ប្រណាំងកង់ឡើងភ្នំដ៏សែនពិបាកប៉ុន្តែពេញនិយមសម្រាប់កីឡាករ

នាពេលបច្ចុប្បន្ននេះវិស័យកីឡាបាននឹងកំពុងតែទទួលនូវការពេញនិយមចូលចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមិនថាចាស់ ឬក៏ក្មេងនោះឡើយ។ ការលេងកីឡាវាបានហុចមកវិញនូវផលវិជ្ជមានជាច្រើនចំពោះមនុស្សមិនថាកីឡាប្រភេទណានោះទេពោលគឺអាស្រ័យទៅលើចំណង់ចំណូលចិត្ត និងកាយសម្បទារបស់យើងតែប៉ុណ្ណោះ។

ងាកទៅមើលសម័យកាលមុនៗ ដែលមធ្យោបាយធ្វើដំណើរមិនទាន់មានភាពសម្បូរបែប និងគ្រប់គ្រាន់​សម្រាប់យកមកប្រើបា្រស់នោះឡើយ និងម្យ៉ាងដោយសារតម្លៃ រួមទាំងបច្ចេកវិទ្យាមិនទាន់មានការរីកចម្រើន ទោចក្រយាន ឬ កង់ គឺជាមធ្យោបាយធ្វើដំណើរពេញនិយមប្រើប្រាស់បំផុត។ ប៉ុន្តែមកដល់សម័យកាលដ៏ជឿនលឿននេះការប្រើប្រាស់ទោចក្រយានហាក់ត្រូវបានថមថយដោយចំនួនអ្នកប្រើប្រាស់សម្រាប់ជាមធ្យោបាយធ្វើដំណើរមិនសូវជាសម្បូរទៀតនោះឡើយ។

ប៉ុន្តែបើទោះបីជាយ៉ាងណាមានមនុស្សមួយចំនួនទៀតបានយល់ច្បាស់អំពីសារៈប្រយោជន៍នៃការជិះកង់ និងបានចូលរួមគ្នាជាក្រុម ឬជាសមាគមរបស់គេរៀងៗខ្លួន ដើម្បីធ្វើការហ្វឹកហាត់ និងបង្កើតជាកម្មវិធីនានាក្នុងគោលដៅមនុស្សធម៌ និងការផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃការជិះកង់ចំពោះសុខភាព មិត្តភាព និងសាមគ្គីភាពផងដែរ។ ក្នុងនោះដែរការជិះកង់ឡើងភ្នំឬ Mountain Bike ដែលជាការប្រណាំងដ៏សែនពិបាកដោយសារផ្លូវតូចចង្អៀតនៅក្នុងព្រៃតាមចង្កេះភ្នំឡើងចុះចំណោទភ្នំកាត់តាមផ្ទាំងថ្មពោរពេញដោយឧបសគ្គប៉ុន្តែបានក្លាយជាទីពេញនិយមចូលចិត្តសម្រាប់កីឡាករប្រណាំងកង់ជាច្រើននៅកម្ពុជា។ ជាមួយនឹងទីតាំងដ៏អំណោយផល និងនៅមិនឆ្ងាយពីទីក្រុងផងនោះភ្នំប្រសិទ្ធិ៍ បានក្លាយជាទីកន្លែងដ៏ស័ក្តិសមមួយសម្រាប់ការប្រកួតប្រណាំងកង់ឡើងភ្នំក៏ដូចជាសម្រាប់ការហ្វឹកហាត់របស់កីឡាករ និងអ្នកចូលចិត្តកីឡាប្រភេទនេះផងដែរ។

កីឡាករ ជា រិទ្ធី អាយុ ១៨ឆ្នាំ មកពីក្រុម  Flying Bike បានលើកឡើងថា៖ «វាជាការលាយចូលគ្នារវាងការកម្សាន្តផង និងការប្រកួតប្រជែងគ្នាផងហើយទីនេះ (ភ្នំប្រសិទ្ធិ៍) គឺមានភាពអំណោយផលល្អជាងទីកន្លែងផ្សេងៗ ព្រោះវាមានផ្លូវខ្វាត់ខ្វែងច្រើនព្រមទាំងមានកន្លែងពិបាកៗច្រើន»។​ ប្អូនប្រុសក៏បានបន្តទៀតថា៖ «ការប្រណាំងកង់ផ្លូវភ្នំមិនមែនជារឿងងាយស្រួលនោះទេប្រសិនណាយើងមិនធ្លាប់បានហ្វឹកហាត់និងយល់ដឹងពីបច្ចេកទេសនៅលើផ្លូវដ៏លំបាកនេះ​។ ចំពោះរូបខ្ញុំបានហាត់ជិះកង់នេះរយៈពេល៣ ឆ្នាំមកហើយ និងបានចូលរួមការប្រណាំងជាច្រើនលើកច្រើនសារហើយដែរយ៉ាងណាក៏ដោយការហ្វឹកហាត់ជាកត្តាដែលមិនអាចមើលរំលងបានឡើយរបស់កីឡាករម្នាក់ៗ​មិនថាកីឡាជិះកង់នោះទេ តួយ៉ាងដូចជារូបខ្ញុំ អ៊ីចឹងគឺត្រូវហាត់តាំងពីព្រលឹមម៉ោង ៥ រហូតដល់ម៉ោង ៩ព្រឹក ដោយជិះកង់ពីភ្នំពេញ ទៅភ្នំប្រសិទ្ធិ៍ជាមួយក្រុមជារៀងរាល់ថ្ងៃ លើកលែងពេលរវល់ដូចជាពេលចូលរៀនជាដើម។» ជាការពិតណាស់ក្រៅពីមានភាពលំបាកច្រើនកីឡាមួយនេះក៏ទាមទារឲ្យមានការវៃឆ្លាត និងចេះបត់បែនទៅតាមស្ថានភាពនៃទីតាំងប្រកួតថែមទៀតផង លើសពីនេះការហ្វឹកហាត់គឺជាគន្លឹះជោគជ័យមួយដ៏ចាំបាច់បំផុត។

ដូចគ្នានេះផងដែរកីឡាការិនី ធួន ស្រីអូន ដែលកំពុងតែលាបក្រែមការពារកម្តៅថ្ងៃ និងសត្វល្អិតផងនោះបានបញ្ជាក់ផងដែរថា៖ «កីឡាប្រណាំងកង់នេះ មើលទៅវាគួរឲ្យសប្បាយ និងមួយវិញទៀតក៏ដើម្បីសុខភាពដែរ ខ្ញុំ​បានចាប់អាជីពជាកីឡាការិនីប្រណាំងកង់នេះអស់រយៈពេលជាង ២ឆ្នាំមកហើយក្រៅពីលំបាកពេលខ្លះវាក៏អាចប៉ះពាល់ដល់សម្រស់របស់យើងផងដែរ(សើច)។» សូមបញ្ជាក់ថាក្រៅពីជាកីឡាការិនីប្រណាំងកង់ដ៏វ័យក្មេងមួយរូប ស្រីអូន ក៏ជាសិស្សកំពុងសិក្សាថ្នាក់ទី១២ផងដែរដូច្នេះការបែកចែកពេលវេលាហ្វឹកហាត់ឲ្យបានច្បាស់លាស់គឺជាកត្តាដ៏ចម្បងមួយ។ ក្នុងសម្តីមួយៗនាងបានរៀបរាប់ថា៖ »ពេលព្រឹកខ្ញុំងើបពីម៉ោង ៤ ដោយជិះកង់ រហូតដល់ម៉ោង៦ ទើបបានត្រលប់មកផ្ទះ ហើយរៀបចំទៅរៀនតែម្តង។ ប៉ុន្តែការហ្វឹកហាត់របស់យើងនឹងនឹងកាន់តែប្រសើរប្រសិនបើយើងអាចហាត់នៅទីនេះតែម្តងនោះ ព្រោះខ្ញុំយល់ថានៅទីនេះមានអំណោយផលល្អក្នុងការប្រកួត ដោយសារវាមានឧបសគ្គច្រើនជាងកន្លែងផ្សេងៗដែលនេះជាការចង់បានរបស់អ្នកប្រណាំងកង់ឡើងភ្នំទាំងអស់។»

ក្នុងនាមជាអ្នកជំនាញមួយរូប លោកអ៊ុំ វ៉ាន់ ថន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះថា៖ «វាពិតជាការប្រសើរមួយដែលក្មេងៗមានការចាប់អារម្មណ៍ចំពោះកីឡាប្រភេទនេះហេតុនេះហើយទើបការប្រណាំងកង់ផ្លូវភ្នំ (Mountain Bike) ត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិទិនរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានតែម្តង។ ក្រៅពីកម្មវិធីនេះសហព័ន្ធក៏បានរៀបចំឲ្យមានព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរដូចជាការប្រណាំងកង់ផ្លូវរាប (Road Bike) កាលពីដើមឆ្នាំនេះក្នុងអំឡុងខែកុម្ភៈ និងមីនា ដោយយើងបានរៀបចំនៅជុំវិញបឹងទន្លេសាប និងមាន ៦ ចម្ងាយក្នុងប្រវែងផ្លូវសរុប ៦០០ គីឡូម៉ែត្រ និងបន្តទៀតយើងបានរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិផងដែរ។»។

លោកអគ្គលេខាធិការបានមានប្រសាសន៍បន្ថែមទៀតថា៖«ប្រសិនបើយើងសង្កេតមើលទៅឃើញថាកីឡាជិះកង់នៅកម្ពុជា​ហាក់មានការរីកចម្រើនមែនទែន ដោយពីមុនយើងមានសមាគមនិងក្រុមជិះកង់ប្រមាណតែ ១០ប៉ុណ្ណោះ តែឥលូវមានចំនួនកាន់តែច្រើនជាលំដាប់គិតត្រឹមពេលនេះមាន ២០ សមាគម-ក្រុមហើយ អ៊ីចឹងវាបានបង្ហាញពីការរីកចម្រើនព្រមទាំងការពេញនិយមច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងប្រភេទកីឡាជិះកង់នេះ។ រីឯចំនួនកីឡាករ-កីឡាការិនីវិញក៏បានកើនឡើងរហូតដោយចំពោះប្រភេទជិះកង់ផ្លូវរាប (Road Bike)  មានដល់ ១០០នាក់ហើយចំណែកឯប្រភេទកីឡាជិះកង់ផ្លូវភ្នំ(Mountain Bike) កើនឡើងរហូតដល់ ៥០០ ទៅ ៦០០ នាក់ឯណោះស្របពេលហ្នឹងដែរហាងកង់ជាច្រើនក៏ត្រូវបានបើកដើម្បីបំពេញតម្រូវការរបស់អ្នកនិយមកីឡាជិះកង់នេះ និងម្យ៉ាងវាក៏បានជួយដល់វិស័យកីឡាជិះកង់នៅកម្ពុជាដែរតួយ៉ាងដូចជាហាងកង់ Flying Bike ជាដើមដែលបាននាំចូលនូវប្រភេទកង់ជាច្រើនប្រភេទច្រើនបែបនិងសុទ្ធតែជាម៉ាកល្បីៗ។»

ក្នុងទឹកមុខញញឹមយ៉ាងស្រស់ស្រាយលោកអគ្គលេខាធិការបន្តថា៖ «ចំពោះខ្ញុំក្នុងនាមជាថ្នាក់ដឹកនាំមួយរូបក្នុងសហព័ន្ធ ខ្ញុំយល់ឃើញថាកីឡាប្រណាំងកង់នឹងមានការកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជាហើយយើងសង្ឃឹមថាកីឡាប្រណាំងកង់នេះនឹងមានការរីកចម្រើនថែមទៀតតាមរយៈការចូលរួមប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក និងសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំព្យាយាមហ្វឹកហាត់ អត់ធ្មត់ និងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីនាំយកមកនូវកេរ្តិ៍ឈ្មោះនិងកិត្តិយសជូនជាតិមាតុភូមិដូច្នេះយើងត្រូវប្រឹងប្រែងទាំងអស់គ្នា។»

ជាការពិតណាស់ដរាបណាមានការលើកទឹកចិត្តជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លានោះសកម្មភាពរបស់កីឡាករលើគ្រប់ប្រភេទកីឡាប្រាកដជាមានសន្ទុះកើនឡើងជាក់ជាមិនខាន។ ការលើកទឹកចិត្តនេះទៀតសោតក៏មិនអាចកាត់ផ្តាច់បានឡើយរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយសូម្បីតែនៅក្នុងកម្មវិធីប្រកួត MTB នាពេលកន្លងមកនេះយើងឃើញថាក្រៅពីហាង Flying Bike ក៏នៅមានដៃគូជាច្រើនទៀតដោយរួមមានទាំងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart Axiata ផងដែរ៕

IMG_2265

Mountain Bike

Mountain Bike1

Mountain Bike2

Mountain Bike3

 

បទយកការណ៍ដោយ៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ