនួន ៧ បានរួមគ្នាបង្កើតកម្មវិធីទាត់បាល់មនុស្សធម៌មួយនៅលើទឹកដីក្លឹបភ្នំពេញក្រោនក្នុងគោលបំណងដើម្បីប្រមូលថវិកាផ្តល់ទៅមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីពង្រឹងចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌គ្នាផងដែរ។ ជាមួយគ្នានេះដែរ នារាត្រីនោះលោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានផ្តល់អាវយឺតរបស់អតីតខ្សែប្រយុទ្ធ Michael Owen នៃក្រុមជម្រើសជាតិអង់គ្លេសព្រមទាំងជាអតីតសមាជិកក្រុម Liverpool និង Real Mardrid ដោយមានហត្ថលេខារបស់កីឡាករឆ្នើមរូបនេះផងដើម្បីដាក់ដេញថ្លៃក្នុងគោលបំណងស្វែងរកថវិកាឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលបានបំពេញកិច្ចការងារយ៉ាងសកម្មក្នងគោលដៅសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់នោះ។

_MG_2853

គួររំលឹកផងដែរថា លោកឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនដែលជាក្លឹបបាល់ទាត់ដ៏ធំមួយនៅកម្ពុជាធ្លាប់បានបង្កើតកម្មវិធីជាច្រើននាពេលកន្លងមកដើម្បីប្រមូលថវិកាជួយដល់បណ្តាស្ថាប័នមនុស្សធម៌មួយចំនួនដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមការងាររបស់លោកតែងតែរៀបចំឱ្យមានការចុះចែករំលែកបទពិសោធន៍ និងសំណេះសំណាលរវាងកីឡាករបាល់ទាត់អាជីព ជាមួយក្រុមកុមារ និងយុវជននៅតាមសហគមន៍បាល់ទាត់នៅជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ជាងនេះទៅទៀត លោកក៏ជាថ្នាក់ដឹកនាំវិស័យបាល់ទាត់ដ៏សកម្មមួយរូបដែលបានផ្តួចផ្តើមបង្កើតឱ្យមានការបណ្តុះបណ្តាលក្រុមថ្នាលយុវជនមុនគេនៅក្នុងប្រទេសកម្ពុជា ហើយនាពេលបច្ចុប្បន្ននេះ កីឡាករវ័យក្មេងក្នុងក្រុមយុវជនភ្នំពេញក្រោនបានបង្ហាញស្នាដៃជាបន្តបន្ទាប់ក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស ដោយពួកគេខ្លះទៀតក៏បានក្លាយជាកីឡាករឆ្នើមៗនៅក្នុងក្រុមយុវជនជម្រើសជាតិថែមទៀតផង៕

13900152_1316909421669912_2019131682499753983_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត