អត្ថប្រយោជន៍ និងពេលវេលាសមស្របសម្រាប់ការហាត់ប្រាណ

នាពេលបច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរច្រើនឡើងៗកាន់តែ​ជ្រាបច្បាស់​ពីអត្ថ​ប្រយោជន៍​នៃការ​ហាត់ប្រាណ ​ជាក់ស្ដែង​នៅតាម​កន្លែងនានាមួយចំនួនដូចជា​តាម​សួនច្បារមាត់ទន្លេ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ឬនៅតាមទីសាធារណៈផ្សេងៗទៀតមានមនុស្សម្នាជាច្រើនបានបញ្ចេញសកម្មភាពពត់ពែនរាងកាយតាមចង្វាក់ភ្លេង ខ្លះទៀតរត់ ឬ ដើរទៅវិញទៅមកដើម្បីបញ្ចេញជាតិពុលបន្ទាប់ពីបានចំណាយពេលបំពេញការងារ ឬ ប្រកបរបរទទួលទានពេញមួយថ្ងៃរួចហើយនោះ។ ក៏ប៉ុន្តែបើទោះបីជារូបភាពទាំងនេះបានបង្ហាញ​ឲ្យ​កាន់តែច្បាស់​ថា​ប្រជាជនខ្មែរគ្រប់វ័យ​ពិតជា​មានការយកចិត្ដ​ទុកដាក់​ចំពោះ​សុខភាពក៏ពិតមែនប៉ុន្តែមិនប្រាកដថាពួកគេបានធ្វើទៅតាមបច្ចេកទេសមួយដែលសមស្រប និងត្រឹមត្រូវនោះទេ។ ហេតុនេះហើយទើបមានមនុស្សមួយចំនួនបែរជាទទួលបាននូវគុណវិបត្តិចំពោះសុខភាព និងរូបរាងកាយទៅវិញ។ ដើម្បីបញ្ជៀសបញ្ហាទាំងនេះ យើងខ្ញុំសូមលើកយកនូវចំណេះដឹងខ្លះៗដែលជាមូលដ្ឋាននៃគំនិតជូនដល់ប្រិយមិត្តដើម្បីធ្វើការពិចារណាក៏ដូចជាដើម្បីជ្រើសរើសយកនូវពេលវេលាមួយដ៏ល្អសម្រាប់ការហាត់កីឡារបស់លោកអ្នកដែលមានដូចតទៅ៖

  • ការ​ហាត់ប្រាណ​នៅពេល​ព្រឹក ៖ ជាការពិតណាស់ការ​ហាត់ប្រាណ​នៅពេល​ព្រឹក​គួរចាប់ផ្តើមនៅពេលដែល​លោកអ្នក​មិនទាន់​ស្រស់ស្រូប​អាហារ​ពេលព្រឹកនោះទើប​លោកអ្នក​អាច​បញ្ចេញបាន​នូវ​ជាតិពុល​ពីក្នុង​រាងកាយរីឯ​កម្លាំង​ក្នុងរាងកាយ​កាន់តែ​មានភាព​ប្រសើរ​ជាង​មុនផងដែរ។ សូម​ចងចាំ​ថា មុននឹង​ធ្វើការ​ហាត់ប្រាណ​នៅពេល​ព្រឹក លោកអ្នក​គប្បី​ទទួលទាន​ទឹកមុន​ពេល​ហាត់​ដោយ​បរិមាណ​ ២ទៅ ​៣កែវ​រួច​សម្រាក​មួយសន្ទុះ​សឹម​ចាប់ផ្តើមហាត់។ អំឡុង​ពេល​ហាត់​ក៏គួរ​ឆ្លៀតពេល​ទទួលទាន​ទឹក១ ​ទៅ ២កែវ​ផងដើម្បី​បំពេញ​​ជាតិទឹក​ដែលបាន​បាត់បង់​ខណៈ​ពេលហាត់​ប្រាណ​ ព្រមទាំងការពារ​មិនឲ្យរាងកាយ​ស្ថិត​នៅក្នុង​ភាព​ខ្សោះឬ​ខ្វះ​ជាតិទឹកដែលអាច​បង្ករ​ផល​លំបាក​កើតមាន​ក្នុង​ពេលហាត់ដូចជា​បណ្ដាល​ឲ្យស្ងួត​បំពង់ក រមួល​ក្រពះ ក្អួត ឈឺក្បាល វិលមុខ ឬ​អស់កម្លាំង​ជាដើម។ សម្រាប់​ការ​ហាត់ប្រាណ​នាពេល​ព្រឹកនេះដែរ លោកអ្នក​អាច​ជ្រើសរើស​វិធី​ជាច្រើន​ក្នុងការ​ហាត់ដូចជា​ ការដើរ រត់ រាំអេរ៉ូប៊ិក និងការ​ធ្វើ​កីឡា​កាយ​វប្បកម្ម​ជាដើម។
  • ការ​ហាត់ប្រាណ​នៅពេល​ល្ងាច ៖ សម្រាប់​ការហាត់​ប្រាណ​ពេលល្ងាច​ក៏មាន​សារៈ​ប្រយោជន៍​មិនខុស​ពីពេល​ព្រឹក​នោះដែរ ដោយលោកអ្នក​អាច​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ចន្លោះពីម៉ោង​ ៥ល្ងាច​រហូត​ដល់ម៉ោង ​៧យប់។ សម្រាប់​ពេលល្ងាច​លោកអ្នក​អាច​ហាត់ប្រាណ​ដោយការ​រាំអេរ៉ូប៊ិក រត់ ឬ​ក៏លើក​សាច់ដុំ​ជាដើម។ សូមបញ្ជាក់ថា ការ​លើក​សាច់ដុំ​នៅពេល​ល្ងាច​គឺមាន​ភាព​ល្អប្រសើរ​ជាង​នៅពេល​ព្រឹកព្រោះ​ថាពេលល្ងាច​លោកអ្នក​មានកម្លាំង​ខ្លាំង​ជាងពេល​ព្រឹក។ ប៉ុន្ដែ​លោកអ្នក​ក៏អាច​ហាត់​នៅពេល​ព្រឹក​ផងដែរគឺ​នៅម៉ោង​ប្រហែល​ជា ៩ ព្រឹក​ក្រោយពីបាន​ទទួលទានអាហារ​ពេលព្រឹក​រួចរាល់។ ដើម្បី​ការពារ​បញ្ហា​លំបាក​ដែលអាច​កើតមាន​នៅពេល​ហាត់លោកអ្នក​គប្បី​ទទួលទាន​ទឹក​ជាប្រចាំប៉ុន្ដែក៏​មិនគប្បី​ទទួលទាន​ក្នុង​កម្រិត​ច្រើន​នោះ​ទេហើយ​ត្រូវ​សម្រាក​បន្ដិច​រាល់ពេល​ដែល​ទទួលទាន​ទឹករួចព្រោះអាច​បណ្ដាល​ឲ្យមាន​អាការ​មិនស្រួល​កើត​ឡើងបាន​។

ក្រៅពីបានជ្រាបអំពីពេលវេលាដែលសមស្របហើយនោះ បន្ថែមពីលើនេះក្នុង​ពេល​ហាត់ប្រាណ​លោកអ្នក​គប្បីមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​សម្រាប់​កីឡា​ហាត់ប្រាណចៀសវាង​បញ្ហា​ដែលអាច​កើតមានជាយថាហេតុ។ ជាមួយគ្នាលោកអ្នក​គប្បី​ពាក់ស្បែក​ជើង​ឲ្យបាន​ត្រឹមត្រូវដើម្បី​ការពារពេលហាត់ និងចៀសវាង​ការ​រលាក​ជើងមិនត្រឹមតែប៉ុណ្ណោះ​នៅពេល​ដែលអ្នកមាន​វ័យ​ចំណាស់វាក៏​អាចធ្វើ​ឲ្យអ្នកឈឺក្បាល​ជង្គង់ និង​ចង្កេះ​ទៀតផង។ លោកអ្នក​គប្បី​ជ្រើសរើស​ខោត្រឹម​ជង្គង់ ឬលើ​ជង្គង់ចៀសវាង​ខោវែងៗ​ពេក​ដែលអាច​បង្កការ​លំបាក​នៅពេល​ហាត់ប្រាណ។ ត្រូវ​ពាក់អាវ​យឺតកីឡា​ដើម្បី​ជួយ​ការពារ​ការ​បែកញើស​ច្រើនងាយស្រួល​ឲ្យ​ញើស​ស្រូប​ចូលក្នុង​អាវហើយ​បើសិន​ជាអាច​មានកូនកន្សែង​មួយ​ប្រចាំ​ជាប់ក​របស់​លោកអ្នក​រាល់ពេល​ធ្វើ​កីឡាគឺ​កាន់តែ​ប្រសើរ។

តាមរយៈចំណេះដឹងមួយនេះ លោកអ្នក​ដែលបាន​ធ្វើការ​ហាត់ប្រាណមិនថា​ហាត់​ទៅតាម​របៀប​ណាមួយ​នោះទេក៏អាច​ជួយ​បង្កើន​សុខភាព​របស់​លោកអ្នក​ឲ្យកាន់តែ​ប្រសើរ និង​ធ្វើឲ្យរាងកាយ​របស់​លោកអ្នក​កាន់តែរឹងមាំ ​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​ខ្លាំងក្លា និងអាច​ជួយឲ្យ​លោកអ្នក​ចៀសផុត​ពីជម្ងឺ​ផ្សេងៗ​ទៀតផង៕

04

15

អត្ថបទ និងរូបភាព៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ