សំ ថារ័ត្ន៖ ពួកយើងមានក្តីរំភើប និងមោទកភាពដែលល្បុក្កតោមានការគាំទ្រខ្លាំងនៅអូស្ត្រាលី!

នូ មករា August 16, 2016


ម៉ែលប៊ន៖ បន្ទាប់ពីបានចាកចេញពីមាតុប្រទេសនាថ្ងៃទី១០ ខែសីហាកន្លងទៅនៅពេលនេះកញ្ញា សំ ថារ័ត្ន រួមជាមួយនឹងសមាជិកក្រុមការងារដទៃទៀតកំពុងតែស្ថិតនៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាទីដែលពួកគេទាំង ៨ រូបនឹងចំណាយពេល ២ សប្តាហ៍នៅទីនោះដើម្បីបំពេញបេសកកម្មក្នុងការផ្សព្វផ្សាយអំពីកីឡាល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរដ៏មានប្រជាប្រិយដល់បណ្តាបងប្អូនជនរួមជាតិខ្មែរក៏ដូចជាដល់ជនបរទេសបានទស្សនា និងស្វែងយល់ផងដែរ។

13668734_1166465323413167_2308375937956006421_o

ជាមួយនឹងក្តីរំភើបកីឡាការិនីគុនខ្មែរវ័យក្មេង សំ ថារ័ត្ន បានថ្លែងពីប្រទេសអូស្ត្រាលីមកថា៖« ក្រុមរបស់យើងពិតជាមានក្តីរីករាយ និងមានមោទកភាពបំផុតនៅពេលដែលបានឃើញថាទាំងបងប្អូនខ្មែរ និងបរទេសបានគាំទ្រ លើកទឹកចិត្ត ក៏ដូចជាជួយជ្រោមជ្រែងយ៉ាងខ្លាំងចំពោះការសម្តែង និងការស្នាក់នៅរបស់យើង ជាពិសេសពួកគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកទេសនៃកីឡាក្បាច់ល្បុក្កតោរបស់យើង ជារួមគឺវាពិតជាអស្ចារ្យជាងអ្វីដែលយើងបានរំពឹងទុក។ ជាក់ស្តែងក្នុងកម្មវិធីកន្លងទៅគឺមានមនុស្សចូលរួមទស្សនាច្រើនមែនទែន ហើយថែមទាំងមានការថតផ្សាយផ្ទាល់ដោយទូរទស្សន៍ CBN  របស់អូស្ត្រាលី និងមានការចុះផ្សាយលើបណ្តាសារព័ត៌មានផងដែរ និយាយរួមទាំងនេះពិតជាភាពជោគជ័យមួយសម្រាប់ក្រុមរបស់យើង ដែលស្របទៅតាមបំណង និងឆន្ទៈរបស់លោកគ្រូតាសាន គឹមស៊ាន មិនត្រឹមតែប៉ុណ្ណោះយើងទាំងអស់គ្នាសង្ឃឹមថានាពេលខាងមុខនេះនឹងអាចមានការរៀបចំបង្កើតសាលាគុនមួយនៅទីនេះ។»

13995451_1166465413413158_4426462114424841129_o

ជាងនេះទៅទៀត កីឡាការិនីដែលមានទីផ្សារសិល្បៈផ្នែកប្រយុទ្ធនៅក្នុងខ្សែភាពយន្តខ្នាតធំរូបនេះបានលើកឡើងថា៖«នៅពេលនេះពួកយើងកំពុងរៀបចំខ្លួនដើម្បីធ្វើការសម្តែងបង្ហាញជូនទស្សនិកជននៅក្នុងសាលនៃទីក្រុងមួយដែលស្ថិតនៅឆ្ងាយបន្តិចពីរដ្ឋធានីម៉ែលប៊ន ហើយអ្វីដែលពិសេសនៅគឺលោកប្រធានសាលសម្តែងមានការពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់យើង ថែមទាំងបានថ្លែងថា សូមស្វាគមន៍មកកាន់គ្រួសារនៃអ្នកគុននិយម!។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាពិតជាសប្បាយរីករាយចំពោះការទទួលបានលទ្ធផលដ៏ល្អនៅក្នុងដំណើរមកកាន់ទឹកដីអូស្ត្រាលីជាលើកទី១នេះ ហើយអ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាននោះគឺសូមថ្លែងអំណរគុណដល់បងប្រុស ឆាយ សេង ដែលបានចំណាយធនធានក្នុងការផ្តល់ឱកាសឱ្យពួកយើងបានមកផ្សព្វផ្សាយយុទ្ធគុនខ្មែរនៅទីនេះ ហើយវាការជារួមចំណែកដ៏សំខាន់ក្នុងការនាំយកកីឡាល្បុក្កតោដ៏អស្ចារ្យរបស់ខ្មែរយើងទៅកាន់ពិភពលោកដែលជាមោទកភាពមួយដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា!»។

13891835_1165190720207294_3017085664913572132_n

សូមបញ្ជាក់ថា មុននឹងវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី២៤ ខែសីហា ខាងមុខនោះ ក្រុមកីឡាករ កីឡាការិនីខ្មែរយើងនឹងត្រូវបន្តសកម្មភាពក្នុងការសម្តែងរបស់ខ្លួននៅតាមទីក្រុងមួយចំនួនទៀតដោយរំពឹងថានឹងមានចំនួនអ្នកចូលរួមច្រើនមិនចាញ់ការសម្តែងមុនៗឡើយ៕

1915947_10204456541253418_8419965353055320553_n

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត