កាយសម្ព័ន្ធ ជាប្រភេទកីឡាដែលអាចប្រើសម្រាប់ការពារខ្លួន និងក្នុងសឹកសង្គ្រាម

នូ មករា August 15, 2016


ភ្នំពេញ៖ កាយសម្ព័ន្ធ គឺជាប្រភេទកីឡាម្យ៉ាងដែលអាចប្រើប្រាស់ជាមួយនឹងកម្លាំង ភាពទន់ភ្លន់ រហ័សរហួន ក្លាហាន ភាពវ័យឆ្លាត និងបំបាត់បាននូវភាពខ្ជិលច្រអូសរួមជាមួយការរក្សាសុខភាពបានល្អផងនោះ ត្រូវបាន លោកណយ ផាន់ណា អគ្គលេខាធិការសហ័ន្ធកីឡា មួយនេះបានបង្ហើបឱ្យដឹងថា កីឡានេះ វាក៏ជាប្រភេទក្បាច់គុនម្យ៉ាងដែលហាត់សម្រាប់ការពារខ្លួននិងហាត់ការពារប្រទេសក្នុងការធ្វើសង្គ្រាមទៀតផងដែរ។ ផ្អែកតាមការស្រាវជ្រាវនោះលោកបានឲ្យដឹងថា កាយសម្ព័ន្ធបានកើតឡើងនៅចុងសតវត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី ១៩  ហើយវាមានប្រភពនៅប្រទេសក្រិចប៉ុន្តែនៅសម័យកាលនោះប្រទេសក្រិចបានដាក់ប្រភេទកីឡានេះចូលទៅក្នុងជួរកងទ័ពដើម្បីធ្វើការហ្វឹកហាត់សម្រាប់ការពារខ្លួននិងការពារប្រទេសក្នុងការ ធ្វើសង្គ្រាមផងដែរ ដោយការធ្វើសង្គ្រាមសម័យនោះមានប្រើដោយកម្លាំងដំបង ដាវ លំពែង ជាដើម។

Gymistic-02

លោកបានលើកឡើងថា នាសម័យកាលនោះ សូម្បីតែនៅតាមផ្ទះក៏គេមានរៀបចំឲ្យមានទីធ្លាទូលាយសម្រាប់ហាត់កីឡាកាយសម្ព័ន្ធដែរ ដូច្នេះហើយទើបនៅយុគសម័យនោះកីឡាកាយសម្ព័ន្ធមានការរីកចម្រើនខ្លាំងជាងគេនៅប្រទេសក្រិចពិសេសក្នុងជួរកងទ័ពតែម្ដង។ ក្រោយមក គឺអំឡុងពាក់កណ្ដាលសតវត្សរ៍ទី១៩ ឬក៏ចុងសតវត្សរ៍ទី១៩ ឬអាចដើមសតវត្សរ៍ទី២០គេបានឃើញកាយសម្ព័ន្ធរីកចម្រើនកាន់តែខ្លាំង និងសាយភាយស្ទើរពាសពេញអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួននៅអាម៉េរិគហើយក៏បានសាយភាយមកដល់ទ្វីបអាស៊ី អូសេអានី និងតំបន់ដទៃទៀតនៃពិភពលោក ហើយថែមទាំងបានក្លាយទៅជាប្រភេទកីឡាដ៏ពេញនិយមមួយដោយមានបញ្ចូលជាវិញ្ញាសាក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងអាថែន ប្រទេសក្រិច ឆ្នាំ ១៨៩៦ ជាលើកដំបូងថែមទៀតផង។

Olympics+Day+5+Gymnastics+Artistic+yr6oBMj8QCPx

លោក ណយ ផាណា បានបន្តថា ប្រភេទកីឡាកាយសម្ព័ន្ធនេះបានចូលមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៦៨ នៅចន្លោះពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៥ ហើយខេមរៈសហព័ន្ធកីឡាកាយសម្ព័ន្ធ មានលោក អាំង គឹមអៀន  ជាប្រធានសហព័ន្ធហើយពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កាយសម្ព័ន្ធកម្ពុជាបង្ហាត់ដោយគ្រូមកពីអតីតសហភាពសូវៀតដែលកាលនោះមាន កីឡាករ និងកីឡាការិនី ប្រមាណពី ៥០ នាក់ ទៅ ៦០ នាក់។ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ កាយសម្ព័ន្ធកម្ពុជាបង្ហាត់ដោយលោក ទីវ  អិន ដែលជាអនុប្រធានសហព័ន្ធ ដោយលោក ទីវ អិន ធ្លាប់បានទៅហ្វឹកហាត់កាយសម្ព័ន្ធនៅអតីតសហភាពសូវៀត កាលនោះលោកបង្ហាត់ក្រុមជម្រើសជាតិប្រមាណដែលមានចំនួនជាង ១០នាក់។ ប៉ុន្តែប្រការដែលគួរឲ្យស្ដាយនោះគឺកាយសម្ព័ន្ធ នៅកម្ពុជាបានស្លាប់បាត់បង់ទៅវិញនៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះនៅឆ្នាំ១៩៨៥ សហព័ន្ធបានរៀបចំឡើងវិញ ហើយប្រធានសហព័ន្ធ គឺលោក កែវ ថុន អនុប្រធាន គឺលោកវេជ្ជបណ្ឌិត យិត ស៊ុនណារ៉ុង និងអ្នកស្រី ញ៉ែម សារិន ជាអគ្គលេខាធិការ ។ ជាមួយនឹងការរៀបចំឡើងវិញនេះខេមរសហព័ន្ធកាយសម្ព័ន្ធបានប្ដូរ ឈ្មោះទៅជាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាវិញ ។

CV

បន្ទាប់មកពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៧ សហព័ន្ធនេះ មានលោក ថោង ខុនជាប្រធាន លោក វេជ្ជបណ្ឌិត យិត ស៊ុនណារ៉ុង ជាអនុប្រធានសហព័ន្ធ និងអ្នកស្រី ទេព ក្រិត្យសាសនា ជាអគ្គលេខាធិការ  ។ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះសហព័ន្ធកាយសម្ព័ន្ធ មានលោក ថោង ខុន ជាប្រធានសហព័ន្ធ លោក ឧកញ៉ា សុខ ហុង អនុប្រធានទី១ វេជ្ជបណ្ឌិត យិត ស៊ុនណារ៉ា អនុប្រធានទី២ និងលោក ណយ ផាណា ជាអគ្គលេខាធិការ ។ ក្នុងឋានៈជាអគ្គលេខាធិការលោក ណយ ផាណា បាន ធ្វើសមាហរណកម្ម ខ្លួនទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកបានយ៉ាងឆាប់រហ័ស ។  មិនតែប៉ុណ្ណោះកាយសម្ព័ន្ធមានការរីកចម្រើនគួរឲ្យកោតសរសើរហើយសមត្ថភាពកីឡាជម្រើសក៏មានកម្រិតខ្ពស់ជាងមុនដែរ ។

Arthur+Nabarrete+Zanetti+Olympics+Day+10+Gymnastics+y7xFhrMK27ul

គួរបញ្ជាក់ផងដែរថា កាយសម្ព័ន្ធនៅកម្ពុជាសព្វថ្ងៃ មាន ២ វិញ្ញាសា គឺ ARTISTIC GYMNASTIC និង AEROBIC GYMNASTIC  សម្រាប់បុរសហាត់ជាមួយឧបករណ៍ចំនួន ៦ ប្រភេទ គឺលោតលើកម្រាល លោតលើរបាស្រប លោតលើសេះកង សេះលោតកង និងលោតលើរបានឹង ។ ចំពោះនារីវិញ ហាត់ជាមួយ ៤ ឧបករណ៍គឺលោតលើឧបករណ៍មានកម្រាល លោតលើរបាទាប ខ្ពស់ ស្នួរលំនឹង និង ឧបករណ៍ សេះលោត ៕

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត