លោកអ្នកជ្រាបទេថា តើកីឡាបាល់ទាត់ Futsal បានចូលមកដល់កម្ពុជាតាំងពីឆ្នាំណា?

នូ មករា August 10, 2016


ភ្នំពេញ៖ គេឃើញមានការប្រកួតបាល់ទាត់ Futsal តាំងពីឆ្នាំ១៩៣០ មកម្ល៉េះ នៅទីក្រុង Monte Video នៃប្រទេស Uruguay ហើយវាជាប្រភេទល្បែងមួយដែលប្រជាជននៅតំបន់អាមេរិកខាងត្បូងនិយមចូលចិត្តខ្លាំងណាស់ពិសេសគឺនៅប្រទេសប្រេស៊ីលតែម្តងដែលជនជាតិមួយនេះមានបច្ចេកទេស និងសមត្ថភាពផ្ទាល់ខ្លួនខ្ពស់បំផុតនៅលើពិភពលោកផ្នែកកីឡានេះ ហើយសូម្បីតែកីឡាល្បីៗរបស់ប្រទេសប្រេស៊ីលភាគច្រើនក៏មានប្រភពចេញមកពី Futsal នេះដែរ ។

futsal-cc1

តាមពិតទៅកីឡាបាល់ទាត់ដែលលេងក្នុងតារាងដោយមានគ្នាម្ខាង ៥នាក់នេះទើបតែចូលមកស្រុកខ្មែរនៅអំឡុងឆ្នាំ២០០០ ប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់លោកទុយ ប៊ុនហឿន ប្រធានការិយាល័យបច្ចេកទេសនៃនាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាជនជាតិកម្ពុជាមួយរូបដែលបានទទួលការបណ្ដុះបណ្ដាលមុនគេជាមួយលោកកែវ សារិន ក្នុងឆ្នាំ២០០០ (សព្វថ្ងៃជាសមាជិកប្រតិបត្តិសហព័ន្ធបាល់ទាត់)  ដែលវគ្គនោះមានឈ្មោះថា Futsal Development Course South East Asia នៅប្រទេសថៃ ។

Bg_Futsal

បើតាមការរៀបរាប់របស់លោកទុយ ប៊ុនហឿន បានឱ្យដឹងថា Futsal ឬបាល់ទាត់ក្នុងបន្ទប់នេះមានប្រភពមកពីតំបន់អាមេរិកខាងត្បូង ។ កាលនោះនៅក្នុងពិភពលោកជួបគ្រោះធម្មជាតិដោយសារការធ្លាក់ទឹកកក ហើយបាតុភូតធម្មជាតិនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតកីឡាបាល់ទាត់ ។ ស្ថានភាពបែបនេះ ទើបនាំឱ្យមានការលើកការប្រកួតនោះមកលេងក្នុងបន្ទប់វិញ ហើយការប្រកួតនោះគេហៅថា Futsal ទៅគឺមានន័យថាបាល់ទាត់លេងក្នុងសាល ឬ បន្ទប់ ។ ដោយសារក្នុងបន្ទប់វាមានស្ថានភាពចង្អៀត ទើបគេមិនលេងម្ខាង ១១នាក់ដូចបាល់ទាត់នៅទីវាលដោយកំណត់ឲ្យលេងម្ខាងតែ ៥នាក់ ប៉ុណ្ណោះ ។

2328518_w2

ពាក្យ Futsal មកពីពាក្យអេស្ប៉ាញ រីឯភាសាប៉ទុយហ្គាល់ហៅថា Futbol ឬ Futtebol  បើតាមភាសាបារាំង ឬភាសាអេស្ប៉ាញ Sale ឬ salon មានន័យថា បន្ទប់ ឬ ម្លប់ដូច្នេះ Futsal មានន័យថា ជាប្រភេទបាល់ទាត់ក្នុងបន្ទប់ ឬ ក្នុងម្លប់។ មានការពន្យល់មួយទៀតដែរថា Futsal គឺជាការលេងបាល់លើទីលានតូចនៅក្នុងសាលហើយក៏មានពាក្យមួយទៀតដែលគេ ហៅជំនួសថា Five a Side ឬ បាល់ទាត់ម្ខាង ៥នាក់ ។

បាល់ទាត់ គឺជាកីឡាដ៍៏ធំដែលគេនិយមចូលចិត្ត ព្រោះជាប្រភេទកីឡាស្រួលទស្សនា ស្រួលគាំទ្រ ពិសេសកីឡាបាល់ទាត់មានសមាជិកម្ខាង ១១នាក់ ។ ប៉ុន្តែសព្វថ្ងៃនេះ Futsal ក៏មានការនិយមទស្សនាមិនចាញ់បាល់ទាត់ ១១នាក់ដែរ ។  កីឡា Futsal នេះ ត្រូវបានគេនិយាយតៗគ្នាថាមានវត្តមាននៅប្រទេសកម្ពុជាជាយូរណាស់មកហើយតែសកម្មភាពបង្ហាត់ ឬ ប្រកួតពុំដែលឃើញមានឯកសារណាបញ្ជាក់ឡើយ ។ លុះដល់ឆ្នាំ២០០០ សហព័ន្ធបាល់ទាត់កម្ពុជាដែលកាលនោះមានលោកខែក រ៉ាវី ជាប្រធានបានបញ្ជូនលោកកែវ សារិន ដែលជាអនុប្រធានសហព័ន្ធ និងលោក ទុយ ប៊ុនហឿន ដែលសព្វថ្ងៃជាប្រធានការិយាល័យបច្ចេកទេសនៃនាយកដ្ឋានអប់រំកាយ និងកីឡាទៅបណ្ដុះបណ្ដាលនៅប្រទេសថៃផ្នែក Futsal ។ ការបណ្ដុះបណ្ដាលនោះ គឺសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេប្រសិទ្ធិនាមថា Futsal Development Course South East Asia ។ ក្រោយមកនៅឆ្នាំ២០០១ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ រៀបចំការប្រកួត Futsal ក្របខណ្ឌនិស្សិតឧត្តមសិក្សា ហើយក្នុងឆ្នាំដដែលនោះសហព័ន្ធបាល់ទាត់កម្ពុជាក៏បានរៀបចំឱ្យមានគណៈកម្មាធិការ Futsal ឡើងដោយមានលោក កែវ សារិន ជាប្រធាន លោកម៉ៃ តុលា ជាអនុប្រធានលោកទុយ ប៊ុនហឿន និង លោកជា ប៊ុនតៃ ជាសមាជិក ។

220c08548cac211cc7db219bb52f46cf_XL

បន្ទាប់មកនាឆ្នាំ២០០៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គគ្រូបង្វឹក និងអាជ្ញាកណ្ដាល Futsal ក្រោមការឧបត្ថម្ភរបស់ FIFA និងសហព័ន្ធបាល់ទាត់អាស៊ាន AFF ដែលមានប្រទេសចំនួន ១៣ ចូលរួម ។ នៅឆ្នាំដដែលនោះកម្ពុជាក៏បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០០៣ (Asean Futsal Championship 2003) ផងដែរ។ ជាអកុសលកាលនោះពហុកីឡដ្ឋានជាតិអូឡាំពិកជាប់ជួសជុល ដូច្នេះកម្ពុជាមិនរៀបចំបាននោះទេ ដូច្នេះគេក៏បានផ្ទេរការប្រកួតនេះទៅប្រទេសម៉ាឡេស៊ីវិញ ហើយក្រុមតំណាងកម្ពុជាក៏បានធ្វើដំណើរទៅចូលរួមប្រកួតនៅម៉ាឡេស៊ីដែរ ដោយមានការចូលរួមពីប្រទេសប្រ៊ុយណេ កម្ពុជា ហ្វីលីពីន ថៃ និងប្រទេសឥណ្ឌូនេស៊ី ។ ក្រោយមកកម្ពុជាបានបង្កើតឱ្យមានការប្រកួត Futsal ប្រចាំឆ្នាំ បន្ទាប់ពីលោកឧត្តមសេនីយ៍ សៅ សុខា បានក្លាយជាប្រធានសហព័ន្ធបាល់ទាត់បន្តពីលោកខែក រ៉ាវី នាឆ្នាំ២០០៦នោះ ពោលគឺ ជាមួយនឹងតំណែងនេះលោកសៅ សុខាបានរៀបចំឲ្យមានការប្រកួត Futsal ថ្នាក់ជាតិតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត