បឹងកេតអង្គរ ទាមទារឈ្នះដាច់ខាត ប៉ុន្តែគ្រូទ័ពថា ភ្នំពេញក្រោនមានប្រៀបជាង

នូ មករា August 14, 2016


ភ្នំពេញ៖ ដើម្បីបន្ដគ្រងតំណែងកំពូលតារាង នៃពានមិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី១៦ ក្រុមបឹងកេតអង្គរគឺត្រូវការឈ្នះក្រុមភ្នំពេញក្រោនដាច់ខាត នៅក្នុងជំនួបជើងទី២ លើទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង ៦ល្ងាចនេះ ប៉ុន្ដែលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ (ទ័ព) បានលើកឡើងថា ជំនួបគួរឲ្យចាប់អារម្មណ៍នេះ ប្រសិនបើបឹងកេតចង់បាន ៣ពិន្ទុនោះ គឺមិនងាយស្រួលឡើយ ព្រោះភ្នំពេញក្រោនមានប្រៀបជាង ។

13903259_1325625524131635_3249515655242172663_n

លោក ទេព ឡុងរចនា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដឹកនាំក្រសួងការពារជាតិ យកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ២-១ កាលពីល្ងាចមិញ ដើម្បីឡើងឈរកំពូលតារាងបណ្ដោះអាសន្នជាមួយនឹង ៤០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួតឈ្នះ១៣ ស្មើ១ និងចាញ់២ ហើយក៏នាំមុខក្រុមបឹងកេតអង្គរ ២ពិន្ទុផងដែរ ។ យ៉ាងណាមិញទ័ពមិនទាន់មានសង្ឃឹមឈរកំពូលតារាងរហូតនោះទេ គឺត្រូវចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមបឹងកេត និងភ្នំពេញក្រោននាល្ងាចនេះសិន ។

13895235_1322967307730790_265111406116556610_n

យ៉ាងណាក៏ដោយ អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យនេះបានបញ្ជាក់ថា៖ «ជំនួបរវាងក្រុមបឹងកេត និងភ្នំពេញក្រោនគឺភាគរយឈ្នះរបស់បឹងកេតមានតិចជាងភ្នំពេញក្រោន ដោយសារបឹងកេតមានបញ្ហាកីឡាកររបួសច្រើន ។ ម្យ៉ាងវិញទៀតមូលហេតុខ្ញុំផ្ដល់តម្លៃឲ្យភ្នំពេញក្រោនខ្ពស់ ព្រោះគាត់ផ្លាស់ប្ដូរច្រើន តាមរយៈការប្រើធនធានខ្សែប្រយុទ្ធបន្ថែម ជាក់ស្ដែងមានកីឡាករកូរ៉េ និង Bisan George រួមទាំងកីឡាករ ដែលមានឆន្ទៈខ្ពស់ក្នុងការប្រកួតជាដើម ដូច្នេះបឹងកេត ពិបាកយកឈ្នះណាស់» ។

Bengket32

គួររំលឹក កាលពីជើងទី១ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ទាំងពិបាកក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន RSN ។ ប៉ុន្ដែបញ្ហាចំពោះមុខពេលនេះ គឺបឹងកេតអង្គរ ត្រូវការឈ្នះជំនួបល្ងាចនេះបន្ដទៀតដើម្បីប្រជែងតំណែងកំពូលតារាងជាមួយក្រុមក្រសួងការពារជាតិ តែប្រសិនបើបឹងកេត ចាញ់ការប្រកួតល្ងាចនេះវិញនោះក្ដីសង្ឃឹមលើកពានរបស់ក្រុមបឹងកេត នៅមានមិនច្រើនប៉ុន្មានទេ ។ ចំណែកក្រុមភ្នំពេញក្រោន ក៏ត្រូវឈ្នះជំនួបល្ងាចនេះដាច់ខាតដើម្បីប្រជែងចំណាត់លេខ៣ ឬលេខ៤ ផងដែរ ។

13680809_1318783741482480_7777040368609524299_n

ដោយឡែកលោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយថាដោយសារលោកដឹងច្បាស់ពីសមត្ថភាពរបស់គូប្រកួតល្ងាចនេះ គឺលោកមិនអាចធ្វេសប្រហែសបានឡើយ ពិសេសនោះគឺប្រព័ន្ធការពារដែលលោកនឹងពង្រឹងឲ្យបានរឹងមាំបំផុត ដើម្បីទប់ស្កាត់ការវាយសម្រុករបស់ខ្សែប្រយុទ្ធក្រុមបឹងកេត ។ លើសពីនេះលោកថែមទាំងប្ដេជ្ញាចិត្តជំរុញកូនក្រុមរបស់ខ្លួន ធ្វើឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្ររបស់ខ្លួនទៀតផង ៕

phnom_penh_crown

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត